ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃសុក្រ ទី ២០ ខែមករានេះ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ២៧៣ ច្បាប់ ដែលធ្វើឱ្យចំនួនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលទទួលបានសរុបចំនួន ២១ ៦៤០ ច្បាប់ គិតត្រឹមថ្ងៃសុក្រ ទី ២០ ខែមករានេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសថា នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន២៧៣ច្បាប់។ គិតត្រឹមថ្ងៃសុក្រ ទី២០ មករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន២១ ៦៤០ច្បាប់ហើយ។
ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន១០០%រួមមាន៖
ក្រសួង-ស្ថាប័នចំនួន ៨ គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ធនាគារជាតិ នៃកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរសវនកម្មជាតិ។
រាជធានី-ខេត្ត ចំនួន ១៨ រួមមាន ខេត្តប៉ៃលិន មណ្ឌលគិរី កំពង់ស្ពឺ ពោធិ៍សាត់ តាកែវ កំពង់ចាម សៀមរាប ត្បូងឃ្មុំ កែប ក្រចេះ បន្ទាយមានជ័យ រតនគិរី កំពង់ឆ្នាំង ព្រះសីហនុ កោះកុង បាត់ដំបង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ។
អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ពីថ្ងៃទី១ដល់ទី៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម “សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៣ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស៧ ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច៕