ភ្នំពេញៈ ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ នឹងបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការរៀបចំក្របខ័ណ្ឌជំនួយអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDAF) ឆ្នាំ ២០២៣-២០២៨ ដែលនឹងត្រូវពិភាក្សាយ៉ាងទូលំទូលាយ ពិសេស ការផ្តោតលើបរិវត្តន៍កម្មអប់រំ ដែលបានអនុម័តដោយអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ ២០២២ ផ្តោតលើការអប់រំ ការចូលរួមរបស់យុវជន ការដោះស្រាយបញ្ហាយេនឌ័រ ការអភិវឌ្ឍសមត្ថភាព។ នេះបើយោងតាមក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២០ ខែមករានេះ។
ក្រសួងអប់រំ ក៏បានឱ្យដឹងផងដែរថា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មីប្រចាំនៅកម្ពុជា។
កិច្ចពិភាក្សានេះ បានផ្តោតទៅលើកិច្ចសហប្រតិបត្តិរវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយក្រសួង អប់រំ យុវជន និងកីឡា កន្លងមកដែលបានចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ស្របទៅនឹងកំណែទម្រង់វិស័យអប់រំ។ ក្នុងនោះរួមមាន៖ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការសិក្សានៅថ្នាក់ដំបូងនៃបឋមសិក្សា ការអប់រំសុខភាព ការបណ្តុះបណ្តាលជំនាញសម្រាប់យុវជន ការរៀបចំគោលនយោបាយ និងការរៀបចំផែនការ ការអភិវឌ្ឍសមត្ថភាពជាពិសេស ការដោះស្រាយលើការសិក្សានៅពេលមានការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ៕