The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - តើ កន្និដ្ឋា អ្នកវិភាគបញ្ហា​សង្គមទូទៅ​នៅលើពិភពលោក​ជានរណា?

តើ កន្និដ្ឋា អ្នកវិភាគបញ្ហា​សង្គមទូទៅ​នៅលើពិភពលោក​ជានរណា?

Content image - Phnom Penh Post
អ្នកស្រី សុក កន្និដ្ឋា ដែលតែងចែករំលែកព័ត៌មានតាមបណ្ដាញសង្គមកន្លងមក។ រូបថត ហ្វេសប៊ុក

តើ កន្និដ្ឋា អ្នកវិភាគបញ្ហា​សង្គមទូទៅ​នៅលើពិភពលោក​ជានរណា?

ភ្នំពេញ: វីដេអូ​ភាគទី៣៤២ ស្ដីពី​ប្រវត្ដិ​ដើម​របស់​អង្គ​ការ​ណា​តូត្រូវ​បាន​បង្ហោះ​ថ្មី​បំផុត​នៅ​ថ្ងៃទី ១៦ ខែមករា ឆ្នាំ​ ២០២៣ ហើយ​វា​ទទួល​បាន​ការ​ចុច «likes» ជាង 30k និង​ «shares» លើស 3.5k នៅលើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុកត្រឹម​រយៈ​ពេល​តែ​ ១​ ថ្ងៃ​ប៉ុណ្ណោះ​។

ស្ដ្រី​ខ្មែរ​ក្នុង​វ័យ​ជាង​ ៣០​ រូបនេះ បាន​និយាយ​នៅ​លើ​វីដេអូ​អម​ដោយ​រូបភាព​មេ​ដឹក​នាំ​រុស្ស៊ីថា​៖ «​តើហេតុ​អ្វី​អង្គការ​ណាតូ​ត្រូវ​បាន​បង្កើត​ឡើង? ខ្ញុំ​ឃើញ​មាន​មតិ​បង​ប្អូ​នខ្មែរ​មួយ​ចំនួន​បាន​និយាយ​ថាមូល​ហេតុ​ដែល​រុស្ស៊ី​ចេះតែ​លុក​លុយ​អ៊ុយក្រែនគឺ​ដោយ​សារតែ​អង្គការ​ណាតូពង្រីកខ្លួន។ ដូច​នេះនៅ​ក្នុង​ថ្ងៃនេះខ្ញុំ​ចង់​ពន្យល់​ប្រាប់​បង​ប្អូន​ថាហេតុ​អ្វី​បាន​ជា​អង្គការ​ណាតូត្រូវ​បាន​បង្កើត​ឡើង​»។

ដូច​បាន​ឃើញ​នៅ​លេខ​ភាគ​វីដេអូ​រហូត​ដល់ ៣៤២ អ្នក​ចែក​រំលែក​ព័ត៌​មាន​ជុំវិញ​ពិភព​លោ​ករូប​នេះ​បាន​ផលិត​វីដេអូ​ជា​ច្រើន​ និង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ចាប់​ផ្ដើ​មតាំង​វិបត្ដិ​ជំងឺ​រាត​ត្បាត​សកល​កូវីដ ១៩ ដែល​បាន​វាយ​លុក​ខ្លាំង​ អ្នក​ស្រីសុកកន្និដ្ឋាបាន​ចែក​រំលែក​ព័ត៌មាន​ដែល​គិត​ថា​ មាន​សារប្រយោជន៍​ ជាពិសេសការ​កាត់​បន្ថយ​ព័ត៌មាន​យល់​ច្រឡំ​នៅលើ​អនឡាញ​ តាម​រយៈ​ការ​បង្កើត​ទំព័រ​ផ្លូវការ​ដើម្បី​លើក​តម្កើង​ព័ត៌មាន​ពិត។

អ្នកស្រី កន្និដ្ឋា ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហ​រដ្ឋ​អាមេរិកបាន​និយាយ​ថា៖ «​ការ​ចែក​រំលែក​ព័ត៌​មាន​​អម​ដោយ​វីដេអូ​នេះចាប់​ផ្ដើម​តាំងពី​ខែ​មករា ឆ្នាំ​ ២០២០ នៅពេល​មាន​ការ​បិទ​ខ្ទប់​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ខ្ញុំ​ចង់​ផ្ដល់​ព័ត៌មាន​ពិត​ជូន​ដល់​មហា​ជន​។ ចាប់​ពី​ពេល​នោះមកអ្វីៗ​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​»។

