ភ្នំពេញៈ តាម​របាយការណ៍​ស្តីពី​ការ​ងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្នាំ ២០២២ របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យដឹង​ថា តាម​ការ​ប៉ាន់ស្មាន​វិស័យ​កសិកម្ម​ទទួល​រងការ​ខូចខាត​សរុប ៨១,៨ លាន​ដុល្លារ ក្នុង​នោះ​ស្រូវ​មាន ៥៧,២ លានដុល្លារ។

របាយការណ៍​ស្តីពី​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឆ្នាំ ២០២២ របស់​គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ដែល​បាន​ចេញ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០២២ កន្លង​មក ស្រូវ​ទទួល​រង​ការ​ប៉ះពាល់​ចំនួន ២៤៤ ២៥៨ហិកតា ហើយ​ខូចខាត​មាន​ចំនួន១៣២ ៥៤៤ហិកតា។

ដោយឡែក ដំណាំ​ផ្សេងៗ​ប៉ះពាល់​ចំនួន ៧៨ ២៧៩ហិកតា ខូចខាត ៣៩ ០៣៩ហិកតា ហើយ​សត្វពាហនៈ​ងាប់ ២៤ក្បាល និង​ជន្លៀស ៣៧ ៥០៦​ក្បាល​ផងដែរ។

របាយការណ៍​ដដែល​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា មូលដ្ឋាន​រងគ្រោះ​មាន ២៥ រាជធានី ខេត្ត ១៣៣ ស្រុក ក្រុង និង ៦០៦ឃុំ សង្កាត់ ហើយប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ១៥៩ ៩៨១គ្រួសារ ស្មើ​នឹង ៦៣៩ ៩២៤នាក់។ លើស​ពី​នោះ​ប្រជាជន​ត្រូវ​ជម្លៀស​មាន ៥ ៦៨៧​គ្រួសារ ស្មើនឹង ២២៧៤៨​នាក់ (១៦ខេត្ត)៕