
ទឹកជំនន់កំពុងហូរកួចតាមស្ទឹង នៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ នៅថ្ងៃទី១៧មករា។ រូបថត នគរបាល
កណ្តាលៈលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឱ្យដឹងថា មន្ទីរបានសម្រេចផ្អាករថយន្តដឹកទំនិញធុនធ្ងន់ ធ្វើចរាចរលើកំណាត់ផ្លូវមួយចំនួន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែមករា ដើម្បីបញ្ចៀសការខូចខាតកំណាត់ផ្លូវទាំងនេះ ប៉ុន្តែរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន អាចធ្វើចរាចរបានជាធម្មតា។
លោកបានលើកឡើងដូចនេះ តាមរយៈសេចក្តីជូនដំណឹង កាលពីថ្ងៃទី ១៦ ខែមករា ដោយបានបញ្ជាក់ពីកំណាត់ផ្លូវដែលផ្អាកមិនឱ្យរថយន្តដឹកទំនិញធុនធ្ងន់ធ្វើចរាចរទាំងនោះរួមមាន ផ្លូវជាតិលេខ ២ ផ្លូវជាតិលេខ ៣ ផ្លូវជាតិលេខ ២១ ផ្លូវលេខ ២០ ២០អា ២០បេ (១២០) និងផ្លូវលេខ ១ កាដេ ៩ (៣៤) ដែលកំណាត់ផ្លូវទាំងនេះស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ។
លោក ម៉ឺង យូឡេង បានឱ្យដឹងថា៖ «មន្ទីរបានសម្រេចការបិទចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ជាតិទាំងនេះ ដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចផ្លូវ ព្រមទាំងបាក់ដីច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន ដើម្បីបញ្ចៀសការខូចខាតកំណាត់ផ្លូវខាងលើ តែយើងអនុញ្ញាតឱ្យរថយន្តគ្រួសារ និងរថយន្តដឹកទំនិញក្រោម៥តោន អាចធ្វើចរាចរបានជាធម្មតា»។
ជាមួយគ្នានេះដែរ អភិបាលរងខេត្តកណ្ដាល លោក នូវប៉េង ច័ន្ទតារា ក៏បានឱ្យដឹងដែរថា ដោយសារភ្លៀងរដូវប្រាំង បានធ្លាក់មកយ៉ាងខ្លាំង ទើបជាហេតុមានទឹកជំនន់នៅតំបន់មួយចំនួនក្នុងខេត្តកណ្ដាល ប៉ុន្តែមកទល់ពេលនេះ ស្ថានភាពទឹកភ្លៀង មានការធូរស្បើយខ្លះហើយ។
លោកបានបន្តថា របាយការណ៍ជាបឋមកាលពីថ្ងៃទី ១៦ ខែមករា មានប្រជាពលរដ្ឋប្រមាណ២៧គ្រួសារ បានរងគ្រោះពីជំនន់ទឹកភ្លៀងរដូវប្រាំង និងបានទទួលការផ្ដល់អំណោយជាស្បៀងផងដែរ។
ក្រៅពីនេះក៏មានខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងខូតខាតដល់ដំណាំស្រូវរបស់កសិករផងដែរ ប៉ុន្តែទំហំខូតខាតប៉ុន្មានលោកមិនទាន់អាចបញ្ជាក់បានទេ ពីព្រោះខាងអាជ្ញាធរមិនទាន់បានធ្វើការបូកសរុប និងវាយតម្លៃនៅឡើយ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានឱ្យដឹងផងដែរ ចំពោះករណីបាក់ផ្ទះរបស់ប្រជាពលរដ្ឋចូលទៅក្នុងព្រែក នៅឃុំព្រែកជ្រៃ។
លោក នូវប៉េង ច័ន្ទតារា ថា ៖ «ករណីនេះ អាជ្ញាធរកំពុងដោះស្រាយ ដោយស្វែករកជម្រកបណ្ដោះអាសន្នឱ្យពួកគាត់ស្នាក់នៅ និងពិនិត្យមើលពីជីវភាពរបស់ពួកគាត់ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធរៀបចំក្នុងការឆ្លើយតបជាមួយបញ្ហា និងផលប៉ះពាល់របស់ពួកគាត់»។
ជាមួយគ្នានេះដែរ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ថា មកដល់ពេលនេះកម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀង នៅស្ទឹងព្រែកត្នោត បានស្រកចុះបណ្តើរៗហើយ ដែលនេះបង្ហាញថា ជាសញ្ញាណល្អឡើងវិញជាបណ្តើរៗ សម្រាប់ទីកន្លែងដែលរងការជន់លិច។
លោកបានឱ្យដឹងថា តាមតួលេខបឋមជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ខណ្ឌដង្កោ ដែលមានប្រមាណជាង ២០ ភូមិ ក្នុងនោះមាន ១០ សង្កាត់។
ប៉ុន្តែលិចច្រើនតែ ២ សង្កាត់ទេ គឺសង្កាត់គងនយ និងសង្កាត់សាក់សំពៅ។ ប៉ុន្តែលោកថា អាជ្ញាធរមិនទាន់ធ្វើការវាយតម្លៃបានពីទំហំខូចខាតទាំងស្រុងនោះទេ ដោយសារទឹកនៅទីតាំងនោះ មិនទាន់ស្រកទៅវិញដល់ភាពប្រក្រតីនៅឡើយ។
ចំណែកលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងយ៉ាងខ្លីថា ដោយសារទឹកភ្លៀង បានធ្លាក់មកយ៉ាងខ្លាំង ដែលហូរចូលស្ទឹងព្រែកត្នោត ទើបបង្កឱ្យមានការជន់លិចសាលាសង្កាត់ចំនួន ២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ២ សាលារៀនចំនួន ៣ វត្តអារាមចំនួន ២ និងមណ្ឌលសុខភាពចំនួន ១ និងបានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ០៩០ ខ្នង ស្មើនឹង ២ ២២៥ គ្រួសារ មានប្រជាពលរដ្ឋចំនួន ៩ ៥៤៥ នាក់ ក្នុងសង្កាត់ចំនួន ១០ ស្មើនឹង ៣១ ភូមិ៕