ព្រះវិហារៈ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ រកឃើញ បទល្មើសព្រៃឈើចំនួន ៧៣ ករណី ក្នុងរយៈពេល ៤ ថ្ងៃ បន្ទាប់ពីបានចុះស្រាវជ្រាវ និងឃ្លាំមើលស្ថានភាព តំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកជ័យសែន ប៉ុន្តែអ្នកនាំពាក្យក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពឃ្លាំមើលនេះ ជាការបំពានច្បាប់ ដើម្បី ធ្វើរបាយការណ៍បំភ្លៃ និងបំផ្លើស។
គិតចាប់ពីថ្ងៃទី ១២ ដល់ទី ១៥ មករា ឆ្នាំ ២០២៣ សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) ចំនួន ៣៣ នាក់បានចុះស្រាវជ្រាវស៊ើបអង្កេត និងឃ្លាំមើលស្ថានភាពព្រៃឡង់ ក្នុងភូមិសាស្ត្រឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ក្នុងបេសកកម្មរយៈពេល ៤ ថ្ងៃនេះ បណ្ដាញសហគមន៍ព្រៃឡង់ បានរកឃើញគល់ឈើដែលក្រុមជនល្មើសលួចចូលកាត់ចំនួន ៥៥ ករណី មុខកាត់ពីកន្លះម៉ែត្រ ទៅ ១ ម៉ែត្រ និងរកឃើញឈើអារច្រៀកមិនទាន់ដឹកចេញចំនួន ៩ ម៉ែត្រគុប (៣ ករណីធំៗ)។
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ ឱ្យដឹងថា បណ្ដាញសហគមន៍ព្រៃឡង់ក៏បានប្រទះឃើញករណីឈើអារជាក្ដារប្រវែង ៥ ម៉ែត្រចំនួន ៣,៧ ម៉ែត្រគុប ករណីឈើអារធ្វើឃ្នាបប្រវែង ៧ ម៉ែត្រចំនួន ៤,៤ ម៉ែត្រគុប ករណី ឈើអារផាងជាបន្ទះប្រវែង ២ ម៉ែត្រ ចំនួន ១ ម៉ែត្រគុប។ ឈើទាំងនោះជា ប្រភេទឈើចម្រុះ ដូចជា គគីរ ត្រាច តៀក ផ្ចឹក ឈើទាល និងឈ្លីក។
ក្រៅពីការរកឃើញក្រុមជនល្មើស ដែលលួចចូលទៅអារ និងដឹកឈើ ចំនួន ៨ នាក់ ឬ ៨ ករណី បណ្ដាញសហគមន៍ព្រៃឡង់ ក៏បានជួបប្រទះគោយន្តដឹកឈើចំនួន ២ គ្រឿង ឬ ២ ករណី និងរកឃើញប្រេងម៉ាស៊ូត និងសាំងចំនួន ៣ ប៊ីដុងធំ។ ក្រៅពីនេះក្រុមល្បាត ក៏បានរកឃើញសម្ភារ ដែលបម្រើដល់ការកាប់ឈើជាច្រើនទៀតផងដែរ។
លោកស្រី ថី ដែលជាសមាជិកម្នាក់ចូលរួមក្នុងការចុះល្បាតព្រៃរបស់បណ្ដាញសហគមន៍ព្រៃឡង់ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៦ មករា ថា សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានចុះល្បាតនៅចំណុចបុសរាំង ចំណុចក្បាលថ្លាន់ ចំណុចព្រៃដំណាក់កាល និងចំណុចភ្នំស្រឡៅ ស្ថិតក្នុងភូមិសាស្ត្រឃុំធ្មា និងឃុំរៀបរយ ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកអះអាងថា ក្រោយប្រទះឃើញបទល្មើសទាំងនេះ បណ្ដាញសហគមន៍ព្រៃឡង់ បានរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការបន្ត។ លោកក៏ស្នើឱ្យមានការចូលរួមឱ្យបានខ្លាំងក្លាបន្ថែមទៀតពីសំណាក់ មន្ត្រីមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ។
