ភ្នំពេញៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមសហការជាមួយក្រុមគ្រូពេទ្យឯកទេសវះកាត់ទូទៅ មកពីសហរដ្ឋអាមេរិក នឹងធ្វើការពិនិត្យពិគ្រោះ និងព្យាបាលជំងឺជូនពលរដ្ឋក្រីក្រ ដោយមិនគិតថ្លៃ ដែលធ្វើការវះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច(Laparoscopic) ដូចជា វះកាត់ ពោះវៀន ឫសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលម្អ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី ២១-២៥ ខែមករា ឆ្នាំ ២០២៣។
លោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងនៅថ្ងៃទី ១៨ ខែមករាថា ក្រុមគ្រូពេទ្យដែលមានជំនាញឯកទេសវះកាត់ទូទៅមកពីសហរដ្ឋអាមេរិកជិត ១០ រូប មករួមសហប្រតិបត្តិការជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយភ្ជាប់ជាមួយនឹងឧបករណ៍បច្ចេកទេសវះកាត់ ព្រមទាំងថ្នាំព្យាបាលផងដែរ សំខាន់ គឺបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាត។
លោកថ្លែងថា៖ «តាមរយៈសហប្រតិបត្តិការនេះ វាមានប្រយោជន៍ត្រង់ថា យើងអាចដោះដូរបទពិសោធន៍ និងបច្ចេកទេសថ្មី ទៅវិញទៅមក។ ជួនកាលមិនប្រាកដថា គេចេះជាងយើងទាំងអស់ដែរ គេមករៀនពីយើងក៏មានដែរ អាហ្នឹងដោយសារកម្មវិធីខុសៗគ្នា»។
លោកប្រធានមន្ទីរពេទ្យឱ្យដឹងទៀតថា ការពិនិត្យព្យាបាលនេះនឹងមិនគិតថ្លៃឡើយ សម្រាប់អ្នកក្រីក្រពិតប្រាកដ ហើយក្រៅពីនេះអ្នកដែលមានកាតបេឡាជាតិរបបសន្តិសុខសង្គម (បសស) ក៏អាចប្រើបានក្នុងការពិនិត្យ ពិគ្រោះ ដើម្បីដឹងពីស្ថានភាពជំងឺ។
លោកបញ្ជាក់ថា ការពិនិត្យ និងពិគ្រោះដើម្បីព្យាបាលនេះ មិនមែនពិនិត្យភ្លាម ហើយធ្វើការវះកាត់ភ្លាមៗនោះទេ គឺអាស្រ័យជាក់ស្តែងលើស្ថានភាពជំងឺ និងការវិនិច្ឆ័យរបស់គ្រូពេទ្យ។
លោកថ្លែងថា៖ «បើសិនគ្រូពេទ្យ ប្រាប់ថាម៉េច អាហ្នឹងគឺទៅតាមជំនាញគេ សំខាន់មិនមែនឱ្យតែអ្នកជំងឺមកត្រូវតែវះកាត់ឯណា ត្រូវពិនិត្យមើលគាត់មានសុខភាព យ៉ាងម៉េចមានបញ្ហាអីត្រូវឆែកច្រើនមុខផ្សេងទៀត»។
លោកវេជ្ជបណ្ឌិត ងី ម៉េង បញ្ជាក់ថា ក្រុមគ្រូពេទ្យឯកទេសវះកាត់ ដែលមកពីសហរដ្ឋអាមេរិក មិនមែនជាគ្រូពេទ្យធម្មតា ឬពេទ្យចុះស្តានោះទេ គឺជាក្រុមគ្រូពេទ្យវេជ្ជបណ្ឌិតមានជំនាញត្រឹមត្រូវច្បាស់លាស់ ពាក់ព័ន្ធនឹងការវះកាត់ពោះវៀន ឫសដូងបាត បូសអន្ទង់ ដុំពកកជាដើម។
លោកថា ការសហការគ្នាធ្វើការពិនិត្យ ពិគ្រោះ និងព្យាបាលនេះ មិនមែន មានប្រយោជន៍តែចំពោះការដោះដូរបទពិសោធន៍ និងបច្ចេកទេសថ្មីៗ សម្រាប់គ្រូពេទ្យនោះទេ ប៉ុន្តែថែមទាំងមានប្រយោជន៍ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពផងដែរ។
លោកប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាដូចមានការរៀបរាប់លើសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អាចមកធ្វើការពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីឱ្យដឹងពីស្ថានភាពសុខភាពរបស់ខ្លួនបាន។
សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ បានឱ្យដឹងដែរថា ការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយការឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឫសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលម្អ ពិការដៃ មុខមាត់ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ នៅបន្ទប់ពិគ្រោះជំងឺក្រៅ ព្រឹកចាប់ពីម៉ោង ៨ ដល់ម៉ោង ១១:៣០ និងពេលល្ងាច ចាប់ពីម៉ោង ១៤ ដល់ម៉ោង ១៧។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ ទើបតែបានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដ៏សំខាន់ក្នុងការជួយប្រជារាស្ត្រខ្មែរដែលជាអ្នកជំងឺមកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
ព្រះរាជអំណោយទាំងនោះ រួមមានថវិកាចំនួន ១០០ ០០០ ដុល្លារ អំណោយជាម៉ាស់ចំនួន ១០ ០០០ បន្ទះ និងឱសថបុរាណចិនចំនួន ១ ០០០ ប្រអប់ផងដែរ។
លោកវេជ្ជបណ្ឌិត ងី ម៉េង បានថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជអំណោយ ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាដរាបរៀងមក៕