ភ្នំពេញៈ អ្នកជំនាញអង្គការសហប្រជាជាតិ បានជំរុញឱ្យកម្ពុជាទទួលស្គាល់ស្របច្បាប់នូវគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីធានាដល់ការការពារពួកគេពីអំពើហិង្សា និងការរើសអើង បើទោះបីជាកម្ពុជាមានការបើកសិទ្ធិទូលំទូលាយ ទៅដល់អ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ។
ការជំរុញបែបនេះធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ (Victor Madrigal-Borloz) អ្នកជំនាញអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការពារប្រឆាំងអំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា កម្ពុជាបានទទួលស្គាល់ពីដើមដំបូងថា ភាពចម្រុះនៃនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ គឺជាចរិតលក្ខណៈមួយរបស់មនុស្សជាតិ។
លោកថា ពលរដ្ឋកម្ពុជា និងសមាជិក នៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា គឺជាសមាជិកដ៏មានតម្លៃនៅក្នុងសង្គម ដែលពួកគេមានសិទ្ធិរស់នៅប្រកបដោយសេរីភាព និងសមភាព។
ក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃរបស់លោកលោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ បានធ្វើដំណើរក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយបានជួបជាមួយតំណាងរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល និងអ្នកស្រឡាញ់ភេទដូចគ្នាជាង ១០០នាក់ ដែលបានចែករំលែកបទពិសោធន៍ជីវិតរបស់ពួកគេរៀងៗខ្លួន។
អំឡុងពេលទស្សនកិច្ចនេះ លោកបានបញ្ជាក់ថា មិនបានទទួលព័ត៌មានណាមួយ ពាក់ព័ន្ធនឹងអំពើហិង្សា លើរាងកាយទ្រង់ទ្រាយធំ ឬជាលក្ខណៈប្រព័ន្ធ លើក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ បានថ្លែងថា៖ «ខ្ញុំក៏កត់សម្គាល់ឃើញផងដែរថា ប្រទេសកម្ពុជាមិនមានច្បាប់ដែលដាក់ទោសលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រនោះទេ។ នេះពិតជាបានផ្តល់ឱ្យខ្ញុំនូវចំណុចចាប់ផ្តើម ដែលជាការលើកទឹកចិត្តមួយ»។
អំពើហិង្សា និងការរើសអើងប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា មានប្រភពចេញពីរង្វង់គ្រួសារ ហើយបន្ទាប់មក រីករាលដាលដល់ជីវិតនៅក្នុងសាលារៀន ការងារ និងនៅពេលទទួលសេវាសុខភាព។ កង្វះខាតទិន្នន័យ ធ្វើឱ្យមានការលំបាកក្នុងការវិភាគបញ្ហាប្រឈម ដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះ និងការដាក់ចេញ និងអនុវត្តវិធានការដើម្បីដោះស្រាយបញ្ហាទាំងនេះ ។
ទន្ទឹមនេះ លោក ម៉ាឌ្រីហ្គាល់ បូឡូ បានណែនាំថា កម្ពុជាគួរតែមានការអង្កេតស្ទង់មតិ និងការប្រមូលទិន្នន័យ។ មិនតែប៉ុណ្ណោះ លោកស្នើឱ្យមានការចូលរួមពេញលេញ របស់សហគមន៍ពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ក្នុងការរៀបចំបង្កើតការអនុវត្ត និងវាយតម្លៃគោលនយោបាលសាធារណៈ ដែលនេះគឺជាផ្នែកមួយមិនអាចខ្វះបាន។
អ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិរូបនេះ ក៏បានបង្ហាញថា ៖ «នៅក្នុងបរិបទកម្ពុជា សហគមន៍មូលដ្ឋាន បានកំណត់ការទទួលស្គាល់ផ្លូវច្បាប់ ចំពោះគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាគន្លឹះបរិយាប័ន្នសង្គម។ កត្តានេះមានទំនាក់ទំនងជាក់លាក់ ចំពោះគុណតម្លៃ ដែលដក់ជាប់យ៉ាងជ្រៅ ដែលពង្រឹងចំណងមេត្រីគ្រួសារ និងការគោរព និងសាមគ្គីភាពអន្តរជំនាន់ ជាផ្នែកមួយនៃការទទួលស្គាល់តម្លៃខ្លួនឯង និងការទទួលខុសត្រូវក្នុងសង្គម។
លោក ម៉ាឌ្រីហ្គាល់ បូឡូ បានលើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងការជំរុញវឌ្ឍនភាពឆាប់រហ័ស ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីតថភាពនៃជីវិត និងសេចក្ដីត្រូវការរបស់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ស្របតាមការប្ដេជ្ញាចិត្ត ដែលធ្វើឡើងតាំងពីឆ្នាំ២០១៩ គឺការទទួលស្គាល់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការទទួលស្គាល់តាមផ្លូវច្បាប់ នៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ការទទួលស្គាល់តាមផ្លូវច្បាប់ នៃអត្តសញ្ញាណយេនឌ័រ និងការអនុម័តច្បាប់គ្រប់ជ្រុងជ្រោយ ប្រឆាំងការរើសអើង។
