ភ្នំពេញ: វិទ្យាស្ថានតេជោសែន នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសផ្ដល់អាហារូបករណ៍រាប់រយកន្លែង ដល់សិស្សានុសិស្សទើបបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិឆ្នាំសិក្សា ២០២២ កន្លងទៅ។
វិទ្យាស្ថានតេជោសែនបានរៀបចំកម្មវិធី TSI Open Day កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្សអំពីជំនាញសិក្សានៅវិទ្យាស្ថានជាមួយឱកាសអាហារូបករណ៍ ៥០ ភាគរយ សម្រាប់សិស្សស្រី និង ១០០ ភាគរយសម្រាប់សិស្សានុសិស្សដែលទទួលបានពិន្ទុខ្ពស់ជាងគេ ៥០ នាក់។
យោងតាមក្រសួងសាធារណការបានឱ្យដឹងថា លោក ហឿន សំនៀង នាយកវិទ្យាស្ថាន មានការតាំងចិត្តខ្ពស់ក្នុងការផ្ដល់ការបណ្តុះបណ្តាលដែលមានជំនាញច្បាស់លាស់ចំណេះដឹងទូលំទូលាយដែលអាចធ្វើការជាមួយអ្នកដទៃបានព្រមទាំងមានសីលធម៌អត្តចរិតនិងគុណតម្លៃខ្ពស់ក្នុងឋានៈជាអ្នកបន្តវេនដ៏មានសក្តានុពលប្រកបដោយស្មារតីទទួលខុសត្រូវចំពោះវាសនាអនាគតរបស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដឹកជញ្ជូននិងភ័ស្តុភាកម្ម។
លោកត្រូវបានស្រង់សម្ដីថា៖ «ដើម្បីអាចទទួលបានអាហារូបករណ៍ ១០០% ពីវិទ្យាស្ថានតេជោសែនសាធារណការ ត្រូវដាក់ពាក្យប្រឡងចូលជានិស្សិតជំនាន់ទី៣តាមប្រព័ន្ធអនឡាញ»។
សូមចូលទៅកាន់ក្រុមតេឡេក្រាមប្រឡងជំនាន់ទី៣: https://t.me/tsipwt2023 សម្រាប់ការសាកសួរព័ត៌មានផ្សេងៗទាក់ទងនឹងការប្រឡងយកអាហារូបករណ៍។
មុខជំនាញចំនួន៦ដែលវិទ្យាស្ថានតេជោសែនសាធារណការ ផ្ដល់ជូនដល់សិស្សានុសិស្ស រួមមាន ១-ជំនាញសំណង់ផ្លូវថ្នល់ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ។ ២-ប្រព័ន្ធចម្រោះទឹកកខ្វក់។ ៣-សេដ្ឋកិច្ចនិងការគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក។ ៤-គ្រប់គ្រងភ័ស្តុភារកម្មនិងខ្សែចង្វាក់ផ្គត់ផ្គង់។ ៥-អ្នកបើកបរនាវា និង ៦-ម៉ាស៊ីននាវា។
យុវសិស្ស ចាន់ថន ម៉េងហាក់ ជាសិស្សបញ្ចប់ថ្នាក់ទុតិយភូមិនៅសាលាជំនាន់ថ្មី E2stem Education ប្រឡងជាប់និទ្ទេស D បានដាក់ពាក្យប្រឡងអាហារូបករណ៍នៅវិទ្យាស្ថានតេជោសែនសាធារណការនិងដឹកជញ្ជូនក្នុងមុខវិជ្ជាជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក។
ម៉េងហាក់បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «វាជាឱកាសដ៏ល្អមួយ ក្នុងការចាប់យកជំនាញមួយយ៉ាងជាក់លាក់សម្រាប់តម្រូវការនៃទីផ្សារការងារផង និងត្រូវតាមជំនាញដែលខ្ញុំស្រឡាញ់ផងដែរ។ ដោយក្រោយការបញ្ចប់ការសិក្សាជំនាញ សិស្សភាគច្រើនអាចចាប់យកឱកាសបម្រើការងារ ក្នុងក្រសួងសាធារណការផ្ទាល់តែម្ដង ជាពិសេសការប្រឡងយកអាហារូបករណ៍មួយនេះអាចជួយសម្រួលជីវភាពគ្រួសារខ្ញុំបានច្រើនណាស់»។
ការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយនេះជាតំណភ្ជាប់សម្រាប់បេក្ខជនមានបំណងចូលរួមប្រឡងដណ្ដើមយកអាហារូបករណ៍ទាំង ៦ មុខខាងលើ https://exam.tsipwt.edu.kh/#/auth/register ឬតាមទូរស័ព្ទ០៧៨ ២១០ ២២១។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានប្រកាសផ្តល់ «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» (Techo Digital Talent Scholarship) ថ្នាក់បរិញ្ញាបត្ររហូតដល់ ៥០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៣ នេះផងដែរ។
«អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ» ត្រូវបានផ្ដល់ជូនសិស្សានុសិស្សពីសំណាក់លោកនាយករដ្ឋមន្ដ្រីសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល តាំងពីឆ្នាំ ២០២០ តាមរយៈក្រសួងប្រៃសណីយ៍។
