ក្រសួងសុខាភិបាល សហការជាមួយអង្គការ ហេឡែន ខេលល័រ អន្តរជាតិ នឹងរៀបចំសិក្ខាសាលាណែនាំគម្រោង “ព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ” នៅថ្ងៃទី ២៧ ខែមករា ខាងមុខនេះ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។
សេចក្តីជូនដំណឹងរួមគ្នារវាងស្ថាប័នទាំងពីរ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា គោលបំណងនៃសិក្ខាសាលា ណែនាំជាផ្លូវការនូវគម្រោង "ព្យាបាលនិងថែទាំកុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ” ដើម្បីបង្កើតការយល់ដឹងរួមក្នុងចំណោមភាគីពាក់ព័ន្ធនានា អំពីគោលដៅ គោលបំណង អ្នកទទួលផលគោលដៅ ទីតាំងគោលដៅ ពេលវេលាអនុវត្តគម្រោង និងលទ្ធផលរំពឹងទុករបស់គម្រោង។ សិក្ខាសាលានេះ ក៏ដើម្បីបញ្ជាក់តួនាទី និងទំនួលខុសត្រូវក្នុងចំណោមដៃគូពាក់ព័ន្ធ និងពិភាក្សាអំពីជំហានបន្ទាប់នៃការអនុវត្តគម្រោងផងដែរ។
កម្មវិធីសិក្ខាសាលាណែនាំនេះ នឹងត្រូវរៀបចំឡើងនៅ ភោជនីយដ្ឋានទន្លេបាសាក់ ២ នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ និង៣០នាទីព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។
សិក្ខាសាលាណែនាំនេះនឹងមានការចូលរួមពីភាគីពាក់ព័ន្ធពីស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមមាន ក្រសួងសុខាភិបាល ម្ចាស់ជំនួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល យុវជនជើងឯកអាហារូបត្ថម្ភ អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ មន្ទីរសុខាភិបាល និងការិយាល័យស្រុកប្រតិបត្តិ។
សេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា យោងតាមរបាយការណ៍បឋមនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ កុមារកម្ពុជា ប្រមាណ ១០ ភាគរយ មានបញ្ហាស្គមស្គាំង។ ទោះបីជាអាហារូបត្ថម្ភសម្រាប់កុមារ គឺជាអាទិភាពសំខាន់មួយក្នុងឯកសារអភិវឌ្ឍន៍ជាតិកម្ពុជាក៏ដោយ ក៏គោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីមិនទាន់បានផ្សារភ្ជាប់គ្រប់គ្រាន់ ជាមួយនឹងការវិនិយោគដើម្បីធានាបាននូវធនធានគ្រប់គ្រាន់នៅក្នុងការអនុវត្តជាក់ស្ដែងនោះទេ។
ប្រភពដដែលបន្តថា កុមារប្រមាណ ៥០០០០នាក់ ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ មិនបានទទួលការព្យាបាលដែលនឹងធ្វើឱ្យមានការកើនឡើងអត្រាស្លាប់ និងជំងឺ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ ដែលជាឧបសគ្គមួយរារាំងដល់ការលូតលាស់ដ៏ល្អប្រសើររបស់កុមារ ក៏ដូចជា សេដ្ឋកិច្ចជាតិកម្ពុជា ផងដែរនៅពេលអនាគត។
បច្ចុប្បន្ននេះ ធនធានរបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គឺអាចព្យាបាលកុមារកម្ពុជាដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ បានប្រមាណតែ ១០ ភាគរយ តែប៉ុណ្ណោះ ដែលមិនទាន់អាចឈានទៅដល់ការសម្រេចគោលដៅ ដែលបានកំណត់ក្នុងការព្យាបាលកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ ២៥ ០០០នាក់ ជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ២០២០។ កង្វះការយល់ដឹងអំពីផលវិបាកនៃបញ្ហាកង្វះអាហារូបត្ថម្ភ ក៏ដូចជា កម្រិតថវិកា និងការរាតត្បាតជំងឺកូវីដ១៩ គឺជាកត្តារួមចំណែកធ្វើឱ្យមូលនិធិក្នុងស្រុកនិងខាងក្រៅមិនបានគ្រប់គ្រាន់ដើម្បីប្រយុទ្ធ ប្រឆាំងនឹងបញ្ហាស្គមស្គាំង។
ផែនទីបង្ហាញផ្លូវស្តីពីផែនការសកម្មភាពសកលរបស់កម្ពុជាលើបញ្ហាស្គមស្គាំងរបស់កុមារ បានកំណត់ខេត្តចំនួន ១៣ ជាភូមិសាស្ដ្រដែលមានសារ:សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាស្គមស្គាំងរបស់កុមារ។ មានសកម្មភាព ៤ ប្រភេទ (សុខភាព អាហារ គាំពារសង្គម ទឹកស្អាត និងអនាម័យ) ត្រូវបានផ្ដល់អាទិភាពដោយផែនការនេះ ហើយនឹងត្រូវចំណាយថវិកាសរុបចំនួន ២៥លានដុល្លារក្នុងរយៈពេល ៣ឆ្នាំ ដើម្បីពន្លឿនការការពារ និងការព្យាបាលបញ្ហាស្គមស្គាំងរបស់កុមារ។ គម្លាតថវិកាសរុបដើម្បីអនុវត្តផែនទីបង្ហាញផ្លូវត្រូវបានគេរកឃើញថាមានចំនួន ១៧,២ លានដុល្លារ (៦៩ ភាគរយ)។
ប្រភពដដែល គូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ នៅកម្ពុជា អង្គការហឡែន ខេលល័រ កម្ពុជា នឹងគាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនការព្យាបាលកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់មធ្យម និងធ្ងន់ធ្ងរ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ (២០២៣-២០២៧) នៅក្នុងខេត្តគោលដៅដូចជា ខេត្តតាកែវ សៀមរាប និងកំពង់ឆ្នាំង ជាដើម៕