តើ​ កន្និដ្ឋា ដែល​តែង​តែ​វិភាគ​រឿង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែនបញ្ហា​សង្គមហិរញ្ញវត្ថុតន្ដ្រីវិធី​សាស្ដ្រ​ចិញ្ចឹម​កូនបញ្ហា​ផ្សេង​ៗ​នៅ​កម្ពុជា​ រឿង​ភូមិ​សាស្ដ្រ​នយោ​បាយបញ្ហា​សុខ​ភាពជា​ពិសេសព័ត៌​មាន​អំពី​កូវីដ ១៩ ជា​នរណា?

ថ្វី​ដ្បិត​តែ កន្និដ្ឋា ប្រសូត​នៅ​រាជ​ធានី​ភ្នំពេញ​យ៉ាង​ណា​ក៏ដោយក៏​ការ​ធំ​ធាត់​ដឹង​ក្ដី​មក​ជា​ក្មេង​ស្រី​នៅ​ក្រុង​ព្រះ​សីហនុ​ ដោយ​សារ​តែ​ឪពុក​ម្ដាយ​បាន​ផ្លាស់​ប្ដូរ​​លំនៅ​ទៅ​កាន់​ក្រុង​ព្រះ​សីហនុ​តាំង​ពី​អ្នក​ស្រី​នៅ​ជា​ទារិកា​។

អ្នកស្រីបាន​រំឭក​ថា​៖ «​កុមារ​ភាព​របស់​ខ្ញុំ​ក៏ដូច​ជា​ក្មេង​ដទៃ​ទៀតនៅ​ក្រុង​ព្រះ​សីហនុ​ដែរ​ ខ្ញុំ​ចូល​ចិត្ដ​ទៅ​លេង​សមុទ្រនិង​កម្សាន្ដ​ជា​មួយ​មិត្ដ​ភក្ដិ​ ទិញ​នំ​ចំណី​តាម​ចិញ្ចឹម​ផ្លូវញ៉ាំហើយ​ជួន​កាល​ជិះ​កង់​លេង​ជុំវិញ​ទីក្រុង​»។

ជា​ក្មេង​រប៉ិល​រប៉ូច​ រៀង​រាល់​​ពេល​ដើរ​លេង​មក​ផ្ទះ​ម្ដងៗអ្នក​ម្ដាយ​តែង​តែ​ឈរ​ចាំ​មាត់​ទ្វារ​ និង​ស្វាគ​មន៍​ដោយ​ការ​ស្ដី​បន្ទោស​គ្មាន​លស់​ពេល​ឡើយ​។ ទាំង​នេះ​ជា​វេលាដែល​អ្នកស្រីកន្និដ្ឋាមិន​អាច​បំភ្លេច​បាន​។ នៅ​ពេល​ឈាន​ដល់​វ័យ​ខ្ទង់ ២០ ឪពុកម្ដាយ​តែង​តែ​រំអុក​ឱ្យ​រក​ប្ដី​​ រហូត​ដល់​ថ្ងៃ​មួយដោយ​ទ្រាំ​ការ​ទទូច​ដដែល​ៗ​លែង​បាន​យុវតី​ខេត្ដ​ព្រះសីហនុ​រូប​នេះក៏​សម្រេច​ចិត្ដ​ចូល​រោង​ការនិង​ហោះ​ទៅ​រួម​រស់​ជា​មួយ​ស្វាមី​លើ​ទឹក​ដី​សហ​រដ្ឋ​អាមេ​រិក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

យ៉ាង​ណា​មិញស្ដ្រី​ដែល​តែង​តែ​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេងៗ​ជាមួយ​សំឡេង​ធំ​គ្រល​ររូប​នេះបាន​សារ​ភាព​ថា អ្នក​ស្រី​មិន​មាន​ប្រវត្ដិ​ការ​សិក្សា​ជ្រៅ​ជ្រះ និង​ជា​បញ្ញ​វន្ត​ ឬ​ជា​អ្នក​វិភាគ​អា​ជីព​អ្វី​ទេ​។

