ភ្នំពេញៈ មេដឹកនាំកម្ពុជា-ម៉ាល់ឌីវ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែល ប្រទេសទាំង ២ គួរតែសហការគ្នា ឱ្យកាន់តែជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខរួម ខណៈកម្ពុជាចាត់ទុកប្រទេសម៉ាល់ឌីវ ជាដៃគូដ៏សំខាន់នៅក្នុងតំបន់។
ការឯកភាពគ្នានេះបានធ្វើឡើងក្នុងជំនួប កាលពីថ្ងៃទី ១៦ ខែមករា រវាងលោកអ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសលោក បំពេញទស្សនកិច្ចនៅប្រទេសនេះ ៣ ថ្ងៃ ពីថ្ងៃទី ១៥-១៧ ខែមករា។
ក្នុងជំនួបនាថ្ងៃនោះ មេដឹកនាំទាំង ២ បានពិនិត្យឡើងវិញពីទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោបាយថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ មេដឹកនាំទាំង ២ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមក។
សេចក្តីថ្លែងការណ៍រួមរវាងម៉ាល់ឌីវ និងកម្ពុជា នាថ្ងៃទី ១៦ ខែមករា បញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង ២ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការពហុភាគី រវាងម៉ាល់ឌីវ និងកម្ពុជា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំង ២ គួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិនានា រួមទាំងវេទិកាអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចាត់ទុកប្រទេសម៉ាល់ឌីវ ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់កម្ពុជានៅក្នុងតំបន់។ មេដឹកនាំទាំង ២ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេសរបស់ប្រទេសទាំង ២ ឱ្យបានឆាប់។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំទាំង ២ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំង ២»។
បើតាមប្រភពដដែល លោកសូលី បានសម្តែងនូវក្តីសង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់ម៉ាល់ឌីវ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងជំនួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី ១៦ មករា នោះដែរ លោក Abdulla Shahid រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាល់ឌីវ អះអាង សាជាថ្មីពីទស្សនៈរបស់រដ្ឋាភិបាលម៉ាល់ឌីវ ថា ប្រទេសទាំង ២ អាចបន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគ្រប់វិស័យនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជា តំបន់ និងអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃក្រសួងការបរទេសម៉ាល់ឌីវ ក្រោយជំនួបនេះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «លោក Shahid ក៏បានកត់សម្គាល់ផងដែរថា ប្រទេសម៉ាល់ឌីវ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តលទ្ធផល ដែលបានព្រមព្រៀង ដោយមេដឹកនាំទាំង ២ ក្នុងអំឡុងពេលកិច្ចពិភាក្សាផ្លូវការ ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមករា នៅការិយាល័យប្រធានាធិបតីម៉ាល់ឌីវ»។
ក្នុងជំនួបនាពេលនោះដែរ លោក Faisal Naseem អនុប្រធានាធិបតីម៉ាល់ឌីវ និងលោកហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពិភាក្សាពីបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេស ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់នៅកម្រិត ទ្វេភាគី និងពហុភាគី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ការិយាល័យប្រធានាធិបតីម៉ាល់ឌីវក្រោយជំនួបនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក Naseem បានបង្ហាញជំនឿថា ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ គឺមានសារៈសំខាន់ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី។ លោកក៏បានបង្ហាញទំនុកចិត្តថា កិច្ចពិភាក្សាផ្លូវការដែលបានបិទបញ្ចប់រវាងប្រទេសទាំង ២ ទទួលបានលទ្ធផល ផ្លែផ្កា និងបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង រវាងប្រទេសម៉ាល់ឌីវ និងកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «អនុប្រធានាធិបតី និងនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសង្ឃឹម ថា នឹងបន្តការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាញឹកញាប់ដើម្បីបង្កើន ទំនាក់ទំនងម៉ាល់ឌីវ-កម្ពុជា និងស្វែងរកមធ្យោបាយថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់»។
នេះជាដំណើរទស្សនកិច្ចរបស់លោកហ៊ុន សែន ជាលើកដំបូងទៅកាន់ប្រទេសម៉ាល់ឌីវ។ ប្រទេសម៉ាល់ឌីវ និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩៥។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាថ្លែងថា វាជារបៀបវារៈនយោបាយមួយ ដែលប្រជាពលរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសទាំង ២ ចង់ឮ និងធ្វើវាឱ្យប្រត្យក្ស ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលកើតចេញពីកិច្ចសហការនាពេលខាងមុខ។
លោកថ្លែងថា៖ «វាក៏ជាផ្នែកមួយ នៃគោលនយោបាយការទូតសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរ»៕