សៀមរាបៈ ប្រជាពលរដ្ឋក្នុងឃុំអន្លង់សំណ និងឃុំស្ពានត្នោត នៃស្រុកជីក្រែង ខេត្តសៀមរាប បានរាយការណ៍ថា ថ្មីៗនេះ ដីព្រៃលិចទឹកក្នុងតំបន់ ៣ រាប់សិបហិកតា ត្រូវបានក្រុមជនខិលខូចលួចឈូសឆាយ ដើម្បីយកដីធ្វើកសិកម្មដោយខុសច្បាប់។
ប្រជាកសិករនៅភូមិព្រែកអង្គរថ្មី នៃឃុំអន្លង់សំណ លោក នួន នឿម បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ថ្មីៗនេះ មានបទល្មើសឈូសឆាយដីព្រៃលិចទឹករាប់ស៊ិបហិកតា នៅចំណុចក្រវិលក្នុង ដែលមានព្រំប្រទល់ជាប់ឃុំចំនួន២ គឺឃុំអន្លង់សំណរ និងឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកថ្លែងថា៖«ទីតាំងដីព្រៃលិចទឹកនេះ កាលពីឆ្នាំ២០២១ អាជ្ញាធរបានដកហូតរួចមកហើយ និងមិនមានសកម្មភាព ធ្វើស្រែប្រាំងនោះឡើយ។ ប៉ុន្តែថ្មីៗនេះ មិនដឹងថា អ្នកភូមិមកពីណានោះទេ បាននាំគ្នាលួចធ្វើសកម្មភាព ដោយចល័តគ្រឿងចក្រឈូសឆាយ ភ្ជួររាស់ និងសាបព្រោះស្រូវ នៅលើទីតាំងដីព្រៃលិចទឹក ដែលត្រូវបានហាមឃាត់នោះ សាជាថ្មីឡើងវិញ»។
បើតាមលោក នឿម កសិករទាំងនោះ មិនមែនជាអ្នកភូមិ ដែលរស់នៅក្នុងឃុំអន្លង់សំណនោះទេ។
លោកបានបន្តថា នៅពេលសាកសួរ ថាតើការនាំគ្នាចូលមកភ្ជួររាស់ដាំដុះស្រូវនៅលើទីតាំងដីដែលបានហាមឃាត់នេះ លោកអ្នកទទួលបានសិទ្ធិ ឬការអនុញ្ញាតពីអាជ្ញាធរផ្នែកណា? ស្រាប់តែពួកគេបានឆ្លើយថា៖«មិនបានសុំច្បាប់ពីខាងណាទេ ឃើញដីទំនេរ ចេះតែដាំដុះទៅ»។
ជាមួយគ្នានេះ ប្រជាកសិករនៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត លោក សាន ឆេងហន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពួកគាត់បានរាយការណ៍ប្រាប់អាជ្ញាធរភូមិ-ឃុំអំពីករណីមានគេលួចឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់៣នោះដែរ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនអើពើចុះទៅពិនិត្យ និងហាមឃាត់នោះទេ។
លោក ឆេងហន បាននិយាយថា៖«យើងបានរាយការណ៍អំពីការកើតមានបទល្មើសនេះ ទៅអាជ្ញាធរភូមិ ឃុំ តាំងពី១សប្ដាហ៍មុន ប៉ុន្តែមកទល់ពេលនេះ ពុំឃើញមានអាជ្ញាធរផ្នែកណាមួយចុះមកពិនិត្យ និងហាមឃាត់នោះទេ»។
ជុំវិញករណីនេះ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកបានទទួលពត៌មានអំពីករណីនេះ និងបានចាត់ឱ្យអភិបាលរងស្រុកម្នាក់ ដឹកនាំកម្លាំងចុះទៅពិនិត្យមើលនៅទីតាំង ដែលអ្នកភូមិបានរាយការណ៍នោះហើយ ។
លោកថ្លែងថា៖«តាមសេចក្ដីរាយការណ៍ផ្ទាល់មាត់ ពីមន្ត្រីមូលដ្ឋាន ដែលបានចុះទៅពិនិត្យ អង្កេតដល់ទីតាំងដែលត្រូវបានជនខិលខូចលួចធ្វើសកម្មភាព ភ្ជួររាស់ និងដាំដុះស្រូវជាថ្មីនោះ បានបញ្ជាក់ថា ទីតាំងនោះ មិនមានការកាប់រាន ឬឈូសឆាយថ្មីទេ។ ប៉ុន្តែមុនការបង្ក្រាបរឹបអូសជាសម្បត្តិរដ្ឋវិញកាលពីឆ្នាំ២០២១ វាត្រូវបានគេកាប់រាន និងឈូសឆាយ ដើម្បីយកដីធ្វើកសិកម្មដោយខុសច្បាប់ »។
លោកម៉េងទ្រី បានបន្តថា នៅថ្ងៃចន្ទខាងមុខនេះ លោកនឹងដឹកនាំកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជីក្រែង ចុះទៅពិនិត្យអង្កេតនៅលើទីតាំងនោះជាថ្មីម្ដងទៀត ដើម្បីវាយតម្លៃពីទំហំ ផលប៉ះពាល់ជាក់ស្ដែង នឹងស្រាវជ្រាវស្វែងរកអត្តសញ្ញាណនៃក្រុមជនប្រព្រឹត្តបទល្មើស ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕
វីដេអូ៖