ភ្នំពេញៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សា​ធារណ​ការ​និង​ដឹក​ជញ្ជូន​បាន​លើក​ទឹក​ចិត្ត​ដល់​សិស្ស​-​និស្សិតដែ​ល​ទើប​បញ្ចប់​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​) ជ្រើស​រើស​មុខ​ជំនាញ​សា​ធារណ​ការ​សម្រាប់​បន្ត​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញា​បត្រ​ដែលជា​​ជំនាញ​កំពុង​មាន​ការ​ពេញ​និយម និង​មាន​តម្រូវ​ការ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​។​

នៅ​ក្នុង​កម្មវិធី MPWT Live Show របស់​ក្រសួង​សាធា​រណការ​លោក ​ឈួន វ៉ន់ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ដឹក​ជ​ញ្ជូ​ន​ផ្លូវគោក​នៃ​ក្រសួង​សាធា​រណការ​និង​ដឹក​ជញ្ជូន​អះអាង​ថា វិ​ស័យ​ដឹក​ជញ្ជូន​ផ្លូវ​គោក​បានរួម​ចំណែក​យ៉ាងសំ​ខាន់​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋ​កិច្ច​កម្ពុជា ​ពោលគឺ​​បានរួម​ចំណែក​ប្រមាណ​៩០ភាគរយ នៃ​ការ​ដឹកជ​ញ្ជូន​សរុប​នៅ​កម្ពុជា​។

​លោក​បាន​បន្ថែម​ថា ទោះយ៉ា​ង​ណា វិស័យនេះ​​នៅតែ​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ កង្វះ​ធន​ធាន លិខិត​បទដ្ឋាន​គតិ​យុត្ត​និង​ឯកសារ​ជំនាញ​បច្ចេក​ទេស​ផ្សេងៗដែល​ទាំងនេះ​ទាម​ទារ​ឱ្យ​កម្ពុជា​ត្រូវ​អភិវឌ្ឍ​ធនធា​ន​ឱ្យ​បាន​ច្រើននិង​មាន​គុណ​ភាព​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​កាន់​តែ​រីក​ចម្រើន​។

​លោក​បាន​បញ្ជាក់​ថា​៖ «​ឱកាស​ការងារ​លើ​វិស័យ​សា​ធារ​ណការ​និង​ដឹក​ជញ្ជូន​នៅ​កម្ពុ​ជាមាន​ភាព​ទូលំ​ទូលាយ​ណាស់​ទាំង​នៅ​ក្រសួង​ស្ថាប័ន​រដ្ឋ និង​ឯក​ជន ​ហើយ​តម្រូវការ​ធន​ធាន​មាន​សមត្ថ​ភាព​លើ​វិស័យ​នេះ​នឹងមាន​កា​រកើន​ឡើង​ខ្ពស់​នា​ពេល​អនា​គត​»​។

​ជា​មួយ​គ្នានេះ​ដែរ លោក​ ហេង រ័ត្ន​ពិសិដ្ឋ អគ្គ​នាយ​កនៃ​អគ្គ​នាយក​ដ្ឋាន​សាធារ​ណការនៃ​ក្រសួង​សាធា​រណកា​រ និង​ដឹក​ជញ្ជូន​បាន​ចាត់​ទុកថា វិស័យ​ផ្លូ​វថ្នល់​ជា​សសរ​ស្តម្ភ​នៃ​ការ​ជួយ​ជំរុញ​កំណើនសេ​ដ្ឋកិច្ច​លើក​កម្ពស់​កម្រិត​ជីវភាព និង​សុខុ​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ​។

​លោក​បាន​បញ្ជាក់​ថា​៖«​ដោយសា​រ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដូច្នេះ​ការសិក្សា​លើ​ជំនាញ​សាធារ​ណការ​គឺជា​ឱកាស​របស់​យុវជន​ក្នុងការ​រួម​ចំណែក​ជួយ​អភិវឌ្ឍ​វិស័យ​សា​ធារណ​ការ​នៅ​កម្ពុជា និង​ឱកាស​ទទួល​បាន​ការងា​រ​នៅតាម​ស្ថា​ប័នរដ្ឋ និង​ឯកជ​ន​»​។​

