ភ្នំពេញៈ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សាទ បាន​ជំរុញ​ឱ្យ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ផ្តោតលើ​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ ដើម្បី​ផ្សារភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ការ​ប្រមូល​ចំណូល​ពី​ការបង្កើត​ពូជស្រូវ​ដែល​ទទួលបាន​ជោគជ័យ​។

​លោក​ថ្លែងថា​៖ «​ការស្រាវជ្រាវ​របស់​យើង​ត្រូវ​ផ្អែកទៅលើ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច ប្រសិន​ជាមាន​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច​យើង​ពន្យល់​ឱ្យគេ​ឃើញថា ជា​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នរណា​ក៏​ធ្វើ​ដែរ ណាស់​តែ​យើង​និយាយ​តែ​ប្រសិទ្ធភាព​បច្ចេកទេស ប៉ុន្តែ​ចុងក្រោយ​ទម្រាំ​ផលិត​បាន​វេទនា​ជាងគេ​ធ្វើ​ធម្មតា​»​។

​លោក ឌិ​ត ទីណា បាន​ថ្លែង​បែបនេះ នៅពេល​ជួប​សំណេះ​​សំ​ណា​ល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នៅ​ថ្ងៃ​ទី​ ១៦ ខែមករា ឆ្នាំ​ ២០២៣​។

​លោក​លើកឡើងថា ការធ្វើការ​​ងារ​តែ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដែលជា​ម្ចាស់ជំនួយ និង​ធ្វើ​តែ​ក្នុង​ក្រប​ខ័​ណ្ឌ​រដ្ឋ ទោះបី​ធ្វើ​១០​ឆ្នាំ​ទៀត​ក៏​នៅតែ​មិនមាន​អ្វី​លេចធ្លោ​ថ្មី​ដែរ​។ លោក​បាន​លើក​ជា​ឧទាហរណ៍​ថា បើ​រាប់​ចាប់ពីពេលនេះ​ទៅ​ថ្ងៃមុខ​៥​ឆ្នាំ​ទៀត អាច​បង្កើតបាន​ពូជស្រូវ​ថ្មី​ចំនួន​ ៥​ ទៀត​សួរថា តើ​មាន​អ្វី​កែប្រែ​ឱ្យមាន​ការធ្វើ​លើសពីនេះ​ដែរឬទេ​? នោះ​ប្រាកដជា​អត់​មាន​អ្វី​លើសពីនេះ ប៉ុន្តែ​សកម្ម​ភាព​ការងារ​នៅតែ​ធ្វើ​ដដែលៗ​។

​លោក​រដ្ឋមន្ត្រី​កសិកម្ម​បានលើកឡើង​ទៀតថា តាមរយៈ​ធន​ធាន​មនុស្ស បច្ចេកទេស និង​សមិទ្ធផល​ផ្សេងៗ​ដែល​អ្នក​វិទ្យា​សាស្ត្រ​នៅក្នុង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បានធ្វើ​ដោយ​ជោគជ័យ និង​កំពុង​បន្តធ្វើ​ទៀត​នោះ លោក​មាន​ជំនឿ​ជឿជាក់ថា វិទ្យាស្ថាន​មានលទ្ធភាព​ក្នុង​ការធ្វើការងារ​ជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​ផ្សេងៗ​ក្នុង​វិស័យ​កសិកម្ម ដើម្បី​រក​ចំណូល​ដោយ​ខ្លួនឯងបាន​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ដែលមាន​ចំណូល​ខ្លួនឯង​ហើយ​វា​អត់​មានការ​ពិបាក​ទេ រឿង​ការប្រកួតប្រជែង មិន​ចាំ​បាច់​រក​មន្ត្រីរាជការ​ចូលមក​ប្រើ​ក្របខ័ណ្ឌ​ដើម្បី​ទាក់​ទាញយកមក​ធ្វើ​ទេ​»​។

​លោក ឌិ​ត ទីណា ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ថា ត្រូវធ្វើ​គម្រោង​ឱ្យបាន​ច្បាស់​ជុំវិញ​ការថែរក្សា​ពូជ​ដំណាំ​កសិកម្ម ដោយ​បញ្ជាក់​ពី​តម្រូវការ​ចំៗ អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ហើយ​គម្រោង​ដែល​ធ្វើ​ហើយ​ត្រូវតែមាន​និរន្តរភាព​សេដ្ឋកិច្ច​។

​លោក អន ឈួន អនុប្រធាន​ការិយាល័យ​រុក្ខ​ជម្រើស​វិទ្យា នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បានឱ្យដឹងថា នៅ​ចុងឆ្នាំ ​២០២២ កន្លងទៅ ក្រសួងកសិកម្ម​តាមរយៈ វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​បញ្ចេញ​ពូជស្រូវ​ថ្មី​ ១ ​ប្រភេទ​ដែលជា​ប្រភេទ​ស្រូវស្រាល​ក្រអូប​មិន​ប្រកាន់​​រដូវ​មាន​ឈ្មោះថា ពូជ​ចំប៉ីស​ ៧០ ដែល​លេខ​ ៧០ ​នេះ តំណាងឱ្យ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អូស្ត្រាលី​ខួប​លើក​ទី​ ៧០​។

