
មន្ត្រីក្រសួងសាធារណការនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩មករា។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំ ពិនិត្យវាយតម្លៃការអនុវត្តការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី /ខេត្ត ដែលមានស្នាដៃការងារឆ្នើម ដើម្បីជ្រើសរើសផ្តល់បណ្ណសរសើរក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ នាពេលខាងមុខ។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយលោកស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាលើនីតិវិធីនៃការវាយតម្លៃ ការអនុវត្តសកម្មភាពការងារក្នុងរយៈពេល១អាណត្តិទី៦ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ស្ថិតនៅក្រោមឱវាទក្រសួង ដើម្បីជាមូលដ្ឋានក្នុងការដាក់ពិន្ទុ និងកំណត់និទ្ទេសសម្រាប់រៀបចំបណ្ណសរសើរ ចំពោះមន្ទីរណា ដែលមានភាពសកម្ម និងលទ្ធផលការងារឆ្នើម។
ការផ្តល់ជូនបណ្ណសរសើរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារ គឺដើម្បីចូលរួមជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំអង្គភាព ក៏ដូចជាមន្ត្រីរាជការ ព្រមទាំងបុគ្គលិក កម្មករ ក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានល្អ ធ្វើឱ្យការងារនៅក្នុងមន្ទីររបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ។
បើតាមក្រសួងសាធារណការ ការប្រគល់បណ្ណសរសើរជូនដល់មន្ទីរដែលមានស្នាដៃឆ្នើម គ្រោងនឹងប្រព្រឹត្តទៅក្នុងឱកាសដែលក្រសួងរៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាដើមខែកុម្ភៈ ខាងមុខ៕