ភ្នំពេញៈ​ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់​ព័ន្ធ​សិទ្ធិ​និង​ការអភិវឌ្ឍ​សង្គម​សម្តែង​ការគាំ​ទ្រនិង​ជំរុញ​ដល់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ព​ន្លឿ​ន​នីតិវិ​ធីក្នុងការ​ដាក់​ឱ្យ​អនុវត្ត​ទោស​សហ​គមន៍​ ចំពោះ​ជន​ល្មើស​កម្រិត​ស្រាល​ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធ​នា​គារ និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​។​

ការ​លើក​ឡើង​​នេះ ធ្វើឡើ​ង​បន្ទាប់​ពី​រដ្ឋ​មន្ដ្រីក្រ​សួង​មហា​ផ្ទៃ​លោក ស ខេង បាន​ថ្លែង​កាល​ពីថ្ងៃ​ទី២០ ​ខែមករា​ថា ក្រសួង​មហាផ្ទៃ​និង​ក្រសួង​យុត្តិ​ធម៌​កំពុង​សិក្សា​គម្រោង​អនុវត្ត​ទោស​សហ​គមន៍​ដោយ​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ​។លោក​បាន​ពន្យល់​ថា ​ក្រោយ​តុលា​ការ​កាត់ទោស​រួច ត្រូវ​បញ្ជូន​ជន​ល្មើស​ទៅផ្ទះ​សំបែង​ពួក​គាត់​វិញ ​ប៉ុន្ដែ​ជន​ល្មើស​ត្រូវ​បំពេញ​កាត​ព្វ​កិច្ច​ជា​អ្នក​ទោស​ ដោយ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​។

​លោក​ថា​៖«ឧទាហ​រណ៍​ថា ទោ​សសហ​គមន៍​នេះគឺ​ឱ្យ​អ្នក​ទោស​ទៅ​បោស​សំរាម​និង​ធ្វើ​អនា​ម័យ​នៅ​មូល​ដ្ឋាន​របស់​ខ្លួន​ ដោយ​គ្មាន​ប្រាក់​កម្រៃ​ឡើយ​។​ការ​អនុវត្ត​ទោស​សហ​គមន៍​បែប​នេះ គឺ​សម្រាប់តែ​អ្នក​មាន​ទោស​ស្រាលៗ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធ​នាគារ​»​។

ពាក់​ព័ន្ធ​ការ​លើក​ឡើង​នេះ​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត បាន​ថ្លែង​ថា វា​ល្មម​ដល់​ពេល​ដែល​រាជ​រដ្ឋាភិ​បាល​គួរតែ​ប្រញាប់​បញ្ចប់​ការ​សិក្សា​ហើយ​ងាក​ទៅរក​ការ​អនុវត្ត​ទោស​សហ​គមន៍​ជា​ពិសេស​គឺ​តុលា​ការ​ដែល​គួរតែ​ចាប់​ផ្តើម​អនុវត្ត​ទោស​ក្នុង​សហ​គម​ន៍នៅ​ពេល​ការ​អនុត្ត​បែប​នេះ​មាន​ចែង​ក្នុង​ច្បាប់​រួច​ទៅ​ហើយ​។​

លោក​ថា​៖​​ «​កន្លង​មក​រាជរ​ដ្ឋាភិ​បាល​ក៏បាន​សិក្សា​ដែរទៅលើ​ការងារ​ទោស​សហ​គមន៍​ដោយ​លើក​ហេតុថា​ប្រជាពលរដ្ឋ​អត់​ទាន់​យល់​ដឹង​ហើយ​អត់​ទាន់​មាន​នីតិវិធី​ក្នុងការ​អនុវត្ត​ជា​ដើម ​អ៊ីចឹង​បើសិន​ជា​រាជរ​ដ្ឋាភិ​បាល ​លោក​មាន​ឆន្ទៈ​ក្នុងការ​អនុវត្ត​សម្រាប់​ទោស​សហ​គមន៍​នេះ​គឺ​អាច​ធ្វើទៅ​បាន​ពីព្រោះ​ការ​សិក្សា​យូរ​មក​ហើយ​ដែរ​»​។​

​លោក​បន្ថែម​ថា ​ជា​ការ​ពិត​ការ​អនុវត្ត​ទោស​សហ​គមន៍​នេះ​ក៏​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៃ​ពន្ធ​នាគារ​និង​កាត់​បន្ថយ​បន្ទុក​ការ​ចំណាយ​របស់​ពន្ធនា​គា​រ​សម្រាប់​អ្នក​ដែល​ត្រូវ​អនុវត្ត​ទោស ប៉ុន្តែ​លោក​ស្នើថា​ ការអ​នុវត្ត​នោះ​ត្រូវមាន​នីតិ​វិធី​ក្នុង​ការ​តាម​ដាន​និង​ត្រួតពិ​និត្យ​ឬ​គ្រប់​គ្រង​ចំពោះ​អ្នក​ដែល​ត្រូវ​ដាក់​ឱ្យ​អនុវត្ត​ទោស​សហ​គមន៍​ឱ្យបាន​ត្រឹម​ត្រូវ​។