​លោក​ប្រាប់ថា ពូជ​ចំប៉ីស​ ៧០ បាន​ឆ្លងកាត់​ការ​បង្កាត់​ចេញពី​ផ្ការំដួល​ជាមួយនឹង​ពូជ CNI90-24 ដែល​ធ្វើការ​ជ្រើសរើស​ចាប់​តាំងពី​ពេល​បង្កាត់​រហូតដល់​បញ្ចេ​ញ​នេះ​ត្រូវ​ចំណាយពេល ​៩​ ឆ្នាំ ពោលគឺ​បង្កាត់​តាំងពី​ឆ្នាំ ២០១៣​។ ពូជស្រូវ​នេះ​ជា​ពូជ​ដែល​ដាំ​ដុះ​បាន​ផល​ក្នុង​រយៈពេល​ខ្លី​ចន្លោះពេល​ ៩០ ទៅ​ ៩៥ ​ថ្ងៃ​ដែល​អំណោយផល​ដល់​កសិករ ក្នុងការ​កាត់បន្ថយ​ការចំណាយ​ដូច​ជា​បូមទឹក និង​ការប្រើប្រាស់​ជី​ទាប​ជាង​ពូជ​ដែលមាន​អាយុកាល​វែង ហេតុនេះ​មាន​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​កសិករ​ផងដែរ​។

​អ្នកវិទ្យាសាស្ត្រ​រូបនេះ ឱ្យដឹងទៀតថា បច្ចុប្បន្ន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា កំពុង​ធ្វើ​ពូជ​គ្រឹះ​នៃ​ស្រូវ​ពូជ​ចំប៉ីស​ ៧០ ដើម្បី​ផ្គត់ផ្គង់​ទៅ​សហគមន៍ ដែល​សហគមន៍​អាច​ពិនិត្យ​ធ្វើជា​ពូជ​ចំណាត់​ថ្នាក់ក្រោម​នេះ​ទៀត ដូចជា​ពូជ​ចុះបញ្ជី និង​ពូជ​អនុញ្ញាត​វិញ្ញាបនបត្រ​បន្តបន្ទាប់​ទៀត​។

​លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​យើង​ពិនិត្យ​ពូជ​គ្រឹះ​ហើយ យើង​នឹង​ផ្គត់ផ្គង់​ពូជ​គ្រឹះ​នេះ ទៅ​សហគមន៍​ផលិត​ពូជ​បន្តទៀត ហើយ​ខាង​សហគមន៍ គាត់​ផលិត​ជា​ទ្រង់ទ្រាយ​ធំ បន្ទាប់មក​បានចេញ​ពី​សហគមន៍​ហ្នឹង​បាន​កសិករ​យកទៅ​ផលិត​ជា​អង្ករ​យើង​ហៅថា ជា​ស្រូវ​ចំណី ព្រោះ​យើង​អត់​អាច​យក​ពូជ​គ្រឹះ ទៅ​ផលិត​ជា​អង្ករ​បានទេ​»​។

​លោក អន ឈួន បញ្ជាក់ថា ពូជ​ចំប៉ីស​ ៧០ អាចធ្វើ​បាន​ពី ២ ​ទៅ ​៣​ ដង​ក្នុង ​១​ ឆ្នាំ​។ តាមរយៈ​ខ្សែចង្វាក់​ផលិតកម្ម​ពូជស្រូវ​ក្រ​អូ​ប​នេះ គឺអាច​ផ្គត់ផ្គង់​បាន​ពេញ​ ១ ​ឆ្នាំ ប៉ុន្តែ​រសជាតិ ចំប៉ីស​ ៧០ មិនអាច​ដូច​ឬ​ល្អ​ជាង​ផ្ការំដួល​បាន​នោះទេ តែ​ទោះយ៉ាងណា​ពូជស្រូវ​នេះ​មាន​លក្ខណៈ​ប្រហាក់​​ប្រហែល​គ្នា​ទៅនឹង​ស្រូវ​សែន​ក្រអូប​។ ការដាំដុះ​ពូជស្រូវ​ថ្មី​នេះ ប្រជាកសិករ​អាច​ទទួល​បាន​ទិន្ន​ផល​ប្រមាណ​ពី ៤​ តោន ទៅ ៤​ តោន​កន្លះ​ក្នុង​ ១​ ហិកតា​។ លោក​បញ្ជាក់​បន្ថែមថា ការដាំដុះ​ពូជ​​ស្រូវ​នេះ​នៅក្នុង​បរិស្ថាន​ផ្សេងៗ​គ្នា​គឺ​មិនមាន​ការប្រែប្រួល​ខ្លាំង​ទេ ពោលគឺ​ធន់​នឹង​អាកាសធាតុ​៕

វីដេអូ៖