ភ្នំពេញៈ សាកលវិទ្យាល័យ Okayama(Okayama University) របស់ជប៉ុន បាននិងកំពុងរៀបចំពិព័រណ៍សិក្សាអនឡាញ សម្រាប់ប្រទេសកម្ពុជា និងប្រទេសអាស៊ាន ឆ្នាំ២០២៣ និងសម្រាប់ប្រជាជននៃបណ្តាប្រទេសទាំងនេះ ដែលមានបំណងទៅសិក្សានៅប្រទេសជប៉ុន។
ពិព័រណ៍សិក្សានេះ រៀបចំឡើងរយៈពេល ជាង៣សប្តាហ៍ នៅឆ្នាំ២០២៣នេះ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៥ ខែមករា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមករា។
សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសិក្សានៅប្រទេសជប៉ុន សម្រាប់អាស៊ាន (Study in Japan for ASEAN)ប្រចាំរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមករា ដែលផ្សព្វផ្សាយ ដោយសា្ថនទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា បានបញ្ជាក់ថា កម្មវិធីពិព័រណ៍សិក្សាអនឡាញនេះ គឺជាផ្នែកមួយនៃគម្រោងបណ្តាញសកល នៃការសិក្សានៅប្រទេសជប៉ុន នៅអាស៊ាន(Study in Japan Global Network Project -ASEAN) ដែលជាគម្រោងផ្តល់ឱ្យដោយក្រសួងអប់រំជប៉ុន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«កម្មវិធីនេះបានប្រារព្ធឡើងចំនួន ៦ដង ក្នុងនោះតាមរយៈអនឡាញ២ដង។ ចំណែកឯ នៅប្រទេសកម្ពុជា ឡាវ មានចំនួន១ដង តាមរយៈអនឡាញ។ ដោយសារការរាតត្បាតដោយវីរុសកូវីដ១៩ ពិព័រណ៍សិក្សានេះធ្វើឡើងតាមរយៈអនឡាញ សម្រាប់ប្រទេសអាស៊ានចំនួន១០»។
ក្រៅពីគោលបំណងបង្កើនចំនួននិស្សិតពីអាស៊ានទៅសិក្សានៅប្រទេសជប៉ុន ពិព័រណ៍សិក្សានេះ ក៏មានគោលបំណងផ្តល់ជូនប្រជាជនអាស៊ាននូវព័ត៌មានចាំបាច់ និងថ្មីចុងក្រោយបង្អស់ ដើម្បីលើកទឹកចិត្តឱ្យពួកគេទៅសិក្សានៅប្រទេសជប៉ុន ព្រមទាំងផ្តល់នូវព័ត៌មានការងារ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសជប៉ុនផងដែរ។
សេចក្តីប្រកាសព័ត៌មានបន្តថា៖«នៅក្នុងពិព័រណ៍សិក្សានេះ យើងនឹងណែនាំព័ត៌មានអំពីការសិក្សានៅប្រទេសជប៉ុន ឱកាសការងារ ស្ថាប័ន និងគ្រឹះស្ថានអប់រំ ដែលចូលរួមនៅលើគេហទំព័រពិសេស»។
ប្រភពដដែលបន្ថែមថា ស្ថាប័ន និងគ្រឹះស្ថានអប់រំចំនួន៥៣ មកពីទូទាំងប្រទេសជប៉ុន នឹងផ្ដល់ការប្រឹក្សាតាមអនឡាញ និងណែនាំព័ត៌មានអាហារូបករណ៍ និងព័ត៌មានបន្ថែម សម្រាប់អ្នកដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន។
ពិព័រណ៍អនឡាញនេះត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសម្រាប់គម្រប់ខួប៥០ឆ្នាំនៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងគម្រប់ខួប៧០ឆ្នាំ នៃមិត្តភាព រវាងកម្ពុជា-ជប៉ុន។
គួររំឭកថា ការិយាល័យសិក្សានៅប្រទេសជប៉ុនសម្រាប់អាស៊ានប្រចាំរាជធានីភ្នំពេញ ត្រូវបានបើកដំណើរការជាផ្លូវការនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន(CJCC) ដែលមានទីតាំងស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០២២។
ការិយាល័យសិក្សានេះមានបេសកកម្មការងាររៀបចំកម្មវិធីសិក្ខាសាលាពិសេសនៅកម្ពុជា សម្រាប់ការសិក្សានៅប្រទេសជប៉ុន តាមអនឡាញ និងដោយផ្ទាល់ ដើម្បីអបអរសាទរ និងរំឭកដល់ការបើកសម្ពោធការិយាល័យសិក្សានេះ។
សាកលវិទ្យាល័យ Okayama ត្រូវបានចាត់តាំងឱ្យអនុវត្តគម្រោងបណ្តាញសកល នៃការសិក្សានៅប្រទេសជប៉ុន នៅអាស៊ានដោយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា(MEXT) របស់ជប៉ុន នៅឆ្នាំ២០១៩ ក្នុងគោលបំណងបង្កើនចំនួននិស្សិតអន្តរជាតិពីអាស៊ាន ១,៥ដង ក្នុងរយៈពេល៥ឆ្នាំ៕