ភ្នំពេញៈ លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមករា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅទីក្រុងប៉ារីសកាលពីខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសលោកធ្វើជាសហប្រធានក្នុងកិច្ចប្រជុំរំឭកខួបលើកទី៤៥ នៃអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
ស្ថានទូតបារាំងប្រចាំកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២០ ខែមករា ថា អមដំណើរដោយគណៈប្រតិភូធុរជន ដឹកនាំដោយសហព័ន្ធធុរកិច្ចបារាំង MEDEF International និង Business France លោក Olivier Becht នឹងជួបជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើននាក់ រួមមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ប្រភពដដែលបន្តថា ក្នុងដំណើរទស្សនិច្ចនេះ លោក Olivier Becht នឹងមានជំនួបផ្សេងៗជាមួយសហគមន៍បារាំងនៅកម្ពុជា ជាពិសេសតំណាងសហគមន៍ធុរកិច្ចបារាំងដ៏រស់រវើក និងប្រជាពលរដ្ឋបារាំងចំនួន៥ ០០០នាក់ដែលកំពុងរស់នៅកម្ពុជាដែលបានចុះបញ្ជីជាមួយស្ថានទូត។
លោក Olivier Becht នឹងចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ឡើងវិញនូវស្តូបរំឭកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីកម្ពុជា និងបារាំងនៅក្នុងសង្គ្រាមលោកលើកទី១តាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្រៅពីនេះ លោក Olivier Becht នឹងទៅពិនិត្យដំណើរការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង រាជធានីភ្នំពេញ ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប។
នៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរ ជាពិសេសការដ្ឋានជួសជុលប្រាសាទមេបុណ្យខាងលិច ដែលផ្តល់ហិរញ្ញវត្ថុដោយប្រទេសបារាំង។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់លោកប្រធានាធិបតីបារាំងក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ២០២២នៅកោះបាលី [ប្រទេសឥណ្ឌូនេស៊ី] និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក [ប្រទេសថៃ]»។
ប្រភពដដែលបន្តថា អាស៊ីអាគ្នេយ៍គឺជាតំបន់សំខាន់មួយនៃយុទ្ធសាស្រ្តបារាំងនៅឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតំបន់នេះគឺជាទីតាំងរស់រវើកជាងគេបំផុតក្នុងពិភពលោកបើនិយាយពីទិដ្ឋភាពសេដ្ឋកិច្ច ដោយមានអត្រាកំណើនខ្ពស់ ហើយអាស៊ានគឺជាដៃគូពាណិជ្ជកម្មលំដាប់ទី៣របស់សហភាពអឺរ៉ុប៕