ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ប្រព័ន្ធ​ព័ត៌មាន ធ្វើការ​ផ្សព្វផ្សាយ​ពី​ព័ត៌មាន​អប់រំ ឱ្យ​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​​ ១៩ និង​អនុវត្ត​វិធានការ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ខណៈដែល​កូ​វីដ ១៩ មិនទាន់​ដល់ទី​បញ្ចប់​របស់​វា​នៅឡើយ​។​

​លោក​បានលើកឡើង​ដូចនេះ កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែមករា ក្នុងជំនួប​ជាមួយនឹង​អ្នក​សារព័ត៌​មាន​ជិត ៥ ០០០​នាក់ ដែលជា​ជំនួប​លើក​ទី​ ៥ បន្ទាប់ពី​អាក់ខាន ដោយសារ​កូ​វីដ​ ១៩ រយៈពេល ២​ ឆ្នាំកន្លងមក​។

លោក ហ៊ុន សែន មានប្រសាសន៍ថា​៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​គ្រប់​បណ្តាសារ​ព័ត៌មាន​ប​ន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ទៅលើ​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​វិធានការ​សុខាភិបាល ហើយ​ការទទួលយក​វ៉ាក់សាំង​ដែលជា​កិច្ច​ការដែល​យើង​ត្រូវធ្វើ​បន្ត ដែល​ពេលនេះ​អូ​មី​ក្រុង​បាន​បំប្លែង​ទៅជា​ប្រភេទ​ថ្មី XBB ផងដែរ​»​។

​មិនមែន​តែ​ផ្តោតលើ​មេរោគ​កូ​វីដ​ ១៩​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅពេល​ដែលមាន​ជំងឺ​ផ្សេងៗ​កើតឡើង ត្រូវ​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​ណាមួយ​ដែល​គួរតែ​ត្រូវបានធ្វើ ដោយ​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​ចេះ​ការពារ​ខ្លួន​។

​ទន្ទឹមនឹង​នោះដែរ លោក​ហ៊ុន សែន ក៏បាន​បង្ហាញ​នូវ​មោទនភាព​ខ្ពស់​ចំពោះ​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​ដោយ​លោក​បានផ្តល់​តម្លៃ​ខ្ពស់​ដែល​បាន​ចូលរួម​ជា​មួយ​នឹង​រដ្ឋាភិបាល​ទៅលើ​យុទ្ធ​នា​ការប្រឆាំង​ជាមួយនឹង​មេរោគ​កូ​វីដ ១៩ ​ដែល​អ្នកសារព័ត៌មាន​បាន​ចូលរួម​យ៉ាងសកម្ម ហើយ​អ្នកសារព័ត៌មាន​ក៏បាន​ទទួល​ជា​អ្នក​ជួរមុខ​ដែលមាន​អាទិភាព​ក្នុង​ការទទួល​បានការ​ចាក់​វ៉ា​ក់​សាំង​កូ​វីដ​ ១៩ ​ផងដែរ​។​

​លោក​ថ្លែងថា ៖ «​ផល​ប្រ​យោ​ជន៍​ដែល​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទទួលបាន​មកវិញ គឺ​នៅត្រង់ថា វិធានការ​សុខា​ភិ​បាល​ក៏ដូចជា​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​មេរោគ​កូ​វីដ​ ១៩​ នេះ ត្រូវបាន​ផ្សព្វផ្សាយ​ពេញលេញ ដែល​ចំណុច​នេះ គឺជា​ចំណុច​មួយ​ដែល​ខ្ញុំ​សុំ​ផ្តល់​កិត្តិយស​ជូន​អ្នកសារព័ត៌មាន​របស់​យើង​ដែល​បានរួម​ចំណែក​ធ្វើ​កិច្ចការ​ដ៏​ល្អ​មួយ​នេះ​»​។​

​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩​ នេះដែរ លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នាពេល​លោកស្រី​ចុះ​ពិនិត្យ​វឌ្ឍនភាព​ចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ នៅ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី​ ១៣ ខែមករា ថា អ្វីដែល​ក្រសួង​នៅតែ​ផ្តោត​សំខាន់​គឺ​ក្រុម​គោលដៅ​ដែលមាន​ក្រុម​ជួរមុខ ក្រុម​វ័យចាស់ និង​ក្រុម​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​អ្នកមាន​ប្រព័ន្ធ​ការពារ​ខ្សោយ ក្រុម​អាជីវករ​តាម​ទីផ្សារ និង​ចុងក្រោយ​ក្រុមសិស្ស​-​និស្សិត​។

​លោកស្រីបាន​នៅតែ​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩ ​ឱ្យបាន​គ្រប់ៗ​គ្នា ជាពិសេស​ដូ​ស​ជំរុញ ទាំង​ដូ​ស​ទី​៣ ទី​៤ ទី​៥ និង​ទី​៦​។

​លោក​​ស្រី ឱ វណ្ណឌី​ន មានប្រសាសន៍ថា ៖ «​ប្រសិនបើ​អង់ទីគ័រ​នៅក្នុង​រាងកាយ​គាត់​ធ្លាក់ចុះ នោះ​សរី​​រា​ង្គ​របស់គាត់​ងាយស្រួល​នឹង​ទទួលយក​ពេញទំហឹង​ក្នុងការ​​ទទួលយក​ពី​វីរុស​កូ​វីដ​ ១៩ ជា​ពិសេស​នៅពេល​ពពួក​វីរុស​បំប្លែង​ខ្លួន​បន្តទៀត ជាពិសេស​ XBB និង XBB.1.5​ ដែល​ពិភពលោក​ក៏​កំពុង​មានការ​ព្រួយ​ដែល វា​ក៏​កំពុងតែ​រីក​រាលដាល​ច្រើន​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ផងដែរ​»​។​

​បើតាម​លោកស្រី ឱ វណ្ណឌី​ន យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ មាន​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទាំងអស់ ដែលជា​យុទ្ធនាការ​មួយ​បង្ការ និង​ត្រៀមខ្លួន​មុន​ឱ្យ​រួចជាស្រេច​ដើម្បី​ទប់ទល់​ជាមួយនឹង​ពពួក​ XBB ឬ ​XBB.1.5​។​

​លោកស្រី​ថា៖ «​ក្នុងពេលដែល​យើង​រៀន​រស់​ជាមួយនឹង​កូ​វីដ​ ១៩ មិនមែន​យើង​តែ​បណ្តោយ​ខ្លួន​ឱ្យ​ឆ្លង​នោះទេ ប៉ុន្តែ​ត្រូវតែ​បន្ត​ការ​ការពារ​ជាប់​ជាប្រចាំ ដោយ​មិនត្រូវ​មើលស្រាល​លើ​ការវាយលុក​ពី​មេរោគ​កូ​វីដ​ ១៩ ​នោះឡើយ​»​។​

​បើតាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ​ ២០២៣ លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ ​លាន នាក់ មាន ៩៥,៣១%៕