លោក​ថា​៖​​«​បើសិន​យើង​អនុវត្ត​ត្រូវ​ឱ្យមាន​តម្លា​ភាព​និង​យុត្តិ​ធម៌​គឺ​ដាក់ឱ្យ​ត្រូវ​លក្ខ​ខណ្ឌ​បាន​ន័យ​ថា លក្ខ​ខណ្ឌ​ណា​ដែល​អាច​ឱ្យ​ធ្វើការ​ងា​រស​ហគ​មន៍​ដោយ​មិន​ត្រូវ​ឱ្យមាន​កា​ររើសអើង​ត្រូវ​អនុវត្ត​តាម​គោល​ការណ៍​នៃ​ច្បាប់ ​តម្លាភាព​ចៀស​វាង​អំពើ​ពុក​រលួយ ​បក្ខ​ពួក​»​។​

ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិ​វឌ្ឍន៍ និង​សន្ដិភាព​លោក ​យង់ គិ​ម​អេង បាន​ថ្លែង​ថា ការ​ដាក់​អនុវត្ត​ទោស​សហ​គមន៍​គឺជា​ការ​មួយ​ប្រសើរ​និង​ជួយ​ដល់​ការ​អភិ​វឌ្ឍ​នៅ​មូល​ដ្ឋាន​។

​លោក​ថា​៖«​ព្រោះ​ការ​ប្រើ​ប្រាស់​ទោ​សសហ​គមន៍វា​ជួយ​អភិវ​ឌ្ឍសហ​គមន៍​បាន​ទៅមុខ​លឿនហើយ​នឹង​អាច​កាត់​បន្ថយ​ភាព​កក​ស្ទះ​នៅ​ក្នុង​ពន្ធ​នាគារ​កុំឱ្យ​ថា ​ទោស​បន្តិច​បន្តួច​ដាក់​ពន្ធនា​គារ​ដល់អ៊ី​ចឹ​ង​ទៅ​ធ្វើឱ្យ​ភាព​កកស្ទះ​​នៅ​ពន្ធនាគារ​វា​ខ្លាំង ដែល​ប៉ះពាល់​ដល់​សុខ​ភាព​អ្នក​ទោស​ជាដើ​ម​»​។

​លោក​បន្ត​ថា​ ការអ​នុវត្ត​ទោ​សសហ​គមន៍​នេះ​ជួយ​ច្រើន​ ហើយក៏​​ជាការ​រៀនសូត្រ​មួយ​ធ្វើឱ្យ​ជន​ល្មើស​មាន​ការ​កែលម្អ​ការ​ងារ​ទៅ​ថ្ងៃ​អនា​គត​សម្រាប់​ជីវិត​រស់​នៅ ​កសាង​ជីវ​ភាព​ត្រឹម​ត្រូវ​ឡើង​វិញ ។​

​លោក​ ស ខេង បាន​បញ្ជាក់​ថា ក្រសួ​ងមហា​ផ្ទៃនិ​ង​ក្រសួង​យុត្តិ​ធម៌​នឹង​សិក្សា​ចំពោះ​ទោស​សហ​គមន៍​នេះ ឱ្យបាន​ហ្មត់​ចត់​បំផុត​មុននឹង​អនុវត្ត​គម្រោង​ទាំង​នេះឱ្យមា​ន​ប្រសិទ្ធ​ភាព​​។​

លោក​បាន​ថ្លែងថា​៖ «​នា​ពេល​ខាងមុខនេះយើ​ង​ក៏​កំពុង​ជំរុញ​ជា​ពិសេស​ក្រសួង​មហា​ផ្ទៃ និ​ង​ ក្រសួង​យុត្តិ​ធម៌ ទាក់​ទង​ទៅ​នឹង​គម្រោង​អនុវត្ត​ទោស​សហ​គមន៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​ព្រហ្ម​ទណ្ឌ​របស់​យើង​ដើម្បី​ចៀស​វាង​និង​ដោះ​ស្រាយភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ អ៊ីចឹ​ង​ទោស​កម្រិត​ស្រាល ​អាហ្នឹង​យើង​នឹង​ខិត​ខំ​អនុ​វត្ត​នូវ​គម្រោង​ទោ​សសហ​គមន៍​»៕