ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដោយបានផ្សព្វផ្សាយប្រតិទិន នៃការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលបង្កើតថ្មីក្នុងឆ្នាំ ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គជប នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាក្រុងដែលទើបបង្កើតថ្មី មានក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល។ ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
សេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នេះ អ្នកដែលមានសិទ្ធិបោះឆ្នោតបាន គឺមានតែសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងដែលស្ថិតនៅក្នុងក្រុង ស្រុក ខណ្ឌនោះប៉ុណ្ណោះ»។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាទាំងនេះ។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ថ្លែងថា អង្គការរបស់លោក មិនទាន់សម្រេចចិត្តក្នុងការចូលរួមដាក់ភ្នាក់ងាររបស់ខ្លួនសម្រាប់ការបោះឆ្នោតនេះទេ ប៉ុន្តែ កន្លងមក ធ្លាប់បានចូលរួមដាក់ភ្នាក់ងារអ្នកសង្កេតការណ៍ជាហូរហែមកហើយ។
លោកបន្តថា៖ «ខុមហ្វ្រែលជួយដល់ការបណ្តុះបណ្តាលលើផ្នែកសង្កេតការណ៍បោះឆ្នោតទៅដល់គណបក្សនយោបាយណាដែលមានការស្នើសុំដើម្បីជំរុញឱ្យដំណើរការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យចំនួន៤ ដោយបង្កើតក្រុងអរិយក្សត្រ និងក្រុងសំពៅពូន នៃខេត្តកណ្តាល បង្កើតស្រុកអូរគ្រៀងសែនជ័យ នៃ ខេត្តក្រចេះ និងបំបែកស្រុកឧដុង្គ នៃខេត្តកំពង់ស្ពឺជា២ គឺក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ៕