ភ្នំពេញៈ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបេឡេត៍ ក្នុងខណ្ឌឫស្សីកែវ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបេឡេត៍ក្នុងខណ្ឌឫស្សីកែវ បានឈានដល់ការតភ្ជាប់តួស្ពាន ដែលពិធីតភ្ជាប់តួស្ពាននេះបានធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ពុង ឃាវសែ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖«ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាប ដែលមានទីតាំងនៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយគិតត្រឹមថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ការដ្ឋានសាងសង់សម្រេចបាន៩៣ភាគរយនៃគម្រោងទាំងមូល ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ»។
ពាក់ព័ន្ធនឹងគម្រោងស្ពាននេះដែរ លោក កែវ វិបុល ជាប្រជាពលរដ្ឋរស់នៅម្តុំឃ្លាំងសាំង ក្នុងខណ្ឌឫស្សីកែវ ក៏បានបង្ហាញការសប្បាយរីករាយចំពោះសមិទ្ធផលស្ពានថ្មីនេះ ដោយលោករំពឹងថា ស្ពាននេះនឹងជួយបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍ បង្កើនសោភណភាពរាជធានីភ្នំពេញ និងជំរុញឱ្យចរន្តអាជីវកម្មរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនថែម១កម្រិតទៀត។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា ក្រោយការស្ថាបនារួចរាល់ ស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរណ៍ក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នៅ ក្នុងឆ្នាំ២០២៣ នេះ។
ជាងនេះទៀត លោកថា ស្ពានថ្មី ១ ខ្សែនេះ ក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលមានកំណើនជារៀងរាល់ឆ្នាំថែមទៀត។
សូមរំឭកផងដែរថា ស្ពានបេតុង ១ ខ្សែនេះ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ កន្លងមក។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងដែរថា ស្ពានបេតុងខ្សែកាបនេះមានប្រវែង ៩២២ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង១,២៥ម៉ែត្រសងខាង,កម្ពស់សសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។
សសរសម្រាប់ព្យួរខ្សែកាបមានសសរចំនួន ៤, គន្លងខ្សែយានយន្តទទឹង ៣,៧៥ ម៉ែត្រ,គន្លងធ្វើចរាចរណ៍ ២ ខ្សែទៅ និង ២ ខ្សែមក, កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០,៥ ម៉ែត្រ ,កម្ពស់នាវាចរក្រោមស្ពាន អប្បបរមា នៅរដូវប្រាំង ២០,៥ ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេល ២៨ ខែ៕