ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងជំនួបជាមួយនឹងអ្នកសារព័ត៌មានជិត ៥ ០០០ នាក់ នៅល្ងាចថ្ងៃទី ១៤ មករានេះថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានគឺនឹងចេញនៅអាណត្តិទី៧ នៅក្រោយការបោះឆ្នោតជាតិ ឬអាចថា វានឹងបញ្ចប់នៅចន្លោះឆ្នាំ២០២៤ ឬ ២០២៥។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការយឺតយ៉ាវនេះ វាមិនមែនតែរឿងដាច់ដោយឡែក បើយើងគ្រាន់តែប្រាប់សិទ្ធិរបស់រដ្ឋ សម្រាប់ការសម្រេច វាជាការងាយទេ។ វាអត់មានអីលំបាកទេ រដ្ឋមន្ត្រីធ្វើរួចហើយ បញ្ជូនមក គណៈរដ្ឋមន្ត្រីអនុម័តបញ្ជូនទៅសភាអនុម័ត ក៏ប៉ុន្តែយើងចង់ប្រមូលផ្តុំនូវមតិយោបល់ទាំងឡាយ ដើម្បីឱ្យចេញទៅទទួលបានផលប្រយោជន៍ទាំងអស់គ្នា»។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា គេសង្កេតឃើញថា អង្គការក្រៅរដ្ឋាភិបាលខ្លះបានធ្វើការទាមទារជ្រុលហួសហេតុ។ ការទាមទារហួសហេតុនោះហើយ ដែលទាមទារឱ្យរដ្ឋមន្ត្រីធ្វើការសម្របសម្រួល។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖«ឥឡូវនេះ ច្បាប់នេះក៏កំពុងតែដំណើរការ នៅក្នុងការពិភាក្សាទាក់ទងនឹងបទល្មើស ដែលត្រូវគាំទ្រដោយក្រសួងយុត្តិធម៌»។
ទាក់ទងទៅនឹងការសំណើរបស់សង្គមស៊ីវិលនេះដែរ ក្រសួងព័ត៌មានក៏បានធ្វើការឆ្លើយតបផងដែរនៅថ្ងៃទី១៤ខែមករានេះ។
ក្រសួងព័ត៌មានថា ក្រសួងនៅតែបន្តធ្វើការរបស់ខ្លួនលើការរៀបចំបញ្ចប់លើខ្លឹមសារ និងនីតិវិធីផ្សេងៗ ដើម្បីស្នើសុំការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះទៅតាមនីតិវិធីផងដែរ។
ក្រសួងបានបញ្ជាក់ថា៖«ពេលបច្ចុប្បន្ន ក្រុមការងារបច្ចេកទេសនៃក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ បានបញ្ចប់នូវការប្រជុំពិគ្រោះយោបល់លើជំពូក ទោសបញ្ញត្តិរួចហើយ ប៉ុន្ដែនៅមានចំណុចសេសសល់តិចតួច ដែលត្រូវស្នើសុំការសម្រេចពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ ហើយក្រសួងក៏កំពុងពិនិត្យលើមតិយោបល់មួយចំនួនលើសេចក្តីព្រាងច្បាប់នេះរបស់ភាគីពាក់ព័ន្ធផងដែរ»៕