ភ្នំពេញៈ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យទឹកស្អាត បានបង្ហាញនូវសុទិដ្ឋិនិយមលើសេចក្ដីព្រាងច្បាប់ «ការគ្រប់គ្រងទឹកស្អាត» ដែលទើបតែត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត កាលពីថ្ងៃទី ១៣ ខែមករា ដោយសង្ឃឹមថា វិស័យទឹកស្អាតកម្ពុជាអាចនឹងមានការអភិវឌ្ឍខ្លាំងថែមទៀត ក្រោយពីច្បាប់នេះត្រូវបានដាក់ឱ្យប្រើប្រាស់។
លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្ហាញការគាំទ្រចំពោះការអនុម័តសេចក្ដីព្រាងច្បាប់នេះ ខណៈដែលកន្លងមក លោកក៏ធ្លាប់បានចូលរួមធ្វើសេចក្តីព្រាងច្បាប់នេះផងដែរ ឃើញថា ច្បាប់នេះគឺល្អ ព្រោះជួយជំរុញដល់ការផ្ដល់សេវាកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន កាន់តែមានគុណភាព ដើម្បីផ្តល់សេវាសាធារណៈចាំបាច់មួយ ក្នុងការទ្រទ្រង់សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ។
លោកក៏ស្នើឱ្យមន្ទីរ ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា អនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ និងធានាដល់ប្រយោជន៍ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា ៖«កន្លងមកការផ្គត់ផ្គង់ទឹកស្អាតពីសំណាក់អាជីវករមួយចំនួន ផលិតទឹកមិនបានត្រឹមត្រូវ និងមិនបានគោរពតាមគោលការណ៍ក្រសួង និងមានអាជីវកម្មមួយចំនួន ក៏ទទួលរងការបំពានពីអ្នកដែលមានអំណាចធំមកលើអាជីវកម្មរបស់ពួកគាត់ជាដើម ហេតុនេះលោកសង្ឃឹមថា ច្បាប់នេះនឹងជួយការគ្រប់គ្រងទឹកស្អាតកាន់តែមានគុណភាព»។
ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់គ្រប់គ្រងទឹកស្អាតនេះដែរ ខណៈកន្លងមកកម្ពុជាមានតែគោលនយោបាយទឹកស្អាតប៉ុណ្ណោះ។ លោកថ្លែងថា តាមរយៈច្បាប់នេះនឹងធ្វើឱ្យការគ្រប់គ្រង និងអនុវត្តលើវិស័យទឹកស្អាតបានច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងក្នុងកិច្ចប្រជុំ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ រដ្ឋាភិបាលចាត់ទុក ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសម្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពី១ឆ្នាំទៅ១ឆ្នាំ។
បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រក្នុងជំហានដំបូង ពីទីភា្នក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
លោក ផៃ ស៊ីផាន បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ នឹងឆ្លើយតបក្នុងបរិបទនៃការរីកចម្រើនរបស់សង្គម ដោយការផ្គត់ផ្គង់ទឹកស្អាត ទាមទារឱ្យមាននូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោល៤យ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល។
ទោះជាយ៉ាងណាក្ដី សេចក្ដីព្រាងច្បាប់នេះត្រូវឆ្លងកាត់ដំណាក់កាលដេញដោលនៅរដ្ឋសភា និងនៅព្រឹទ្ធសភាបន្តទៀត ខណៈដែលកាលបរិច្ឆេទនៃសម័យប្រជុំរដ្ឋសភាដើម្បីធ្វើការពិភាក្សាលើសេចក្ដីព្រាងច្បាប់នេះមិនទាន់ត្រូវបានកំណត់នៅឡើយ៕