លោក អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ដោយសារ​តែ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើន​ការ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទេ្វភាគី ដូចនេះ​លោក​សូម​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​សិក្សា​តាមដាន​ពី​ការ​អនុវត្ត​ផ្នែក​កម្មសិទ្ធិ​បញ្ញា ដើម្បី​ផ្តល់​មតិ​យោបល់​ជូនថ្នាក់​ដឹកនាំ និង​ជា​មូលដ្ឋាន​ក្នុង​ការ​ចរចា​កិច្ច​ព្រមព្រៀង​ដទៃទៀត​ពាក់ព័ន្ធ​ផ្នែក​កម្មសិទ្ធិ​បញ្ញា។

នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ ២០២២ និង​ទិសដៅ​ការងារ ឆ្នាំ ២០២៣ របស់​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា នៃ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​ថ្ងៃទី​១៩ ខែ​មករា​នេះ លោក អ៊ុក ប្រជា បាន​បញ្ជាក់​ថា៖ «មន្រ្តី​នៃ​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា ត្រូវ​ខិតខំ​ទាញ​ប្រយោជន៍​ជា​អតិបរមា​ពី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ដែល​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួចរាល់ ទន្ទឹម​នឹង​នេះ ត្រូវ​បន្ត​ថែរក្សា​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ចាស់ និង​បង្កើន​ដៃគូ​សហការ​ថ្មី​បន្ថែម​ទៀត»។

លោក​បន្ថែមថា នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា ត្រូវ​ពិនិត្យ​លទ្ធភាព​រៀបចំ​កម្មវិធី​សិក្សា និង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល ជូន​មន្ត្រី​មន្ទីរពាណិជ្ជកម្ម​ខេត្ត ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​របស់​មន្ត្រី ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​កម្មសិទ្ធិ​បញ្ញា​ក្នុង​ការ​អភិវឌ្ឍ​អាជីវកម្ម។

លោក សួន វិជ្ជា ទីប្រឹក្សា​ក្រសួង​ពាណិជ្ជកម្ម ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិ​បញ្ញា និង​ជា​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា បាន​ឱ្យ​ដឹង​ថា ការ​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្តី​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ជា​កត្តា​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​លើក​ទឹកចិត្ត និង​បំផុស​ស្មារតី​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ក្នុង​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ឱ្យ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកប​ដោយ​ស្មារតី​បុរេសកម្ម ហើយ​ឈាន​ទៅ​សម្រេច​បាន​នូវ​សមិទ្ធផល​ជាច្រើន ជូន​រាជរដ្ឋាភិបាល ក្រសួង​ពាណិជ្ជកម្ម និង​ជន​រួមជាតិ​ទាំងមូល។

សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា បាន​និង​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​និង​តំបន់ ដែល​បាន​ចូលជា​ធរមាន​កាល​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ ២០២២ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េ ដែល​បាន​ចូល​ជា​ធរមាន កាល​ពី​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ២០២២៕