លោកស្រី ថី បញ្ជាក់ថា៖ «យើងពិតជាឃើញបទល្មើសព្រៃឈើមានច្រើនករណីមែន។ ប៉ុន្តែខ្ញុំបានរាយការណ៍ទៅឱ្យមន្ត្រីបរិស្ថានហើយ ឱ្យគេចុះមកត្រួតពិនិត្យ និងស៊ើបអង្កេតបន្ថែមទៀត។ យើងក៏មិនដឹងថា ពួកគាត់ទៅ ឬមិនទៅទេ ព្រោះខ្ញុំមើលចំណាត់ការ មន្ត្រីបរិស្ថានម្តងៗ គឺទៅមិនដែល ដល់ទីតាំងកាប់បំផ្លាញព្រៃឈើទេ។ ខ្ញុំឃើញថា នៅពេលដែលខ្ញុំរាយការណ៍ទៅហើយ ដាក់ទាំងចំណុចនិយាមកាទៀត តែពួក-គាត់ថា មិនដែលឃើញ»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី ១៦ មករា ចាត់ទុកសកម្មភាពរបស់ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ ជាអំពើបំពានច្បាប់ និងធ្វើរបាយការណ៍បំភ្លៃការពិត ដើម្បីទទួលបានជំនួយតែប៉ុណ្ណោះ។
ក្នុងនាមក្រសួងបរិស្ថាន លោកបញ្ជាក់សាជាថ្មីថា បទល្មើសធនធានធម្មជាតិខ្នាតធំលែងកើតមាន ទៀតហើយ ប៉ុន្តែនៅបទល្មើសខ្នាតតូចដែលកើតមាន។ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ បាននិងកំពុងបន្តអនុវត្តវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ ដោយបន្តអនុវត្តច្បាប់ និងវិធានការសេដ្ឋកិច្ចផ្តល់ជម្រើស មុខរបរ និងជំរុញការចិញ្ចឹមសត្វ ដាំបន្លែ ពង្រឹងសន្តិសុខស្បៀងសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងនាំចេញនៅនឹងកន្លែង។
លោកបញ្ជាក់ថា៖ «ក្រសួងបរិស្ថានគ្មានភាពចាំបាច់ត្រូវឆ្លើយតបនឹងរបាយការណ៍ណាមួយរបស់ក្រុមសកម្មជន នយោបាយជ្រកក្រោមស្លាកអ្នកការពារព្រៃឈើ បរិស្ថាននេះទេ ព្រោះបើពួកគេមិនខិតខំបំពានច្បាប់ និងលួចចងក្រងទិន្នន័យរបាយការណ៍ពីករណីព្រៃឈើនេះ នោះពួកគេនឹងគ្មានការងារធ្វើ និងគ្មានប្រាក់ចំណូលពីម្ចាស់ជំនួយពួកគេ»។
កាលពីឆ្នាំ ២០២២ ក្រសួងបរិស្ថានបង្ក្រាបបានបទល្មើសចំនួន ៥ ៣៧៦ ករណី រឹបអូសបានឈើជាង ១ ០០០ម៉ែត្រគុប និងដកហូតរណារយន្តចំនួន ២ ១០០ គ្រឿង។ លោកនេត្រ ភក្ត្រា អះអាងថា នេះគឺជាកិច្ចប្រឹងប្រែងរួមក្នុងការបង្ក្រាប បទល្មើសធនធានធម្មជាតិ។
លោកថា៖ «នេះគឺជាវិធានការជាក់ស្តែង ដែលក្រសួងបរិស្ថាន និង ស្ថាប័នពាក់ព័ន្ធខិតខំប្រឹងប្រែងធ្វើ និងការពារធនធានធម្មជាតិ។ ក្រុមសកម្មជននយោបាយជ្រកក្រោមសហគមន៍ទាំងនេះ គួរខ្មាសអៀនពលរដ្ឋខ្មែរដែលគោរពច្បាប់ ដែលពួកគេបន្តធ្វើសកម្មភាពបំពានច្បាប់ ធ្វើរបាយការណ៍បំភ្លៃបំផ្លើស ដើម្បីទទួលជំនួយ»៕
វីដេអូ៖