អ្នក​ស្រី កន្និដ្ឋា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​គ្រា​ន់តែជា​មនុស្ស​ធម្មតាដែល​មិន​មាន​ចំណេះ​ដឹង​អ្វី​ជាក់​លាក់​ទេ​ ហើយ​ខ្ញុំ​ចូល​រួម​ប្រធាន​បទ​ទូទៅ​គ្រប់​ប្រភេទ។ ខ្ញុំ​ដឹង​ថា មនុស្ស​ជា​ច្រើន​តែង​តែ​មាន​ជំនាញ​នឹង​អ្វីដែល​ពួកគេ​បាន​សិក្សា និង​អនុវត្ដ​ វា​គ្មាន​អ្វី​ខុស​ឆ្គង​ទេ​ តែ​ខ្ញុំ​គិត​ថា សម្រាប់​ខ្ញុំខ្ញុំ​គ្មាន​អ្វី​ត្រូវ​អះ​អាង​ថាខ្លួន​មាន​ជំនាញ​អ្វី​ពិត​ឡើយ​»។

អ្នក​ស្រី កន្និដ្ឋា ជា​មនុស្ស​ចូល​ចិត្ដ​និយាយ​អំពី​បញ្ហា​ផ្សេងៗដែល​គិត​ថាមាន​ប្រយោជន៍​ ជា​ពិសេសវាមាន​តម្លៃ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។ ដូច្នេះមិន​ថា ជា​ប្រធាន​បទឬ​បញ្ហា​អ្វី​នោះ​ទេ អ្នកស្រី​តែង​តែ​លើក​យក​មក​ចែក​រំលែក​នៅលើ​បណ្ដាញ​សង្គមជា​មួយ​ការ​បន្ថែម​រូប​ភាព ​វីដេអូ​ ឬ​ទិន្ន​ន័យ​ឱ្យ​កាន់​តែ​ទាក់​ទាញ​ថែម​ទៀត​។

Content image - Phnom Penh Post
អ្នកស្រី សុក កន្និដ្ឋា ដែលតែងចែករំលែកព័ត៌មានតាមបណ្ដាញសង្គមកន្លងមក។ រូបថត ហ្វេសប៊ុក

ស្ដ្រីដែល​មហា​ជន​ទទួល​ស្គាល់​ជា​បុគ្គល​ល្បី​លើ​បណ្ដាញ​សង្គម​ កន្និដ្ឋា បាន​ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​ព្យាយាម​និយាយ​ពី​រឿង​រ៉ាវ​គ្រប់​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ខណៈ​ពេល​ខ្ញុំ​នៅ​ចង​ចាំ​រឿង​ទាំង​នោះ​។អ្នក​មិន​ដឹង​ថា​នៅ​ពេល​រឿង​នោះ​មិន​ត្រូវបាន​ផ្សព្វ​ផ្សាយខ្ញុំ​ច្បាស់​ជា​មាន​អារម្ម​ណ៍​សោក​ស្ដាយ​ណាស់​»។

អ្នកស្រីបាន​ឱ្យ​ដឹងថា ការ​ដំណើរ​ការ​ទំព័រ​បណ្ដាញ​សង្គម​មិន​មែន​ជា​រឿងងាយ​ស្រួល​ឡើយ​ ដោយ​វា​មិន​ខុស​អ្វី​ពី​ចិញ្ចឹម​សត្វ​ដែល​បញ្ចេញ​សំឡេង​រំខាន​ចេច​ចាច​ឡើយ​។ ការ​ថតនិង​កាត់​ត​វីដេអូ​ ពិត​ជា​ធ្វើ​ឱ្យ​នឿយ​ហត់​ណាស់​។

អ្នកស្រី​ ត្រូវ​ប្រឈម​នឹងមតិ​សើច​ចំអក​ ហើយ​មាន​មនុស្ស​ជា​ច្រើន​ឆាត​មក​អ្នកស្រី​រហូត​ដល់​រាប់​រយ​សារ​ក្នុង​ ១ ថ្ងៃ​ៗ​ រួមទាំងផ្នែក​គោល​ការណ៍​បច្ចេក​ទេស​របស់​ហ្វេស​ប៊ុក ​ក៏ដូចជាមតិ​ និង​ក្រុម​សម្រប​សម្រួល​ផ្សេងៗ​។

កន្និដ្ឋា បាន​លើក​ឡើង​ថា​៖ «​វា​ហាក់ដូច​ជា​បញ្ហា​រាប់​លាន​បុក​មក​ចំពេល​តែ ១​ អ៊ីចឹង។កុំ​យល់​ច្រឡំ! វា​ជារឿង​ល្អ​​សម្រាប់​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​ តែ​មនុស្ស​ជា​ច្រើន​មិនមែន​សុទ្ធ​តែ​យល់​អំពី​ការ​លំបាក​ និង​បញ្ហា​ប្រឈម​របស់​ទំព័រ​ដែល​មាន​ប្រជា​ប្រិយ​ភាព​នេះទេ​»។

