ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ​(ស៊ីម៉ាក់) ​ឬ CMAC ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ​(JICA) ​នា​ថ្ងៃទី​ ១៦ ​ខែមករា ​បានប្រកាស​បើក​វគ្គ​ហ្វឹកហ្វឺន​ពី​បច្ចេកវិទ្យា​បោសសម្អាត​គ្រាប់មីន​ដល់​មន្ត្រី​ជំនាញ​អ៊ុយ​ក្រែន ​ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​មីន ​ខេត្តកំពង់ឆ្នាំង​។​

លោក​ហេង រតនា ​អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ ​និង​លោក ​Nozomu Yamashita ​ប្រធាន​នាយកដ្ឋាន​អភិបាលកិច្ច ​និង​កសាង​សន្តិភាព ​នៅ​ទីស្នាក់ការ​ JICA ​ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន ​ព្រមទាំង​លោក​ Vladyslav Fedortsov ​តំណាង​មជ្ឈមណ្ឌល​អន្តរ​តំបន់​បោសសម្អាត​មីន​មនុស្សធម៌ ​និង​ការឆ្លើយតប​គ្រាអាសន្ន ​(SESU) ​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន​ដល់​អង្គភាព​ផ្តល់​សេវាកម្ម​រដ្ឋ ​ក្នុង​គ្រាអាសន្ន ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែន​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន ​តាមរយៈ ​JICA​។​

លោក ​ហេង រតនា ​ថ្លែង​ក្នុង​ពិធី​នេះ​ថា ​ទោះបីជា​សង្គ្រាមរ៉ាំរ៉ៃ​នៅ​កម្ពុជា​បានបញ្ចប់​តាំងពី​ចុងឆ្នាំ​ ១៩៩៨ ​ក៏ដោយ ​ប៉ុន្តែ​កេរដំណែល​នៃ​សង្គ្រាម​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម ​ការបែកបាក់​គ្រួសារ ​និង​សហគមន៍​ ព្រមទាំង​បំផ្លិចបំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត ​ជាពិសេស​បន្សល់ទុក​នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដូចជា​គ្រាប់មីន ​និង​គ្រាប់​មិនទាន់​ផ្ទុះ​រាប់លាន​គ្រាប់​ដែលជា​ឃាតករ​លាក់​មុខ​នៅ​រាយប៉ាយ​ពាសពេញ​ប្រទេស​កម្ពុជា​ និង​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រជាជន ​និង​រដ្ឋាភិបាល​។​

​លោក​ថ្លែងថា​៖ «ខ្ញុំ​បាទ​សូម​គោរព​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​សម្តេច​តេ​ជោ​[ហ៊ុន សែន]​ ដែល​បាន​អនុញ្ញាតឱ្យ​អង្គភាព​ស៊ីម៉ាក់​ផ្តល់​ការហ្វឹកហ្វឺន​ជំនាញ​បច្ចេក​វិទ្យា​ឧបករណ៍​បោសសម្អាត​មីន ​ដល់​មន្ត្រី​ជំនាញ​សកម្មភាព​មីន​របស់​អ៊ុយ​ក្រែន ​និង​សូម​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​ជប៉ុន​ ជាពិសេស​ថ្នាក់ដឹកនាំ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន ​(JICA) ​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុងការ​បង្កើត​វគ្គ​ហ្វឹកហ្វឺន​នេះ»។​

គួរ​បញ្ជាក់ថា ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ​កាលពី​ខែវិច្ឆិកា ​ឆ្នាំ​២០២២ ​នៅ​រាជធានី​ភ្នំពេញ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក​ Kishida Fumio ​បាន​ពិភាក្សា ​និង​ឯកភាពគ្នា​ដោយ​ប្តេជ្ញាចិត្ត​ក្នុង​ការគាំទ្រ​សកម្មភាព​មីន​មនុស្សធម៌​នៅ​អ៊ុយ​ក្រែន​។​

​ក្រោយ​ការប្តេជ្ញាចិត្ត​នៃ​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​អង្គភាព ​CMAC ​នឹង​រៀបចំ​ការហ្វឹកហ្វឺន​ជូន​មន្ត្រី​ជំនាញ​សកម្មភាព​មីន​នៃ​អង្គភាព ​SESU ​នៅ​កម្ពុជា ​ក្នុង​ខែមករា ​ឆ្នាំ​ ២០២៣ ​លើ​ការប្រើប្រាស់​សម្ភារ​បច្ចេក​ទេស​បោសសម្អាត​មីន ​ជាពិសេស​ឧបករណ៍​រាវ​មីន​ប្រភេទ ​ALIS ​ផលិត​នៅ​ប្រទេស​ជប៉ុន​។​

​ស៊ីម៉ាក់​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​១៣​ ខែមករា​ ថា​ បញ្ហា​គ្រាប់មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដោយសារ​សង្គ្រាម​នៅលើ​ទឹកដី​នៃ​ប្រទេស​អ៊ុយ​ក្រែន ​បាន​និងកំពុង​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជន​ស៊ីវិល ​ហើយក៏​ជា​ឧបសគ្គ​ចំពោះ​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដែល​មាន​បំណង​វិល​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគាត់​វិញ​។

ស៊ីម៉ាក់​បញ្ជាក់ថា ​កិច្ចការ​បោសសម្អាត​មីន ​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ជា​សកម្មភាព​មនុស្សធម៌​ដ៏​ចាំបាច់ ​និង​បន្ទាន់​ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ​និង​គាំទ្រ​ដល់​ដំណើរការ​ស្ដារ​ឡើង​វិញ ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ​និង​ដី ​សម្រាប់​ធ្វើ​កសិកម្ម​។

​ស៊ីម៉ាក់​បន្តថា​ កិច្ចការ​បោសសម្អាត​គ្រាប់មីន ​និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ​ក៏ដូចជា​ការកសាង​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​សុខ​សុវត្ថិភាព​ និង​ការស្តារ​ជីវភាព​រស់នៅ​ឡើងវិញ​ត្រូវការ​ពេលវេលា​យូរ ​និង​ទាមទារ​ភាព​អត់ធ្មត់​៕