ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ ដាក់ចេញផែនការសកម្មភាពរួមគ្នារយៈពេល ៦ខែ ដើម្បីចុះត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាន ក្នុងការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម ឬបទល្មើសផ្សេងៗដោយប្រើប្រាស់ជនបរទេសនៅកម្ពុជា។
ការដាក់ចេញផែនការរួមគ្នានេះ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅ កម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ បន្ទាប់ពីក្រសួងទាំង២ បានអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ដោយបានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស តាមសហគ្រាស គ្រឹះស្ថាន ដែលបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០០០។
ក្នុងឱកាសនោះ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងទាំង២គឺម្ចាស់ឬក៏នាយកសហគ្រាសគ្រឹះស្ថានភាគច្រើនបានយល់ដឹង និងចូលរួមអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារកាន់តែល្អប្រសើរ។
ទោះជាយ៉ាងណា លោកបានអះអាងថា គណៈកម្មការអន្តរក្រសួងជំរុញនិងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស បានដាក់ចេញនូវយុទ្ធនាការប្រតិបត្តិការដែលមានរយៈពេល៦ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៣។
លោកបានបន្តថា ផែនការនេះត្រូវបានបែងចែកជា២ដំណាក់កាលដោយដំណាក់កាលទី១មានរយៈពេល៣ខែ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣ ជាដំណាក់កាលផ្សព្វផ្សាយបានទូលំទូលាយដល់សហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីយល់ជ្រួតជ្រាប និងចូលរួមអនុវត្ត ព្រមទាំងផ្សព្វផ្សាយបន្តនូវគោលការណ៍វិធានការដែលច្បាប់បានកំណត់អំពីការងារអធិការកិច្ចហត្ថពលកម្មបរទេស។
លោកបានបញ្ជាក់ថា៖«ក្នុងដំណាក់កាលផ្សព្វផ្សាយ តម្រូវឱ្យសហគ្រាស គ្រឹះស្ថាន ដែលប្រើប្រាស់ហត្ថពលកម្មបរទេសបំពេញរបាយការណ៍ស្វ័យប្រកាសអំពីការប្រើប្រាស់ហត្ថពលកម្មបរទេសដូចដែលមានគំរូផ្តល់ជូន និងត្រូវបញ្ជូនមកវិញតាមរយៈការងារអធិការកិច្ចហត្ថពលកម្មបរទេស នៅរាជធានី-ខេត្ត ឱ្យបានមុនថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣។
ចំណែកដំណាក់កាលទី២ លោក អ៊ិត សំហេង បានអះអាងថា គឺមានរយៈពេល ៣ ខែ ចាប់ពីខែមេសា ដល់ដំណាច់ ខែមិថុនា ឆ្នាំ២០២៣ ជាដំណាក់កាលចុះអធិការកិច្ចជាក់ស្តែងនៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន ដែលមានប្រើប្រាស់ហត្ថពលកម្មបរទេស ដោយផ្អែកតាមស្វ័យរបាយការណ៍ និងប្រតិទិនរបស់ក្រុមការងារ។
លោកបានបញ្ជាក់ថា៖«ផែនការសកម្មភាពនេះ ក៏មានគោលបំណងក្នុងការចូលរួមចំណែកគាំទ្រដល់ផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀត សំដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម»។
លោក អ៊ិត សំហេង ប្រកាសដែរថា រាល់ពេលចុះប្រតិបត្តិការគឺត្រូវមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូង រាជធានី-ភ្នំពេញ ។ ក្នុងអំឡុងពេលប្រតិបត្តិការ ម្ចាស់ ឬនិយោជក ត្រូវបង្ហាញវត្តមានពលករបរទេសគ្រប់រូបនិងឯកសារពាក់ព័ន្ធរបស់ពួកគេម្នាក់ៗដល់ក្រុមអធិការកិច្ចហត្ថពលកម្មបរទេស ហើយ ក្នុងករណីរកឃើញបទល្មើសដទៃទៀត ក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស ត្រូវរាយការណ៍ជូនអភិបាលរាជធានី-ខេត្ត ដើម្បីសុំគោលការណ៍ចាត់វិធានការស្របតាមនីតិវិធី។
តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការផ្តល់បណ្ណការងារ ឬសៀវភៅការងារដល់ជនបរទេសមានការកើនឡើងពី ៤០០ នាក់ នៅក្នុងឆ្នាំ២០១៣ ដល់ប្រមាណ ២០៧ ៨៨៦នាក់ នៅក្នុងឆ្នាំ ២០១៩។ ប៉ុន្តែចំនួននេះ បានថយចុះមកវិញក្នុងអំឡុងជួបវិបត្តិកូវីដ១៩ ដែលមានចំនួន ១៨១ ៦៥៣នាក់ គិតត្រឹមឆ្នាំ ២០២២ ដែលនាំឱ្យក្រសួងការងាររកចំណូលចូលថវិកាជាតិ និង ប្រាក់ពិន័យសរុបប្រមាណ ២២,៨ លានដុល្លារ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យគណៈកម្មការអន្តរក្រសួងបន្តពង្រឹងនិងលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញការងាររួមគ្នារបស់ក្រសួងស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេសឱ្យត្រឹមត្រូវតាមច្បាប់។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់កម្មករនយោជិតបរទេស និយោជកនៃរោងចក្រ សហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ ចៀសវាងទទួលរងនូវទណ្ឌកម្មណាមួយពីមន្ត្រីមានសមត្ថកិច្ច។
លោក ស ខេង បានបញ្ជាក់ថា៖«ក្នុងពេលចុះធ្វើអធិការកិច្ច ករណីរកឃើញតម្រុយសង្ស័យបទល្មើសជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ឬបទល្មើសផ្សេងៗទៀត ក្រុមចម្រុះអធិការកិច្ច ត្រូវរាយការណ៍ជាបន្ទាន់មកគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងគណៈកម្មការអន្តរក្រសួងដើម្បីចាត់វិធានការស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន»៕