កណ្តាលៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ និងមន្ទីរពាក់ព័ន្ធ ត្រូវរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានសមរម្យ នឹងត្រូវរៀបចំបង្គន់អនាម័យជូនពួកគាត់ប្រើប្រាស់ឱ្យបានសមរម្យផងដែរ។
ជាពិសេសទៅទៀតគឺត្រូវគិតគូរផងដែរ ចំពោះទឹកស្អាតសម្រាប់ការប្រើប្រាស់ ហើយផ្នែកសុខាភិបាល ត្រូវត្រៀមគ្រូពេទ្យសម្រាប់ជួយពលរដ្ឋទាំងនោះ ពេលមានបញ្ហាសុខភាព។
បន្ថែមពីនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអង្គភាពពាក់ព័ន្ធ ក៏ត្រូវត្រៀមជួយសង្គ្រោះជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗជូនប្រជាពលរដ្ឋផងដែរ។
លោកអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំបែបនេះ កាលពីរសៀលថ្ងៃទី ១៩ ខែមករា ខណៈដែលលោកបានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ស្ដីពីការរៀបចំទីតាំងស្នាក់នៅបណ្ដោះអាសន្ន ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់ ស្ថិតនៅភូមិព្រែកថី សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដោយមានការចូលរួមពីមន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ៕