ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Cherdkiat Atthakor ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ថៃ​ប្រចាំ​កម្ពុជា​បាន​ឯកភាពគ្នា​ជំរុញ​ការដោះមីន​ចេញពី​ព្រំដែន ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​។

​ការឯកភាព​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​ភាគី​ទាំង​២ នា​ថ្ងៃទី ២០ ខែមករា នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​យោងតាម​គេហទំព័រ​លោកនាយករ​ដ្ឋ​មន្ត្រី បានឱ្យដឹងថា​៖ «​ក្នុងជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកអគ្គរាជទូត​ថៃ​ថ្មី បាន​ឯកភាពគ្នា​ក្នុង​ការជំរុញឱ្យ​គណៈកម្មការ​ព្រំដែន​រួម ដើម្បី​រៀបចំ​ពិនិត្យ​បង្គោល​ព្រំដែន និង​បោះបង្គោល​ព្រំដែន​ឡើងវិញ ព្រមទាំង​ការដោះមីន​ចេញពី​ព្រំដែន ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំងសងខាង ក្នុងការ​ចេញចូល​រក​ស៊ី​»​។​

​គេហទំព័រ​ដដែល​បន្ត​ថា ភាគី​ទាំង​២​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ត្រួតពិនិត្យ​ព្រំដែន​នៅ​កន្លែង​ចាំបាច់ ដើម្បី​ជំរុញ​ការឆ្លងកាត់​របស់​ប្រជាពលរដ្ឋ និង​ការឆ្លងកាត់​ទំនិញ ព្រមទាំង​បានចាត់ទុក​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ ក្នុង​ខេត្តបន្ទាយមានជ័យ​គឺត្រូវធ្វើ​ឱ្យ​លឿន ចំណែក​ច្រកព្រំដែន​ផ្សេងៗ​ទៀត ក៏ត្រូវ​ជំរុញ​បើក​ដោយ​ពុំ​រង់ចាំ​កាលកំណត់​នោះទេ​។

​ប្រភព​ដដែល​បន្តថា លោក ហ៊ុន សែន ក៏បាន​ឯកភាព និង​បានឱ្យ​ក្រសួង​យុត្ដិធម៌​ពិនិត្យ​ពិចារណា​លើ​ការបញ្ជូន​អ្នកទោស​ដោយ​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​ដោយ​មិនចាំបាច់​ធ្វើ​បត្យាប័ន​នោះទេ គឺថា​ផ្លាស់ប្ដូរ​អ្នកទោស​ទៅវិញទៅមក ដោយ​យោងទៅលើ​ការស្ម័គ្រចិត្ត​៕​