​លោកហឿន សំនៀង នាយក​វិទ្យា​ស្ថាន​តេ​ជោ​សែន សា​ធារណការនិង​ដឹក​ជញ្ជូននៃ​ក្រសួង​សាធា​រណកា​រ និង​ដឹក​ជញ្ជូន​បាន​គាំទ្រនិង​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស-​និស្សិត​ដែល​ទើប​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យ​មសិក្សា​ទុតិយភូមិ​​ចាប់​យក​ជំនាញ​សា​ធារណការ​សម្រាប់​ការសិ​ក្សា​បន្ត​នៅ​ថ្នាក់​បរិញ្ញា​បត្រ​ព្រោះ​មុខ​ជំនាញ​នេះ​មាន​ឱកាស​ទទួល​បាន​កា​រងារ​ខ្ពស់​ទាំង​នៅ​ក្រុមហ៊ុន​ឯក​ជននិង​ក្រសួង​ស្ថាប័​នរដ្ឋ​។

​លោក​បាន​លើក​ឡើង​ថា គោល​បំណង​ចម្បង​១ទៀត គឺ​ក្រសួង​សា​ធារ​ណការនិង​ដឹកជញ្ជូន​ចង់​ឱ្យ​កម្ពុ​ជាមាន​ធនធា​ន​វិស្វករ​លើ​ជំនាញ​សាធា​រណកា​រ និង​ដឹក​ជញ្ជូន​ឱ្យ​កាន់តែ​សម្បូរ​បែបដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នៅ​កម្ពុជា ព្រោះ​កន្លង​មក​រាល់​គម្រោង​អភិវឌ្ឍន៍​សាធា​រណកា​រ ​ហេដ្ឋារចនា​សម្ព័ន្ធ​ស្ពាន និង​ផ្លូវថ្នល់​ធំៗ​នៅ​កម្ពុជា​ភាគ​ច្រើន គឺ​ប្រើ​ប្រាស់​វិស្វករ​​មកពី​បរទេស​។​

​លោក​ ហឿន សំនៀង បាន​បញ្ជាក់​​ថា​៖ «​ការលើ​កទឹក​ចិត្តឱ្យ​សិក្សា​ជំនាញ​នេះគឺ​ដើម្បី​ត្រៀម​ឆ្លើយ​តប​នឹង​តម្រូវការ​ធន​ធានម​នុស្ស​ក្នុង​វិស័យ​សា​ធារណ​ការ​នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនា​គត​។ការកាត់ប​ន្ថយ​ការប្រើ​ប្រាស់​វិស្វករ​ជំនាញ​ជន​បរទេស​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋា​រច​នាសម្ព័ន្ធ​នៅ​កម្ពុជា ក៏​ស្ថិត​ក្នុង​គោល​ដៅ​នៃ​ការ​បង្កើត​វិទ្យា​ស្ថាន​នេះ​ផង​ដែរ​»​។​

​បើ​តាម​លោក ​ហឿន សំនៀង កត្តា​ដែល​ជំរុញ​ឱ្យ​រាជរ​ដ្ឋាភិបា​ល​បង្កើត​វិទ្យា​ស្ថាន​តេ​ជោ​សែន សាធារ​ណការ​និង​ដឹក​ជញ្ជូន​ឡើងគឺ​ដើម្បី​បណ្តុះ​បណ្តាល​ជំនាញ​សាធារណ​ការ​និង​ដឹក​ជ​ញ្ជូន​ដល់​យុវជន​កម្ពុជាដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​​នៅ​កម្ពុជា​។​ម្យ៉ាង​វិញទៀ​ត ការលើ​កទឹក​ចិត្ត​បែបនេះ​ក៏​ដោយ​សារ​មុខ​ជំនាញ​នេះ​មិន​ត្រឹមតែ​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​នោះទេថែមទាំង​មានឱ​កាស​ការងារ​ខ្ពស់​នៅ​តាម​ក្រុម​ហ៊ុន​ឯកជន​ ក៏ដូចជា​ក្លាយ​ជា​មន្ត្រី​ក្រប​ខ័ណ្ឌ​នៅតា​ម​ក្រសួង​​ស្ថាប័ន​រដ្ឋ​ផងដែរ​។​

​សូមជ​ម្រាប​ថា នៅក្នុង​វិទ្យា​ស្ថាន​តេ​ជោ​សែន សាធា​រណការ និង​ដឹកជ​ញ្ជូន (​វ​.​ត​.​ស​.​ស​.​ដ​. ) ​មានបង្រៀន​ជំនាញ​ចំនួន​៦ ដែលមាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​​វិទ្យាស្ថាននេះកំពុង​ផ្ដល់​ជូន​អាហារូ​បករណ៍​១០០ភាគរយចំនួន​ ៥០​ កន្លែង​ជូន​សិស្សានុ​សិស្ស​ដែល​ទើ​បនឹង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​នា​ពេល​ថ្មីៗ​នេះ​ទៀតផង​​៕