កំពង់ស្ពឺៈ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកំពុងស្រាវជ្រាវករណីសមត្ថកិច្ចនគរបាលចរាចរណ៍ចំនួន ១០ រូប ដែលត្រូវបានដកបញ្ឈរជើងបណ្តោះអាសន្ន ក្រោយ មានការផាកពិន័យ ២០០ ដុល្លារអាមេរិកគ្មានវិក្កយបត្រ ពីអ្នកបើកបររថយន្តគ្មានបណ្ណបើកបរ និងដឹកសំពីងសំពោង កាលពីថ្ងៃទី ១៤ មករា លើកំណាត់ផ្លូវជាតិលេខ ៤ គីឡូម៉ែត្រ ៧៩-៨០ ព្រមទាំងបានហៅម្ចាស់រថយន្តមកសាកសួរឱ្យដឹងការពិតផងដែរ។
លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឱ្យដឹងនៅថ្ងៃទី ១៧ មករាថា ករណីនេះលោកកំពុងឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ ដោយសួរនាំភាគីទាំងសងខាង ដើម្បីដឹងការពិត និងធ្វើការបំភ្លឺបន្ថែមទៀតនៅលើទំព័រហ្វេសប៊ុកផេចរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
លោកថ្លែងថា៖ «អត់ទាន់មានអី Update ទៅមុខទេ យើងស្រាវជ្រាវទាំងសងខាង។ បើមានអីយ៉ាងម៉េច អាហ្នឹងយើង update បំភ្លឺក្នុងផេចស្នងការដ្ឋានខេត្តថែមទៀត។ ករណីនេះយើងអត់ទាន់និយាយបានថា យ៉ាងម៉េចទេ ចាំលទ្ធផលស្រាវជ្រាវសិន ថាតើពាក់ព័ន្ធរឿងអី»។
តាមការបំភ្លឺលើទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ១៧ ខែមករា ឱ្យដឹងថា កាលពីថៃ្ងទី ១៦ មករា ឆ្នាំ ២០២៣ មានគណនី ហ្វេសប៊ុក ឈ្មោះ គង្គា លំអរមង្គល បង្ហោះផ្សាយទាំងស្រុងថា «ប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលិសកំពង់ស្ពឺផាកសាហាវណាស់ ដឹងយើងប្រញាប់ ផាក ២០០ ដុល្លារ ឱ្យបាញ់ចូលកុង ហើយបន្លំមិនឱ្យវិក្កយបត្រទៀត ហើយប៉ូលិសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបចេញទៀត គ្រាន់តែខ្ញុំថតប្រាប់អ្នកផ្ទះថា ប៉ូលិសចាប់»។
តាមព័ត៌មាននេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឆែក និងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ជាលទ្ធផលគណនី ABA Khem Sothearith ពិតជារបស់លោកខែម សុធារិទ្ធ អត្ដលេខ ៧៥៧៤៣ តួនាទី នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញបេសកកម្មរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្លូវជាតិលេខ ៤ គីឡូម៉ែត្រ ៧៩-៨០ និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញ សំពីងសំពោង ១ គ្រឿងស្លាកលេខ ភ្នំពេញ 2BP-4662 ក្នុងទិសដៅពី កើតទៅលិច ឆ្ពោះទៅខេត្ដព្រះសីហនុ។ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃើញអ្នកបើកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ ២២ ឆ្នាំ គ្មានបណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មើសច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា៖ «បទល្មើស ខាងលើ គឺពិន័យ ១ ២០០ ០០០ រៀល និងពិន័យ ១៥០ ០០០ រៀល បន្ថែមល្មើស ទំនិញសំពីងសំពោង»។
ពេលនោះអ្នករួមដំណើរ និងជាម្ចាស់សម្អាងការ បានសុំសម្រួល ដោយជូនជាប្រាក់ ២០០ ដុល្លារ តែសុំលេខ ABA ដើម្បីឱ្យអ្នកផ្ទះបាញ់លុយចូល ព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ ២០០ ដុល្លារួច ក៏បានបន្ដដំណើរទៅបាត់»។
