សៀមរាបៈ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី ២០ ខែមករា បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់មន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន បន្ទាប់ពីហ្វឹកហ្វឺននៅកម្ពុជាអស់រយៈពេលមួយសប្តាហ៍។
ក្នុងពិធីបិទបញ្ចប់នោះ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាលោក ហេង រតនា សង្ឃឹមថាអ្នកជំនាញទាំងអស់មកពីប្រទេសអ៊ុយក្រែនដែលទទួលបានការហ្វឹកហ្វឺននេះ នឹងប្រើប្រាស់ឧបករណ៍ដោះមីនដែលសមស្របស្ថានភាពជាក់ស្តែង និងមានសុវត្ថិភាព ដើម្បីអនុវត្តនៅក្នុងប្រទេសអ៊ុយក្រែន។
ប្រភព CMAC បានឱ្យដឹងថា រយៈពេលពេញ១សប្តាហ៍នេះ សិក្ខាកាមរបស់អ៊ុយក្រែនទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍លើទីលានចម្ការមីនជាក់ស្តែង ក្រោមការសហការរវាងគ្រូជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ រួមជាមួយនឹងការបង្ហាញបន្ថែមលើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីន។
CMAC បន្តថា៖«ក្នុងវគ្គហ្វឹកហ្វឺននេះដែរ សិក្ខាកាមរបស់អ៊ុយក្រែនបានចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងបានសិក្សាស្វែងយល់បន្ថែមទៀតពីកម្លាំងជំនាញរបស់អង្គភាព CMAC ដែលកំពុងបំពេញប្រតិបត្តិការនៅចម្ការមីន ដែលអាចឆ្លើយតបទៅនឹងស្ថានភាពនៅប្រទេសអ៊ុយក្រែនផងដែរ ដូចជាកម្លាំងជំនាញបោសសម្អាតមីនដោយគ្រឿងចក្រ និងកម្លាំងជំនាញបោសសម្អាតមីនដោយការបញ្ជាសុនខ»។
ការបណ្តុះបណ្តាលនេះ គឺមានការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
កាលពីថ្ងៃទី១៩ ខែមករា សិក្ខាកាមអ៊ុយក្រែនបានធ្វើទស្សនកិច្ចនៅចម្ការមីនBS/13959(A2''2) ស្ថិតនៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ។
លោក ព្រីង បញ្ញារិទ្ធ ប្រធានកងឯកភាពកំចាត់មីនទី២ បានស្វាគមន៍សិក្ខាកាមអ្នកដោះមីនមកពីរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន SESU និងគណៈប្រតិភូ ព្រមទាំងបានធ្វើបទបង្ហាញពីសមិទ្ធផលនិងសកម្មភាពប្រតិបត្តិការនៃកម្លាំងបោសសម្អាតមីននៅតំបន់កំពុងឈរជើងផងដែរ។
សូមជម្រាបថា ពិធីបិទវគ្គនេះដែរ ក៏មានការចូលរួមធ្វើជាអធិបតីដោយលោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក Ichitomo TANINAN ភារធារីស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី Katsura MIYAZKI អនុប្រធានអង្គការJICA-TOKYO និងលោក Stanislav Kulykivsky ប្រធានជំនួយច្ចេកទេសរបស់អ៊ុយក្រែន៕