នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បាន​ធ្វើការ​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ឆបោក​ប្រាក់ ក្រោមរូបភាព​លក់​ផលិតផល ឬ​សេវា​លើ​បណ្តាញ​អ៊ីនធឺណិត ខណៈ​មាន​ជន​ខិលខូច​មួយ​ចំនួន​កំពុង​ទាញ​យក​ប្រយោជន៍​ពី​ការ​បោកប្រាស់​នេះ។

ប្រភព​ពី​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា បាន​ឱ្យ​ដឹង​ថា ដោយសារ​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​ឌីជីថល បាន​ប្រែ​ក្លាយ​របៀប​របប​រស់នៅ និង​ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ជា​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ លក់​ផលិតផល ឬ​សេវា​លើ​គេហទំព័រ ឬ​កម្មវិធី​បណ្តាញ​ទំនាក់ទំនង​សង្គម​ជាដើម។ ក្នុង​ពេល​ទន្ទឹមគ្នានេះ ក៏​មាន​ជន​ខិលខូច​មួយ​ចំនួន បាន​ប្រើប្រាស់​នូវ​គេហទំព័រ ឬ​កម្មវិធី​បណ្តាញទំនាក់ទំនង​សង្គម (ឧទាហរណ៍ ទំព័រផេក​ហ្វេសប៊ុក - Facebook Page) ដោយ​បន្ថែម​ជាមួយ​នឹង​ការ​ផ្សព្វផ្សាយ (Ads) ដើម្បី​ទាក់ទាញ​ជន​រងគ្រោះ ក្នុង​ការ​ទិញ​ផលិតផល ឬ​សេវា​ដែល​បាន​ផ្សព្វផ្សាយ​ទាំងនោះ។

ជាថ្មីម្តងទៀត នាយកដ្ឋាន​ព័ត៌មាន​វិទ្យា សូម​ធ្វើ​ការ​ក្រើន​រំឭក​ដល់​ប្រជាពលរដ្ឋ មេត្តា​ពិចារណា​មុន​ពេល​ទិញ និង​ទូទាត់​ប្រាក់ លើផលិតផល ឬ​សេវា​លើ​បណ្តាញ​អ៊ីនធឺណិត ដែល​មាន​ភាព​មិន​ប្រក្រតី ឬ​ពុំមាន​ព័ត៌មាន​អ្នក​ផ្គត់ផ្គង់​ច្បាស់លាស់។

ក្នុង​ករណី​មាន​ការ​សង្ស័យ សូមធ្វើ​ការ​រាយការណ៍ (Report) អត្ថបទ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃ​ផលិតផល ឬសេវា​ទាំងនោះ​ដើម្បី​កុំ​ឱ្យ​មាន​ជនរងគ្រោះ​ធ្លាក់ចូល​ក្នុង​ល្បិច​ឆបោក​នេះ​ជា​បន្តបន្ទាប់។

នាយកដ្ឋាន​ព័ត៌មានវិទ្យា បាន​ឱ្យ​ដឹងថា​ មធ្យោបាយ​ដែល​ជនខិលខូច​ប្រើប្រាស់​ដើម្បី​ឆបោក​នោះ​មាន​ដូចជា ប្រើប្រាស់​គេហទំព័រ ​ឬ​ទំព័រ​ផេក​បណ្តាញ​សង្គម (Facebook-Instagram )។ល។ បង្ហោះ​លក់​នូវ​ផលិតផល ឬ​សេវា កម្រ​មាន​លក់​លើ​ទីផ្សារ ឬ​មាន​លក់​តែ​ផ្តល់​ជូន​នូវតម្លៃ​ពិសេស។ ប្រើប្រាស់​កម្មវិធី Advertising (Ads) ជំរុញ​ការ​ផ្សព្វផ្សាយ​ឱ្យ​ដល់​ជន​រងគ្រោះ ប្រើប្រាស់​គណនី​ក្លែងក្លាយ​ជាច្រើន ដើម្បីផ្តល់​មតិយោបល់​ល្អៗ​លើ​ផលិតផល ឬ​សេវា ដែល​ពួកគេ​បាន​ផ្សព្វផ្សាយ បង្ហោះ​លក់​លើ​គេហទំព័រ ​ឬ​បណ្តាញ​សង្គម។ ណែនាំ​ជន​រងគ្រោះ​ឱ្យ​ធ្វើ​ការ​ទូទាត់​ប្រាក់​តាម​មធ្យោបាយ​ផ្សេងៗ តួយ៉ាង ទូទាត់ តាម​កាត​ធនាគារ (visa / master card) កម្មវិធី​ធនាគារ​ចល័ត (Mobile Banking) ឬ​តាម​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឌីជីថល (ឧទាហរណ៍ កម្មវិធី KHQR Wing ឬ TrueMoney ជាដើម)។

នាយកដ្ឋាន​ព័ត៌មាន​វិទ្យា បាន​ឱ្យ​ដឹង​ទៀត​ថា ចំណែក​គណនី​ដែល​ជន​ខិលខូច​ប្រើប្រាស់​ដើម្បី​ទទួល​ប្រាក់​ទូទាត់​ពី​ជន​រងគ្រោះ ភាគច្រើន​គឺ​ជា​គណនី​របស់​ភាគី​ទី៣ (Money Mule) ដែល​ជន​ខិលខូច​បាន​ឆបោក​ដើម្បី​ទទួល​ប្រាក់ ផ្ទេរប្រាក់ ឬ​ដកប្រាក់ ឱ្យ​ពួកគេ​បន្ត ហើយបន្ទាប់ពី​ជន​រងគ្រោះ​ទូទាត់​ប្រាក់​រួចរាល់ ពុំមាន​ការ​ផ្តល់​ជូន​ផលិតផល ឬសេវា ដូចការសន្យាឡើយ៕

វីដេអូ៖