យោងតាមក្រសួងប្រៃសណីយ៍ឱ្យដឹងថា កម្មវិធីអាហារូបករណ៍នេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ដោយទទួលបានសិស្សចំនួន ២៥០ នាក់ ជ្រើសរើសចេញពីសិស្សឆ្នើមទូទាំងប្រទេស។
ក្រសួងបានបន្ដថា ដោយមើលឃើញអំពីភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោបានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលរហូតដល់ ៥០០ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន ៤ រួមមានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
កញ្ញាហេង សុខចេងអាយុ ២០ ឆ្នាំ ជានិស្សិតឆ្នាំទី២ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលទទួលភារកិច្ចជាអ្នកផ្ដល់ព័ត៌មានបានឱ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី ១៦ ខែមករា មានសិស្សានុសិស្សដាក់ពាក្យប្រឡងប្រមាណ ១ ពាន់នាក់រួចហើយ។
កញ្ញាបានឱ្យដឹងអំពីលក្ខខណ្ឌសម្រាប់បេក្ខជនថា៖ «បេក្ខជនបេក្ខនារីទាំងអស់ត្រូវឆ្លងកាត់ការប្រឡងប្រជែងដែលរៀបចំដោយគណៈកម្មការអាហារូបករណ៍ដោយត្រូវជាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២ ដែលមាននិទ្ទេសរួម A B ឬ C ក៏ដូចជាឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាគណិតវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ សិស្សដែលមានជីវភាពក្រីក្រមកពីជនបទដាច់ស្រយាល ជនមានពិការភាព និងសិស្សនារីត្រូវបានលើកទឹកចិត្ត»។
ទាក់ទងនឹងតួលេខបេក្ខជន ១ ពាន់នាក់នេះ អ្នកនាង សាយ សុភា មន្ដ្រីកម្មវិធីថ្នាក់មូលដ្ឋានបានឱ្យដឹងថានេះជាចំនួនបេក្ខជនដែលបាននិងកំពុងដាក់ពាក្យចូលរួមប្រឡងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ប៉ុណ្ណោះ។
អ្នកនាងបានឱ្យដឹងថា៖ «ចំណែកឯ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)ទទួលពាក្យបេក្ខជននិងធ្វើការរៀបចំប្រឡងជ្រើសរើសបេក្ខជនដោយខ្លួនឯង»។
អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ជូនដល់និស្សិតសម្រាប់សិក្សានៅគ្រឹះស្ថានឧត្តមសិក្សាដែលមានជំនាញដូចខាងក្រោម៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ទូរគមនាគមន៍និងបណ្តាញ (Telecoms and Networking) វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) និងធុរកិច្ចឌីជីថល (Digital Business)។
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផ្ដល់មុខវិជ្ជាវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) ទូរគមនាគមន៍និងអេឡិចត្រូនិក (Telecoms and Electronic)និងបច្ចេកវិទ្យាព័ត៌មាន (Information Technology)។
ចំណែកឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មានវិស្វករបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ (Information and Communication Engineering)អេឡិចត្រូនិកនិងទូរគមនាគមន៍ (Electronic and Telecoms)។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានបច្ចេកវិទ្យាក្លោដ (Cloud Computing)សន្តិសុខសាយប័រ (Cybersecurity) អភិវឌ្ឍន៍សូហ្វវែរ (Software Development) គ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management) បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology) និងសាកលវិទ្យាល័យជំនាញបច្ចេកវិទ្យាឌីជីថលជាច្រើនទៀត។
បេក្ខជនចុះឈ្មោះប្រឡងត្រូវធ្វើតាមប្រព័ន្ធអនឡាញ www.cadt.edu.kh/scholarship ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣៕