កណ្តាលៈ សំរាម​ប្លាស្ទិក​ត្រូវបាន​គេ​ដឹងថា ​ជា​សំរាម​ដែល​បង្ក​ផលប៉ះពាល់​ខ្លាំង​ទៅដល់​បរិស្ថាន ​ប៉ុន្តែ​ដោយសារ​តម្រូវ​ការចាំបាច់​ក្នុង​ការប្រើប្រាស់​ប្លាស្ទិក​នៅតែ​មាន ​ដូច្នេះ​កាកសំណល់​ប្រភេទ​នេះ ​នៅ​កន្លែង​ខ្លះ​ត្រូវបាន​គេ​បោះចោល​ពាសវាល​ពាស​កាល​។ ដោយសារ​តែ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​សំណល់​ប្លាស្ទិក ​បុរស​ម្នាក់​បាន​កែច្នៃ​ប្លាស្ទិក​ឱ្យទៅជា​ឥដ្ឋ​។​

ដោយ​ហេតុថា ​ប្លាស្ទិក​ផ្ដល់​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ ​សកម្មភាព​ជាច្រើន​បានកើត​ឡើងជា​បន្តបន្ទាប់ ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ សកម្មភាព​ទាំងនោះ ​រួមមាន ​ការបង្កើត​យុទ្ធនាការ​រើស​សំរាម ​ការយក​ប្លាស្ទិក​ទៅ​កែច្នៃ ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ប្លាស្ទិក ​និង​ការបង្កើត​ផលិតផល​ផ្សេង ​ដើម្បី​ប្រើប្រាស់​ជំនួស​ប្លាស្ទិក​ជាដើម​។​

បុរស​ម្នាក់ ​រស់នៅ​ខេត្តកណ្ដាល ​បាន​បង្កើត​សិប្បកម្ម​មួយ ​ដែល​លោក​ឱ្យ​ឈ្មោះ​ថា ​ឥដ្ឋ​អេកូ​(Eco-brick) ​ដែល​មុន​នឹង​បង្កើត​នូវ​អាជីវកម្មនេះ​ លោក​បាន​ទៅ​សិក្សា​ទ្រឹស្តី​ពី​ប្រទេស​ថៃ ​ម៉ាឡេស៊ី ​ហ្វីលីពីន ​ចិន​ ឥណ្ឌា​។ ក្រៅពី​នោះ​ លោក​ធ្វើ​ស្វ័យ​សិក្សា ​ដោយ​ការស្រាវជ្រាវ​តាម​យូធូប ​និង​តាម​អ៊ីនធឺណិត​។​

​លោក​សុខ ធី ​ជា​អ្នក​កែច្នៃ​កាកសំណល់​ប្លាស្ទិក​ផលិត​ជា​ឥដ្ឋ​អេកូ​នៅ​ខេត្តកណ្ដាល ​ដែល​សិប្បកម្ម​របស់​លោក​ត្រូវបាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០២០​។ បើតាម​លោក​សុខ ធី ​មូលហេតុ​ដែល​ជំរុញ​ឱ្យ​លោក​ចង់​ធ្វើ​អាជីវ​កម្មនេះ​ ដោយសារតែ​ លោក​បាន​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ប្លាស្ទិក​។ ម្យ៉ាង​ទៀត​ ដោយសារ​ការមើលឃើញ​ពី​ការប្រឈម​គ្រោះថ្នាក់​របស់​កម្មករ​ផលិត​ឥដ្ឋ ​ដោយ​កន្លងមក ​មាន​គ្រោះថ្នាក់​ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ​។​

លោក​សុខ ធី ​និយាយថា​៖«ប្លាស្ទិក ​មាន​នៅ​គ្រប់​ទីកន្លែង ​ហើយ​ការយក​វា​ទៅ​ច្នៃ ​ក៏​នៅមាន​កម្រិត​នៅ​ឡើយ​។ ដូច្នេះ​បើសិន​ខ្ញុំ​អាច​បង្កើត​សិប្បកម្ម​មួយ ​ខ្ញុំ​គិតថា ​អាចជួយ​បរិស្ថាន​បាន​ច្រើន»។​

​សម្រាប់​វត្ថុធាតុ​ដើម​ក្នុង​ការផលិត ​គឺ​ប្លាស្ទិក ​លោក​បាន​យក​វា​ចេញពី​សាលារៀន ​អង្គការ ​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ​និង​ជាពិសេស ​គឺ​ការបង្កើត​កម្មវិធី​យក​ប្លាស្ទិក​ទៅ​ដោះដូរ​ជា​ឥដ្ឋ​បរិស្ថាន ​ដែល​សិប្បកម្ម​លោក​បាន​បង្កើត​ជាដើម​។​

លោក​បន្តថា​៖«កន្លងមក​មាន​បងប្អូន​យក​កាកសំណល់​ប្លាស្ទិក​ដែល​ស្ងួត​ល្អ ​មក​ដោះដូរ ​ដោយ​យើង​គិត​ឱ្យ​ពួកគាត់​ជា​ឥដ្ឋ​១​ដុំ ​ដូរ​នឹង​ប្លាស្ទិក​២​គីឡូក្រាម»។​

ដោយឡែក ​សម្រាប់​ប្លាស្ទិក​ដែលជា​វត្ថុធាតុ​ដើម​ក្នុងការ​ផលិត​ឥដ្ឋ ​លោក​សុខ ធី ​អះអាងថា ​មាន​មិន​ខ្វះ​ទេ ​ស្ទើរតែ​ពេលខ្លះ​ផលិត​មិនទាន់ ​ប្លាស្ទិក ​គរ​ជា​គំនរ​ក៏មាន​។​

អ្នក​កែច្នៃ​ប្លាស្ទិក​រូបនេះ ​បាន​ឱ្យដឹង​ពី​ដំណើរការ​នៃ​ការផលិត​ឥដ្ឋ​ពី​ប្លាស្ទិកថា​៖«ដំបូង​ត្រូវ​កិន​ប្លាស្ទិក​ ដែល​គេ​យកមក​ឱ្យ​ ដោយ​យើង​មាន​លាយ​វត្ថុធាតុ​ដើម​សំខាន់ៗ ​ហើយ​យើង​ដាក់ចូល​ទៅក្នុង​ពុម្ព​ដើម្បី​សង្កត់»។​

លោក​បន្តថា​៖«ដំណើរការ​ផលិត​ឥដ្ឋ ​មិន​ចំណាយពេល​យូរ​ទេ ​ឱ្យតែ​យើង​មាន​វត្ថុធាតុដើម ​យើង​ដាក់​លាយ​ចូល ​យើង​សង្កត់​តែមួយ​ភ្លែត ​ត្រឹមតែ​១​នាទី ​ចេញ​បាន​៦​ដុំ​។ បន្ទាប់មក​យើង​ត្រូវ​រក្សាទុក​នៅក្នុង​រោង​១​យប់​សិន ​ទើប​យើង​យកចេញ ​ហើយ​ក្រោយមក​អាច​យក​ចេញទៅ​ដាក់​ហាលថ្ងៃ​១​ព្រឹក ​ឬ​១​ថ្ងៃ ​គឺ​យើង​អាច​យកទៅ​ប្រើប្រាស់​បាន​ហើយ»។​

សម្រាប់​ផលិតកម្ម​នៃ​សិប្បកម្ម​របស់​លោក ​គឺ​១​ថ្ងៃ ​អាច​មាន​លទ្ធភាព​ផលិត​បាន​ពី ​១ ០០០-១ ២០០​ដុំ ​ហើយ​ដែល​ឥដ្ឋ​ទាំងនោះ​នឹងត្រូវ​លក់​ទៅកាន់​ទីផ្សារ​ខុសៗ​គ្នា​តាម​បណ្ដា​ខេត្ត​នានា​។ លោក​ក៏បាន​បញ្ជាក់​ដែរថា ​អតិថិជន​ភាគច្រើន​ជាវ​ផលិតផល​របស់​លោក​ទៅ​សាង​សង់ផ្ទះ ​ធ្វើ​របង ​តុបតែង​ហាង ​ឬ​ភោជនីយដ្ឋាន​ជាដើម។​

សម្រាប់​តម្លៃ លោក​បាន​ចែកជា​២ ​ទី​១ ​គឺ​ប្រភេទ​ឥដ្ឋ​លាត​ធម្មតា​(ឥដ្ឋ​មាន​ផ្ទៃ​រលោង​ស្មើ)​១​ម៉ែត្រ​ការ៉េ ​មាន​៤០​ដុំ ​លក់​ក្នុង​តម្លៃ​៩​ដុល្លារ​កន្លះ​។ ទី​២ ​គឺ​ឥដ្ឋ​ប្រភេទ​ម៉ូដ​ក្បាច់ ​ដែល​មាន​តម្លៃ ១​ការ៉េ ​១០​ដុល្លារ​កន្លះ​។

បើ​តាម​ម្ចាស់​សិប្បកម្ម​រូបនេះ ​កន្លងមក ​លោក​ក៏បាន​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ​គឺ​បញ្ហា​ទីតាំង​សិប្បកម្ម​ប្រឈម​នឹង​ការលិចទឹក ​កង្វះ​បច្ចេកទេស​ក្នុង​ការផលិត ​និង​កង្វះ​ដើមទុន​។ ប៉ុន្តែ​ដោយមាន​គំនិត​ចង់​ប្រកប​អាជីវ​កម្មនេះ​ លោក​បាន​រក​ទុន​តាមរយៈ​ការខ្ចី​ពី​បងប្អូន ​អ្នក​ស្គាល់គ្នា ​និង​ព្យាយាម​រក​តាមរយៈ​ការចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នានា​។​

​លោក ​សុខ ធី ​បាន​បញ្ជាក់​ដែរថា ​កន្លងមក​លោក​បាន​ចូល​ប្រឡង​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត ​ដើម្បី​ស្គាល់​ឱ្យ​កាន់តែ​ច្បាស់​ពី​សមត្ថភាព​ខ្លួនឯង ​ក៏ដូចជា​រក​ទុន​សម្រាប់​បើក​សិប្បកម្ម​។ ជា​លទ្ធផល ​លោក​ទទួលបាន​ជយលាភី​លេខ​១​ជាច្រើន​ប្រកួត ​ព្រមទាំង​មាន​ការទទួល​ស្គាល់​ពី​សំណាក់​អតិថិជន ​ក៏ដូចជា​ក្រុម​សហគ្រិន​ផងដែរ​។​

សម្រាប់​គម្រោង​ទៅ​ថ្ងៃមុខ ​លោក​សុខ ធី ​បានឱ្យដឹងថា ​លោក​ចង់​ពង្រីក​សាខា​ឱ្យបាន​គ្រប់​ខេត្ត-​រាជធានី ​ខណៈដែល​បច្ចុប្បន្ន ​លោក​មាន​សាខា​នៅ​បណ្ដា​ខេត្ត​មួយចំនួន ​ដូចជា ​ខេត្តតាកែវ ​កំពង់ស្ពឺ ​ពោធិ៍សាត់ ​ក្រុងប៉ៃលិន ​សៀមរាប​ ត្បូងឃ្មុំ ​និង​ខេត្តក្រចេះ​។

​អ្នក​កែច្នៃ​ប្លាស្ទិក​រូបនេះ ​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាជន​កម្ពុជា ​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​ទាំងអស់​គ្នា​ ឱ្យបាន​ច្រើន​បំផុត ​តាម​ដែល​អាចធ្វើ​ទៅ​បាន​៕