លោក ញ៉ែម សៅ ស្នងការរងខេត្តកំពង់ស្ពឺទទួលផែនការងារសន្តិសុខ បានឱ្យដឹងនៅថ្ងៃទី ១៧ មករា ថា ក្នុងរឿងនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងមានចំណាត់ការលើមន្ដ្រីចរាចរណ៍ទាំង ១០ នាក់ ដកបញ្ឈរជើងបណ្ដោះអាសន្ន នៅការិយាល័យបុគ្គលិក ដោយអនុវត្តតាមវិន័យបទបញ្ជាកងកម្លាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវ ដើម្បីមានចំណាត់ការនីតិវិធីបន្ដ។
លោកស្នងការរង ឱ្យដឹងទៀតថា ការចុះប្រតិបត្តិការការងារនៅចំណុចផ្លូវជាតិលេខ ៤ គីឡូម៉ែត្រលេខ ៧៩-៨០ នេះ ដឹកនាំដោយលោកជុន សំអាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឹជាប្រធាន។ មន្ត្រីទាំងអស់នៅគោលដៅនេះ មាន ១២ រូប ប៉ុន្តែអវត្តមាន ២ រូប ដោយសារសុំច្បាប់ ហេតុនេះមានវត្តមាន ១០ រូប ក្នុងកិច្ចប្រតិបត្តិការថ្ងៃទី ១៤ ខែមករា។
លោកបញ្ជាក់ថា៖ «មន្ត្រីទាំងអស់មានគ្នា ១០ នាក់ ត្រូវបានលោកស្នងការដកមករក្សាទុកនៅការិយាល័យបុគ្គលិក ដើម្បីត្រួតពិនិត្យពាក់ព័ន្ធការអនុវត្តច្បាប់ និងតួនាទីភារកិច្ច ព្រមទាំងពិនិត្យមើលវិន័យកងកម្លាំងនគរបាលជាតិ។ បើមានលទ្ធផល យ៉ាងណា នឹងមានចំណាត់ការបន្តដោយការសុំគោលការណ៍ពីថ្នាក់ដឹកនាំ»។
លោក ញ៉ែម សៅ ប្រាប់ថា នៅព្រឹកថ្ងៃទី ១៧ ខែមករា លោកបានធ្វើទំនាក់ទំនងទៅម្ចាស់ហ្វេសប៊ុក គង្គា លំអរមង្គល រួចហើយ នៅព្រឹកថ្ងៃទី ១៧ មករា ប៉ុន្តែដោយសារគាត់ជាប់រវល់លោកនៅមិនទាន់បានជួប ម្ចាស់ហ្វេសប៊ុកនេះនៅឡើយ។ ទោះយ៉ាងណា លោកបញ្ជាក់ថា ការហៅ ម្ចាស់ហ្វេសប៊ុកនេះមកស្នងការ គឺដើម្បីសួរនាំ និងពិនិត្យមើលថា តើគាត់ពិតជាមានវត្តមាននៅក្នុងរឿងនេះដែរ ឬអត់។ មួយវិញទៀត ចង់ពន្យល់ផ្លូវច្បាប់ជូនគាត់ពាក់ព័ន្ធនឹងការល្មើសក្នុងការបើកបរ និងចង់បញ្ជាក់ប្រាប់ពីការធ្វេសប្រហែសរបស់សមត្ថកិច្ចចរាចរណ៍ ដែលប្រើប្រាស់យន្តការច្បាប់មិនត្រឹមត្រូវ។
លោក ឡុក គា ម្ចាស់ហ្វេសប៊ុកឈ្មោះ គង្គា លំអរមង្គល បានឱ្យដឹងថា នៅថ្ងៃកើតហេតុនេះ លោកបានដឹកសម្ភារដេគ័ររោងការចេញពីអ្នកលឿងទៅ វេលាម៉ោង ៣ ទៀបភ្លឺ។ នៅពេលដល់ខេត្តកំពង់ស្ពឺ លោកបានងងុយដេក ក៏បានប្តូរឱ្យព្រូឡានបើកជំនួស ប៉ុន្តែចៃដន្យក៏ជួបគោលដៅសមត្ថកិច្ចអនុវត្តច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ផាកពិន័យតែម្តង។
លោកបញ្ជាក់ថា ដោយសារមានការប្រញាប់ខ្លាំង បានសុំសម្រួលជាមួយសមត្ថកិច្ច ប៉ុន្តែសមត្ថកិច្ចនៅគោលដៅនោះមិនព្រម ទីបំផុត លោកក៏ឱ្យអ្នកផ្ទះជួយផ្ទេរទឹកប្រាក់តាម ABA ជូនសមត្ថកិច្ច ២០០ ដុល្លារ តែមិនមានផ្តល់វិក្កយបត្រ។
លោកឡុក គាបានបញ្ជាក់ថា៖ «សមត្ថកិច្ចសរសេរក្រដាស ហើយឱ្យព្រូឡានខ្ញុំផ្តិតមេដៃថែមទៀត ខ្ញុំស្មានថា ឱ្យក្រដាស ទៅព្រូឡានខ្ញុំហើយ តែពេលឡើងឡានសួរទៅព្រូឡានបានដឹងថា ប៉ូលិសអត់បានឱ្យផង ប៉ូលិសយកទៅវិញហើយក្រដាសផាកពិន័យហ្នឹង»។
លោកបានប្រាប់ទៀតថា នៅព្រឹកថ្ងៃទី ១៧ ខែមករា ស្នងការរងនគរបាលខេត្តកំពង់ស្ពឺម្នាក់បានធ្វើទំនាក់ទំនងទៅលោកតាមរយៈទូរស័ព្ទ អញ្ជើញលោកទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីទទួលយកលុយ ដែលសមត្ថកិច្ចបានផាកនោះវិញ ប៉ុន្តែដោយសារជាប់រវល់ លោកមិនទាន់បានទៅទេនៅវេលាពេលព្រឹក៕