ភ្នំពេញៈ គ្រូជំនាញនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កំពុងហ្វឹកហ្វឺនដល់មន្ត្រីជំនាញអ៊ុយក្រែន ១៥ នាក់ លើបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន និងការប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ ALIS នៅវិទ្យាស្ថានហ្វឹកហ្វឺនបច្ចេកទេសសកម្មភាពកំចាត់មីនអង្គភាព CMAC។ នេះបើតាមលោក ហេង រតនា អគ្គនាយក CMAC ។
លោក ហេង រតនា បានឱ្យដឹងនៅថ្ងៃទី១៩ ខែមករាថា ក្នុងចំណោមគ្រូជំនាញនៃអង្គភាពCMACនៅក្នុងវគ្គហ្វឹកហ្វឺននេះមានគ្រូបង្គោល៣រូប រួមមាន លោកឧត្តមសេនីយ៍ត្រី ម៉ុង សុគន្ធារ័ត្ន លោកស្រី រិទ្ធិស័ក្តិ និង លោក សេក ធារិទ្ធិ សុទ្ធតែជាអតីតនិស្សិតវិស្វករ ធ្លាប់បានសិក្សានៅប្រទេសអ៊ុយក្រែនកាលពីជាង២៥ឆ្នាំមុន។
លោកបញ្ជាក់ថា៖«អ្នកទាំង៣មានតួរនាទីជាគ្រូបង្គោល និងជាអ្នកជួយសម្របសម្រួលក្នុងវគ្គហ្វឹកហ្វឹននេះដោយពួកលោកអាចប្រើប្រាស់ភាសាអ៊ុយក្រែនបាន ដូចនេះនាំឱ្យសមត្ថភាពនិងលទ្ធភាពបង្រៀនកាន់តែមានភាពងាយស្រួល និងរលូនផងដែរ»។
លោកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាប្រាប់ថា ក្រុមជំនាញការក្នុងវិស័យមីននៃប្រទេស អ៊ុយក្រែន ចំនួន១៥នាក់នេះមកទទួលការបណ្ដុះបណ្ដាលលើវិស័យបោសសម្អាតមីនពីប្រទេសកម្ពុជាក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣ នៅវិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលមានទីតាំងនៅក្នុងខេត្តកំពង់ឆ្នាំង ។
លោកបានបញ្ជាក់ថា៖«ឆ្លងតាមការបណ្តុះបណ្ដាលរបស់គ្រូបង្វឹកដ៏ជំនាញរបស់យើង ក្រុមជំនាញការនៃប្រទេសអ៊ុយក្រែនទាំង១៥នាក់ បានបង្ហាញពីចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះបទពិសោធន៍និងបច្ចេកទេសដែលគ្រូបង្ហឹកដ៏ជំនាញរបស់យើងបានផ្ដល់ឱ្យ»។
លោកហេង រតនា បានឱ្យដឹងថា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកំចាត់មីនមនុស្សធម៌ ជូនដល់មន្ត្រីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែននេះរាជរដ្ឋាភិបាល កម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុនបានផ្ដល់ការគាំទ្រ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ លោកថា បញ្ហាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដោយសារសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែន បាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ហើយក៏ជាឧបសគ្គចំពោះប្រជាពលរដ្ឋអ៊ុយក្រែនដែលមានបំណងវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញ។
លោកបញ្ជាក់ថា៖«កិច្ចការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមជាសកម្មភាពមនុស្សធម៌ដ៏ចាំបាច់និងបន្ទាន់ ដើម្បីធានាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រដល់ដំណើរការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា និងដីសម្រាប់ធ្វើកសិកម្មជាដើម»។
បើតាមលោក ហេង រតនា ក្រៅពីទទួលការបណ្ដុះបណ្ដាលបច្ចេកទេសបោសសម្អាតមីន ក្រុមប្រតិភូ និង ជំនាញការលើវិស័យមីននៃប្រទេសអ៊ុយក្រែន ក៏បានចូលរួមទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបច្ចេកទេស ជាមួយមន្ត្រីផ្នែកបោសសម្អាតមីននៅលើទីលាននៃប្រទេសកម្ពុជា ក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាបផងដែរ។ យ៉ាងណាក៏ដោយ CMAC បានត្រៀមរួចជាស្រេចក្នុងការបញ្ជូនគ្រូបង្វឹកផ្នែកបច្ចេកទេស បោសសម្អាតចំនួន ៣ ទៅ៥នាក់ ទៅចូលរួមហ្វឹកហ្វឺនកងកម្លាំងបោសសម្អាតមីននៅអ៊ុយក្រែន។
លោកបានបញ្ជាក់បន្ថែមថា៖«ការត្រៀមបញ្ជូនគ្រូបង្វឹកបច្ចេកទេសដោះមីនយើង ដើម្បីទៅចូលរួមហ្វឹកហ្វឺនដល់កងកម្លាំងដោះមីននៅប្រទេសអ៊ុយក្រែននេះ គឺមិនស្ថិតក្រោមឆត្ររបស់អង្គការសហប្រជាជាតិនោះទេ តែក្រោមកិច្ចចរចារសម្របសម្រួលត្រីភាគីរវាង កម្ពុជា ជប៉ុន និង អ៊ុយក្រែន»។
លោក ណូស៊ូម៉ុ យ៉ាម៉ាស្សីតាក់ ប្រធាននាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាពប្រចាំការិយាល័យចៃកាទីក្រុងតូក្យូ ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែននៅវិទ្យាស្ថានហ្វឹកហ្វឺនបច្ចេកទេសសកម្មភាពកំចាត់មីន អង្គភាពCMAC កាលពីថ្ងៃទី ១៦ ខែមករាថា បទពិសោធន៍ដែលប្រទេសជប៉ុនធ្លាប់ឆ្លងក្នុងសង្គ្រាមកាលពី ៧៨ឆ្នាំកន្លងទៅ បានធ្វើឱ្យប្រទេសនេះខិតខំប្រឹងប្រែងក្នុងការបោសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់ និងបានបង្កើតនូវបច្ចេកវិទ្យាដើម្បីបម្រើឱ្យក្នុងវិស័យបោសសម្អាតមីន ព្រមទាំងបានជួយដល់ប្រទេសដែលរងគ្រោះដោយសារសោកនាដកម្មនេះផងដែរ។
អង្គភាពCMAC គឺជាស្ថាប័នជំនាញ និងជាដៃគូដែលអាចផ្តល់ការហ្វឹកហ្វឺនដល់ប្រទេសដទៃ ជាក់ស្តែងថ្ងៃនេះអ្នកឯកទេសCMACនឹងចាប់ផ្តើមហ្វឹកហ្វឺនដល់អ្នកអ្នកបោសសម្អាតមីនអ៊ុយក្រែនជាដើម។
ក្នុងជំនួបតាមទូរស័ព្ទលើកដំបូងជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ប្រាប់លោកប្រធានាធិបតីអ៊ុយក្រែនថា តាមរយៈកិច្ចសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែន តាមពេលវេលាសមស្រប។ ជាការឆ្លើយតប លោកប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះកម្ពុជា ដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ៕