ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំដល់មន្ត្រីប្រតិបត្តិករផ្នែកកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាល ត្រូវពង្រឹងការអនុវត្តកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ផ្សេងទៀត ឱ្យមានប្រសិទ្ធភាពបន្ទាប់ពីរកឃើញនូវភាពខ្វះខាតមួយចំនួន។
សេចក្តីណែនាំរបស់ក្រសួងសង្គមកិច្ច ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣ បានលើកឡើងថា ផ្អែកតាមការវាយតម្លៃជារួមលើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងរយៈពេលកន្លងមក ក្រសួងពិនិត្យឃើញថា ដំណើរការអនុវត្តកម្មវិធីក៏ដូចជាការប្រើប្រាស់អែប(APP)សម្រាប់ការចុះឈ្មោះ និងការអនុវត្តលក្ខខណ្ឌប្រព្រឹត្តទៅដោយរលូន ស្របតាមសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីណែនាំបញ្ជាក់ថា៖«ទោះជាយ៉ាងនេះក្តី ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលតម្រូវឱ្យមានការពង្រឹងបន្ថែមទៀត ដើម្បីឱ្យការអនុវត្តកម្មវិធីកាន់តែមានប្រសិទ្ធភាព»។
អាស្រ័យហេតុនេះ ក្រសួងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ធ្វើការណែនាំដល់មន្ត្រីប្រតិបត្តិករកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់រដ្ឋបាលឃុំ សង្កាត់។ ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់ បន្តពង្រឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផលដោយអ្នកទទួលបន្ទុកកម្មវិធីនៅឃុំ សង្កាត់មិនត្រូវធ្វើការអនុម័តជំនួសមេឃុំ ចៅសង្កាត់។
មេឃុំ ចៅសង្កាត់ ត្រូវផ្តល់ការអនុម័តការចុះឈ្មោះអ្នកទទួលផល ដោយប្រើប្រាស់ឈ្មោះអ្នកប្រើប្រាស់របស់ខ្លួន។ ការចុះឈ្មោះចូលកម្មវិធីសម្រាប់ស្ត្រីមានផ្ទៃពោះ អ្នកទទួលផលអាយុលើសពី១៦ឆ្នាំ ត្រូវដាក់ឈ្មោះ ស្ត្រីមានផ្ទៃពោះ និងថតរូបស្ត្រីមានផ្ទៃពោះ(មិនត្រូវដាក់ឈ្មោះប្តី ឬ អាណាព្យាបាលឡើយ) ការចុះឈ្មោះចូលកម្មវិធីសម្រាប់កុមារជាអ្នកទទួលផល ដាក់ឈ្មោះម្ដាយ ឬ ឈ្មោះឪពុក ឬ/និង អាណាព្យាបាល និងថតរូបកុមារ។ មិនត្រូវធ្វើការចុះឈ្មោះឡើងវិញ ចំពោះអ្នកទទួលផល ដែលបានចុះឈ្មោះរួចនៅមូលដ្ឋានសុខាភិបាលសាធារណៈកន្លងមក ហើយបាននិងកំពុងបន្តការអនុវត្តលក្ខខណ្ឌពិនិត្យសុខភាព។ ធ្វើការណែនាំ និងពន្យល់អ្នកទទួលផលឱ្យបានយល់ច្បាស់អំពីការប្រើប្រាស់ និងការទុកដាក់បណ្ណ គណនីធនាគារ ដើម្បីចៀសវាងការបាត់បង់ ឬ ការបិទគណនីធនាគារ និងត្រូវសហការជាមួយមូលដ្ឋានសុខាភិបាលសាធារណៈក្នុងការផ្តល់បណ្ណអាទិភាព ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ ឱ្យស្របទៅតាមនីតិវិធីកំណត់។
អ្នកទទួលបន្ទុកកម្មវិធីនៅឃុំ សង្កាត់ត្រូវស្ថិតនៅប្រចាំការគ្រប់ម៉ោងធ្វើការ ករណីអវត្តមាន ត្រូវមានអ្នកជំនួសដែលអ្នកបំពេញការងារបាន សម្រាប់ធ្វើការចុះឈ្មោះដើម្បីចៀសវាងស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ មិនអាចទទួលសេវាចុះឈ្មោះចូលកម្មវិធីបានទាន់ពេលវេលា។ មេឃុំ ចៅសង្កាត់ត្រូវរៀបចំឱ្យមានកិច្ចប្រជុំក្នុងចំណោមមន្ត្រីទទួលបន្ទុកកម្មវិធី ដើម្បីត្រួតពិនិត្យ និងកែលម្អការអនុវត្តកម្មវិធី និងបង្ហាត់បង្ហាញការប្រើប្រាស់អែបពីគ្នាទៅវិញទៅមក។
ប្រភពដដែរបន្តថា ចំពោះមូលដ្ឋានសុខាភិបាលសាធារណៈទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកទទួលផល ដោយបន្តការផ្តល់បណ្ណអាទិភាពដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមិនទាន់មានបណ្ណសមធម៌ ឬ បណ្ណសមធម៌តាមការស្នើសុំក្នុងគ្រួសារក្រីក្រ ស្របតាមនីតិវិធីកំណត់។ ត្រូវផ្ដល់ការអនុវត្តលក្ខខណ្ឌជូនអ្នកទទួលផលជាស្ត្រី ដែលមានបណ្ណ ប.ស.ស. ដោយត្រូវផ្តល់នូវអត្ថប្រយោជន៍ទាំងបណ្ណ ប.ស.ស. និងទាំងកម្មវិធីស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៅគ្រប់ដំណាក់កាល ពិសេសនៅដំណាក់កាលសម្រាល។
ប្រភពដដែល បានធ្វើការណែនាំដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ត្រូវបន្តពង្រឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរ សុខាភិបាល មន្ទីរផែនការ រាជធានី ខេត្ត ក្នុងការជំរុញ និងគាំទ្ររដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ។
ចំណែក ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩ វិញ មន្ត្រីកម្មវិធីនៅថ្នាក់ ឃុំ/សង្កាត់ ត្រូវអនុវត្តឱ្យមានហ្មត់ចត់ ម៉ឺងម៉ាត់ និងទន់ភ្លន់ ហើយត្រូវសហការជាមួយមន្ត្រីប្រតិបត្តិ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ធ្វើការដោះស្រាយនូវបណ្តឹងអ្នកទទួលផលឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