អ្នកស្រីបាន​ប្រាប់​ថា​៖ «ខ្ញុំ​បង្កើត​ផេច​នេះ​ដើម្បី​កាត់​បន្ថយ​ព័ត៌មាន​យល់​ច្រឡំ​នៅលើ​អន​ឡាញ​ ហើយ​វិធី​ដ៏​ល្អ​បំផុត ​គឺ​ការ​បង្កើត​ផេច​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​។ ពេល​វេលា​កន្លង​ផុត​ទៅខ្ញុំ​ចង់​បង្កើន​សមត្ថ​ភាព​បន្ថែម​ទៀតដូច​អ្វីដែល​ពួកគេ​និយាយ​។ ដូច្នេះ​គោល​បំណង​របស់​ខ្ញុំពេលនេះ ​គឺ​បង្កើត​​បណ្ណា​ល័យ​មួយ​ ឬអ្វីមួយ​។ អូ! មិនងាយ​ទេ​ ពីព្រោះ​ការ​បង្កើត​នេះ​មិន​ចំណាយ​ប្រាក់​តិច​ឡើយ​ តែ​ខ្ញុំ​គិត​ថា បើ​ដល់​ពេល​វេលា​សម​គួរវា​នឹង​កើត​ឡើង​»។

ឆ្លើយ​ចម្ងល់​មហា​ជន​ដែល​ងឿង​ឆ្ងល់​ថា កន្និដ្ឋា​ យល់​ដឹង​អំពី​ប្រធាន​បទ​ជា​ច្រើនក៏ដូច​ជា​ មាន​ការ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​ចំពោះ​បញ្ហា​នីមួយៗមុន​ពេល​យក​មក​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ ស្ដ្រី​ដែល​មាន​ប្អូន​ស្រី​ភ្លោះ​ម្នាក់​ទៀត​រូប​នេះបាន​ឱ្យ​ដឹង​ថា អ្នកស្រី​មិន​មែន​ ជា​សព្វ​វចនា​ធិប្បាយ​នោះ​ទេ​។

អ្នកស្រីបាន​សារ​ភាព​ថា ការ​ចង​ចាំ​របស់​អ្នកស្រី​ក៏​មិន​ល្អ​ដែរ​។ ប្រធាន​បទ​នីមួយៗ​ដែល​ផុស​ឡើង​លើ​បណ្ដាញ​សង្គម​នោះ​អាស្រ័យ​លើ​ការ​លើក​ឡើង​របស់​មហាជន​ប៉ុណ្ណោះ​។ អ្នកស្រី​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បញ្ជាក់​បន្ថែម​ រួច​ផលិត​ជា​វីដេអូ​អំពី​ប្រធាន​បទ​នោះ​។

ការ​ចំណាយ​ពេលវេលាស្រាវជ្រាវ​ អាស្រ័យ​ទៅលើ​​ប្រធាន​បទ​នីមួយៗ ​ដោយ​ប្រធាន​បទ​ខ្លះ​មាន​នៅ​ក្នុង​ខួរ​ក្បាល​របស់​អ្នកស្រី​ស្រាប់​ ហើយ​អ្វីដែល​អ្នកស្រី​ធ្វើ គឺ​ព័ត៌មាន​ជាក់​លាក់ដូច​ជាការ​បរិច្ឆេទ​ និង​ពេល​វេលា​នៃ​ព្រឹត្ដិ​ការណ៍ដែល​បាន​កើត​ឡើង​ ឬ​ឈ្មោះ​បុគ្គល ឬ​ទីកន្លែង។

ច្បាស់​ណាស់កិច្ចការ​ទាំង​អស់​នេះមិន​អាច​ចេញ​ជា​សមិទ្ធ​ផល​ពេញ​លេញ និង​ដំណើរ​ការ​ជាច្រើន​​​ទេ បើ​គ្មាន​ស្វាមី​នៅ​ពី​ក្រោយ​នោះ​។

