មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ នេះ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន ៥៣ បណ្តឹង។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប. នៅថ្ងៃទី២០ ខែមករា ថ្លែងថា ក្នុងចំណោម ៥៣ បណ្តឹងនេះ មានបណ្តឹងតវ៉ាចំនួន ៤៩ បណ្តឹង និងបណ្តឹងជំទាស់ ៤ បណ្តឹង។ លោកបន្តថា ចំពោះការដោះស្រាយបណ្តឹងទាំងនេះ ត្រូវបានចាប់ផ្តើមនៅតាមបណ្តាឃុំ សង្កាត់ និងដោះស្រាយបានជំហានៗ ព្រមទាំងមួយចំនួនទៀត ត្រូវបានដោះស្រាយ។
សេចក្តីប្រកាសព័ត៌មានរបស់ គជប បញ្ជាក់ថា ដោយឡែកនៅថ្នាក់ គ.ជ.ប និងនៅថ្នាក់ក្រុមប្រឹក្សាធម្មនុញ្ញពុំទទួលបានពាក្យបណ្ដឹងណាមួយឡើយ។ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹង មកពីឃុំសង្កាត់ក្នុងរាជធានី-ខេត្តចំនួន១១ នៅទូទាំងប្រទេសរួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ភ្នំពេញ ព្រៃវែងពោធិ៍សាត់ សៀមរាប តាកែវ ប៉ៃលិន និងត្បូងឃ្មុំ ខណៈបណ្តឹងមួយចំនួនត្រូវបានដោះស្រាយ និងមួយចំនួនទៀតកំពុងដំណើរការដោះស្រាយ។
បើតាម គ ជ ប ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងជំទាស់ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២២ មាន ៣ ថ្នាក់។ ទី១ ការដាក់ និងការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ហើយការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង ទី ២ ការដាក់ និងការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ កបឃ.ស ហើយការដោះស្រាយពាក្យបណ្តឹងមានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។ ទី៣ ការដាក់ និងការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលសម្រង់សេចក្ដីសម្រេច (ទ.១២០៣) របស់ គ.ជ.ប ហើយការដោះស្រាយពាក្យបណ្តឹងមាន រយៈពេល ១០ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង។
គជប បញ្ជាក់ទៀតថាដំណើរការនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយរលូនល្អ ក្នុងបរិយាកាសស្ងប់ស្ងាត់គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជា (និកហ្វិច)លោក សំ គន្ធាមី ថ្លែងថា អង្គការរបស់លោក មិនបានតាមដាន ឬអង្កេតការណ៍ចំពោះការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនេះទេ ព្រោះគជប ធ្វើនៅតាមបណ្តាឃុំសង្កាត់នៅទូទាំងប្រទេស។ លោកថ្លែងថា ជារួមការបិទផ្សាយបញ្ជីបោះឆ្នោត ដំបូងរបស់ គជប នេះ គឺទុកពេល ឱ្យអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដើម្បីប្តឹងតវ៉ានៅពេលឃើញមានភាពមិនប្រក្រតីទិន្នន័យណាមួយនៅក្នុងបញ្ជីបោះឆ្នោត។
គួរជ្រាបថា គជប កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣បានបិទផ្សាយបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន ៩ ៧១០ ៦៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៥ ១៦១ ៩០៦ នាក់ ការិយាល័យបោះឆ្នោត មានចំនួន ២៣ ៧៨៩ និងឈ្មោះអ្នកបោះឆ្នោតដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួន ២៧១ ១៤២នាក់។ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់៕