កម្ពុជា និងជប៉ុន បានពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស ទេសចរណ៍ និងលទ្ធិប្រជាធិបតេយ្យ ដើម្បីរឹតចំណងទ្វេភាគី។
ការពិភាក្សានេះត្រូវបានលើកឡើងក្នុងជំនួបរវាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក UENO Atsushi កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ប្រភពពីក្រសួងការបរទេស បានឱ្យដឹងថា ក្នុងជំនួបនោះលោក ប្រាក់ សុខុន មានសេចក្តីរីករាយដែលកត់សម្គាល់ឃើញថា មិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ នៅតែរឹងមាំ និងបន្តរីកចម្រើន ទោះបីជាមានជំងឺរាតត្បាតកូវីដ១៩ ក្តី ដូចដែលបានបង្ហាញឱ្យឃើញតាមរយៈការស្ដារពាណិជ្ជកម្មឡើងវិញយ៉ាងរឹងមាំ ជិតដល់កម្រិតមុនពេលមានវិបត្តិជំងឺកូវីដ១៩ ការវិនិយោគដ៏រឹងមាំ កិច្ចសហប្រតិបត្តិការយោធាដែលត្រូវបានពង្រឹង និងការបន្តការគាំទ្ររបស់ជប៉ុននៅលើគ្រប់វិស័យ។
នាឱកាសនោះ ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការដែលបានផ្តល់មកកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការចូលរួមចំណែក របស់ប្រទេសជប៉ុនក្នុងការជួយកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការផ្តល់វ៉ាក់សាំងចំនួន ១,៣ លានដូស ព្រមទាំងឥណទានសម្បទានចំនួន ៤១៦ លានដុល្លារអាមេរិក សម្រាប់ការស្តារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ១៩ របស់កម្ពុជា និងសម្ភារវេជ្ជសាស្ត្រដទៃទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការឆ្លើយតបភ្លាមៗរបស់ប្រទេសជប៉ុនក្នុងការគាំទ្រ ដល់គោលដៅ «កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥» របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ប្រភពដដែលបន្តថា៖«ក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សាអំពីមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ការកសាងសន្តិភាព ការដោះមីន ការអភិវឌ្ឍធនធានមនុស្ស សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ វប្បធម៌ ចំណងរវាងប្រជាជននិងប្រជាជន និងទេសចរណ៍ ជាដើម»។
ភាគីទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការដំឡើងទំនាក់ទំនងទ្វេភាគីពី “ភាពជាដៃគូយុទ្ធសាស្ត្រ» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅក្នុងឆ្នាំនេះ។
ប្រភពពីក្រសួងការប្រទេស បញ្ជាក់ទៀតថា លោក ប្រាក់ សុខុន និងលោក UENO Atsushi ក៏បានផ្លាស់ប្តូរទស្សនៈគ្នាផងដែរ អំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន ខណៈដែលឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីការកោតសរសើររបស់ជប៉ុនចំពោះការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជាប្រកបដោយជោគជ័យ និងការខិតខំប្រឹងប្រែងរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីវិញ។
សូមជម្រាបថា លោក ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៣។
ដំណើរទស្សនកិច្ចនេះលោក ប្រាក់ សុខុន នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក HAYASHI Yoshimasa ដើម្បីពិភាក្សានូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន។
លោកប្រាក់ សុខុន ក៏នឹងអញ្ជើញជាអធិបតីក្នុងពិធីជប់លៀង ដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដែលរៀបចំឡើងនៅក្នុងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងតូក្យូ ផងដែរ៕