អ្នកស្រី កន្និដ្ឋា បាន​និយាយ​ថា​៖ «​ស្វាមី​របស់​ខ្ញុំ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ដំណើរ​ការ​ផេច​នេះ​ទាំងការ​កាត់​ត​វីដេអូ​ និង​ធ្វើ​ជា​ជំនួយ​ការ​របស់​ខ្ញុំ​គ្រប់​យ៉ាង​។ លើសពី​នេះខ្ញុំ​មាន​មិត្ដ​ភក្ដិ​មួយ​ចំនួន​នៅ​ភ្នំពេញ​ដែល​ជួយ​ប្រតិបត្ដិ​ការ​បណ្ណា​ល័យ​នៅ​ហាង The Kanitha Show»។

យ៉ាង​ណា​ក៏ដោយអ្វីដែល​ជា​ឧបសគ្គ​សម្រាប់​ កន្និដ្ឋា គឺពេល​វេលា​ ពីព្រោះ​រាល់​វីដេអូ​ទាំង​អស់​អាច​ចាយ​ពេល​ចន្លោះ​ពី ១០ ទៅ ២០​ ម៉ោង​ ក្នុង​ការ​កាត់​ត​។ ការ​ចំណាយ​ពេល​លើ​ការ​ដំណើរការ​ផេចនេះ ​គឺជា​ពេលវេលា​ដែល​ឆ្លៀត​ពីការ​មើល​ថែ​កូន​ និង​កិច្ចការ​ផ្សេងៗ​ទៀត​។

អ្នកស្រី កន្និដ្ឋា ដែល​ស្វាគមន៍​ការ​ជួយ​ឧបត្ថម្ភ​ផេច​របស់​អ្នកស្រី​បាន​និយាយថា​៖ «​អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​ការ​ចំណាយ​ទាំង​អស់​ តែ​ភាព​រីក​រាយ​នៃការ​ដំណើរ​ការ​ផេច The Kanitha Show ពិតជា​មិន​អាច​វាស់​ស្ទង់​បាន​»។

អ្នក​ស្រី កន្និដ្ឋា ដែល​អះអាង​ថា The Kanitha Show ធ្វើ​ឱ្យ​អ្នកស្រី​រវល់​ខ្លាំង​ បាន​បន្ដ​ថាអ្នកស្រី​ព្យា​យាម​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​មួយ​ចំនួន​ដែល​អ្នកស្រី​គិត​ថា វាមាន​ប្រយោ​ជន៍​ចំពោះ​សហ​គមន៍តែ​នៅពេល​សំដៅ​លើ​បញ្ហា​នយោបាយ​ អ្នក​ស្រី​សារភាព​ថាខ្លួន​មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ទេ​។

អ្នកស្រីបាន​និយាយ​ថា អ្នកស្រី​មិន​សូវ​ដឹង​ច្បាស់​អំពី​រឿង​នយោ​បាយ​ឡើយ​។ វាមាន​របត់​បញ្ហា​ជាច្រើនមាន​ប្រវត្ដិ​សាស្ដ្រ​ជា​ច្រើន​ និង​បុគ្គល​ជា​ច្រើន​ដែល​ប្រកួត​ប្រជែង​គ្នា​ ដោយ​មិន​បាន​ដឹង​ពួកគេ​មក​ពីណានិង​មិន​ដឹង​ថា ពួកគេជួប​បញ្ហា​អ្វី​នៅ​ម៉ោង​ប៉ុន្មាន​ផង​។

កន្និដ្ឋា បន្ដ​ថា​៖ «​ខ្ញុំ​មិន​ខុស​ពី​អ្នក​ដទៃ​ទេ​ ខ្ញុំ​ដឹង​រឿង​ដូច​តែ​គេ​ឯង​ដែរ​ ខ្ញុំ​គ្រាន់តែ​ចង់​ចែករំលែក​ចំណេះដឹង​តិចតួច​ដែល​​ខ្ញុំ​ដឹង​ ខ្ញុំ​នឹង​ទុក​រឿង​នយោ​បាយ​ឱ្យ​អ្នក​ដទៃដែល​មាន​សមត្ថ​ភាព​ជាង​ខ្ញុំ​»។

ក្រៅ​ពីកម្មវិធី​ The Kanitha Show លើ​ហ្វេស​ប៊ុក​​ អ្នក​ស្រី កន្និដ្ឋា ក៏មាន​បណ្ណា​ល័យ The Kanitha Society ជាមជ្ឈ​មណ្ឌល​សិក្សា​សម្រាប់​អ្នក​គាំទ្រ​កម្មវិធី​ The Kanitha Show ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