ទាក់ទិនរឿងនេះ លោក លឹម បូរិន អ្នកសម្របសម្រួលគម្រោងដើម្បីសមភាពយេនឌ័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ជារួមដំណើរទស្សនកិច្ចរបស់អ្នកជំនាញរូបនេះ អាចជាចំណុចវិជ្ជមានមួយ ឬជាឱកាសមួយក្នុងការផ្សព្វផ្សាយបន្ថែម និងជំរុញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធរួមមាន៖ អង្គការសង្គមស៊ីវិល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីអាចឱ្យការអនុវត្តសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា គឺទទួលបានពេញលេញ។
លោកបានបន្តថា ៖ «ដូច្នេះហើយរាល់អនុសាសន៍របស់អ្នកជំនាញឯករាជ្យរូបនេះ ខ្ញុំសង្ឃឹមថា វាជាផ្នែកមួយក្នុងការជួយជំរុញឲ្យភាគីពាក់ព័ន្ធ ចូលមកជជែក ចូលមកពិភាក្សា ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង១កម្រិតថែមទៀត»។
លោកលឹម បូរិន បានលើកឡើងទៀតថា ទោះបីជាបច្ចុប្បន្ននេះមានការវិវត្តដែលធ្វើឱ្យមានភាពប្រសើរឡើងនូវការគាំទ្រពីសាធារណជនមួយចំនួន និងពីតំណាងរាជរដ្ឋាភិបាល ក្នុងការគាំទ្រសិទ្ធិអ្នកស្រឡាញ់ ភេទដូចគ្នាពិតមែន ប៉ុន្តែលោកថា នៅតែឃើញមានបញ្ហាប្រឈមមួយចំនួនដូចជា សហគមន៍ស្រឡាញ់ភេទដូចគ្នា ពួកគាត់នៅតែបន្តទទួលរងការរើសអើងតាមទម្រង់ជាច្រើន ដែលអាចមកពីលក្ខណៈជាក្រុមគ្រួសារ ពីកន្លែងការងារ និងកន្លែងសាធារណៈមួយចំនួន។
មួយវិញទៀត អាចដោយសារតែកង្វះខាតបញ្ហាផ្លូវច្បាប់ ដែលការពារលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ក្នុងការទទួលយកអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ពីព្រោះថា ប្រទេសកម្ពុជាមិនទាន់មានច្បាប់ក្នុងការគាំទ្រ និងអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់នៅឡើយទេ។
ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានឱ្យដឹងដែរថា នៅក្នុងប្រទេសកម្ពុជា អ្នកស្រឡាញ់ភេទដូចគ្នា មានសេរីភាពគ្រប់យ៉ាង ទាំងការតុបតែងខ្លួន ទាំងការរួមរស់នៅជាមួយគ្នា ទាំងការររៀបការនៅជាមួយគ្នា ទាំងការទិញទ្រព្យសម្បត្តិជាមួយគ្នា និងការធ្វើអ្វីផ្សេងៗ ដោយពុំមានការរឹតត្បិត ឬមានច្បាប់ណាមួយហាមឃាត់ឡើយ បើធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់ផ្សេង គឺមានតែកម្ពុជាទេ ដែលមានសិទ្ធិសេរីភាពទូលំទូលាយបែបនេះ។
ក្រៅពីនេះ លោកថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់ ផ្សព្វផ្សាយទៅកាន់ក្រុមគ្រួសារទាំងអស់ គឺត្រូវតែយកចិត្តទុកលើអ្នកដែលស្រឡាញ់ភេទដូចគ្នាទាំងអស់នោះ។
លោកកត្តា អ៊ន បានបញ្ជាក់ថា៖ «សម្រាប់ប្រទេសកម្ពុជា ក៏កំពុងសិក្សាពិចារណាផងដែរ ក្នុងកាលដែលអនុញ្ញាតជាផ្លូវការអំពីការសំបុត្រអាពាហ៍ពិពាហ៍សម្រាប់ពួកគាត់ ប៉ុន្តែក្នុងបរិបទនេះ ក៏ត្រូវតែក្រឡេកមើលពិភពលោកដែរ ថាតើបណ្ដាប្រទេសណាខ្លះ ដែលត្រូវបានអនុញ្ញាតរួចហើយ អំពីក្របខ័ណ្ឌនៃច្បាប់ ក្នុងការផ្ដល់ សំបុត្រអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា?»។
លោក កត្តា អ៊ន បានបន្តដោយសង្កត់ធ្ងន់ថា៖ «អ៊ីចឹងនិយាយឱ្យខ្លី គឺថា នៅកម្ពុជាមានការទទួលស្គាល់ទូលំទូលាយ មានការបើកសិទ្ធិទូលំទូលាយ ទៅដល់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នានោះគ្រប់បែបយ៉ាង ទាំងការស្លៀកពាក់ ទាំងការកែភេទ ទាំងការចូលរួមសង្គម ទាំងការរស់នៅជាក្រុមគ្រួសារ និងព្រមទាំងជាប្ដី ប្រពន្ធជាដើម ប៉ុន្តែក្របខ័ណ្ឌច្បាប់ គឺនៅតែពិនិត្យមើលតទៅទៀត នៅក្នុងផ្នត់គំនិតប្រជាពលរដ្ឋយើង ក្នុងការទទួលស្គាល់ជាទូទៅរបស់សង្គមយើងក្នុងបរិបទអន្តរជាតិ និងក្របខ័ណ្ឌច្បាប់អន្តរជាតិ៕