ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា បានសម្រេចអនុម័តថវិកា ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបន្តអភិវឌ្ឍន៍គម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ រយៈពេល ៥ ឆ្នាំ ដែលអនុវត្តចាប់ពីឆ្នាំ ២០២៤ ខាងមុខតទៅ។
នេះបើយោងតាមកិច្ចប្រជុំបូកសរុបរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ KOICA និង UNESCO។
យោងតាម KOICA កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធខាងលើ គឺបានសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA នាពេលកន្លងមក។
ក្នុងជំនួបនោះ លោកស្រី Song Yungjun KOICA ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងដែរថា លទ្ធផលនៃការសិក្សាលទ្ធភាព គឺ KOICA បានសម្រេចអភិវឌ្ឍគម្រោងនេះចំនួន ៣ លានដុល្លារអាមេរិកទៀត សម្រាប់រយៈពេល ៥ ឆ្នាំ ដោយនឹងចាប់ផ្តើមពីឆ្នាំ ២០២៤ ខាងមុខនេះ។ ថវិកាជំនួយដែលបានអនុម័តសម្រាប់ជំហានទី២ នេះ គឺមានចំនួនច្រើនជាងជំហានទី១ ចំនួន ១លានដុល្លារអាមេរិក និងមានរយៈពេលអនុវត្តច្រើនជាងមុនចំនួន ១ឆ្នាំផងដែរ។
លោកស្រីតំណាង KOICA លើកឡើងថា កម្ពុជាតែងតែជាប្រទេសដៃគូអាទិភាពរបស់ KOICA ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។ KOICA បានជួយដល់កម្មវិធី និងគម្រោងផ្សេងៗ ដែលមិនត្រឹមតែមានឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង២ផងដែរ។
លោកស្រី Song Yungjun បានបញ្ជាក់ដូច្នេះថា៖«ក្នុងនាមជាទីភ្នាក់ងារអនុវត្តជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ KOICA មានមោទនភាពដែលបានក្លាយជាដៃគូ និងជាមិត្តដ៏ល្អរបស់កម្ពុជា និងប្រជាជនកម្ពុជា។ យើងនឹងបន្តធ្វើការងារដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងសហវិបុលភាពទៅវិញទៅមកនៃប្រទេសទាំង២»។
លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានប្រាប់ឱ្យដឹងដែរថា គម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែល KOICA អនុម័តថវិកា៣ លានដុល្លារនេះ គឺនឹងផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។
គួរបញ្ជាក់ដែរថា KOICA បានផ្តល់ថវិកាសម្រាប់អនុវត្ត “គម្រោងអភិរក្សនិងបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងក្នុងប្រព័ន្ធកុំព្យូទ័រ” ដោយបានអនុវត្តចាប់ពីឆ្នាំ២០១៨មក។
ជាងនេះទៀត កន្លងមក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ KOICA ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ ក៏បានអនុវត្តគម្រោងអភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងជំហានទី១ ប្រកបដោយជោគជ័យថែមទៀត។
តាមរយៈគម្រោងនេះ បណ្ណសារសរុបចំនួន ៤០៥ ៧៨២ទំព័រ ត្រូវបានធ្វើឌីជីថល ខណៈ ៧៤៥ ៤៩៤ទំព័រទៀត ត្រូវបានរក្សាទុកតាមរយៈគម្រោង រួមមាន៖ ការបោះពុម្ពរូបថត ហ្វីល ចម្លើយសារភាព ជីវប្រវត្តិ បញ្ជី សៀវភៅបដិវត្តន៍ ទស្សនាវដ្តី សៀវភៅសរសេរដោយដៃរបស់ខ្មែរក្រហម និងឯកសារផ្សេងទៀត។
យ៉ាងណាមិញ តាមរយៈការសម្រេចអនុម័តផ្តល់ថវិកា៣ លានដុល្លារ បន្តអនុវត្តគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២នាពេលនេះ ភាគីពាក់ព័ន្ធរំពឹងថា នឹងជួយពង្រឹងការថែរក្សាបណ្ណសារសារមន្ទីរទួលស្លែង និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលាយ តាមរយៈការអភិរក្ស និងជួសជុលឯកសារចាស់ៗឱ្យបានគង់វង្សតាមស្តង់ដាសុវត្ថិភាពខ្ពស់ ដើម្បីទុកសម្រាប់បណ្ដុះបណ្ដាលធនធានមនុស្សជំនាន់ក្រោយថែមទៀត៕