ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡានឹងប្រកាសជ្រើសរើសបេក្ខជនចំនួន ៨ ៦១៩ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃ ១០០ ភាគរយ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជន និងកីឡា។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំចុះថ្ងៃទី ២៨ ខែធ្នូ ឆ្នាំមុន ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៣ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំជន និងកីឡា បានឱ្យដឹងថា ចំនួនអាហារូបករណ៍សរុប ៨ ៦១៩ នាក់នេះ បែងចែកជា ៤ អាទិភាពរួមមាន សិស្សទូទៅចំនួន ៥ ៣៩៣ នាក់ សិស្សអាទិភាពនារីចំនួន ១ ១៦៣ នាក់ សិស្សអាទិភាពក្រីក្រចំនួន ១ ៥១៣ នាក់ និងសិស្សអាទិភាពតំបន់ដាច់ស្រយាលចំនួន ៥៥០ នាក់។គ្រឹះស្ថានឧត្តមសិក្សា ដែលបេក្ខជនអាចដាក់ពាក្យស្នើសុំអាហារូបករណ៍រួមមានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ២០ និងគ្រឹះស្ថានឧត្តមសិក្សាឯកជនចំនួន ១៩ សាកលវិទ្យាល័យ និងវិទ្យាស្ថាន។
លោករដ្ឋមន្ត្រីក្រសួងអប់រំ យុជននិងកីឡា បានឱ្យដឹងទៀតថា ការផ្តល់អាហារូបករណ៍នេះ ទី១ គឺផ្តល់តាមរយៈការជ្រើសរើស មានន័យថា បេក្ខជននឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រដោយផ្អែកលើនិទ្ទេសរួមនៃលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣។ ទី២ ជ្រើសរើសតាមរយៈការប្រឡង មានន័យថា បេក្ខជននឹងត្រូវធ្វើការប្រឡងនៅតាមគ្រឹះស្ថានឧត្តមសិក្សាប្រសិនបើជ្រើសរើសមុខជំនាញដែលឆ្លងកាត់ការប្រឡងនិងពុំទាន់ជាប់អាហារូបករណ៍មិនបង់ថ្លៃ ១០០ ភាគរយ នៅកន្លែងណាមួយនៅឡើយ។
ប្រភពដដែលឱ្យដឹងទៀតថា លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍គឺជាសិស្សកំពុងរៀនថ្នាក់ទី ១២ ចំណេះទូទៅ បំពេញវិជ្ជា និងបេក្ខជនស្វៃរិនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២២-២០២៣។
ចំពោះបេក្ខជនឆ្នាំចាស់ដែលពុំទាន់បានជាប់អាហារូបករណ៍ ១០០ ភាគរយ ហើយមានបំណងស្នើសុំអាហារូបករណ៍អាចដាក់ពាក្យប្រឡងលើមុខជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញប៉ុណ្ណោះ និងត្រូវមានព្រឹត្តិបត្រលទ្ធផលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងត្រូវមានអាយុយ៉ាងច្រើនបំផុត ២២ ឆ្នាំ គិតត្រឹមសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ ២០២៣។
លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា៖ «បេក្ខជនជាសិស្សថ្នាក់ទី ១២ ដែលកំពុងសិក្សាក្នុងឆ្នាំសិក្សា ២០២២-២០២៣ ត្រូវមកទទួលសំណុំពាក្យសុំអាហារូបករណ៍ពីវិទ្យាល័យរបស់ខ្លួនយកទៅបំពេញចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ និងប្រគល់មកវិញនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៥.០០ នាទី ល្ងាចជាកំហិត»។
ចំណែកបេក្ខជនស្វៃរិន និងបេក្ខជនបំពេញវិជ្ជាត្រូវមកទទួលសំណុំពាក្យសុំអាហារូបករណ៍ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តដែលខ្លួនបានបំពេញសំណុំបែបបទប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា ២០២១-២០២២ យកទៅបំពេញចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ និងប្រគល់មកវិញនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាចជាកំហិត។
លោកបញ្ជាក់បន្ថែមថា ចំពោះបេក្ខជនដែលពុំមានលក្ខខណ្ឌដូចក្នុង ២ ចំណុចខាងលើ ហើយមានបំណងស្នើសុំអាហារូបករណ៍ចូលរៀនមុខជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវមកទទួលយកសំណុំពាក្យសុំប្រឡងយកអាហារូបករណ៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញយកទៅបំពេញចាប់ពីសប្តាហ៍ទី ២ ដល់សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ ២០២៣ និងប្រគល់ជូនសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញយ៉ាងយូរត្រឹមចុងសប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាចជាកំហិត។
លទ្ធផលនៃការជ្រើសរើសនឹងមានបិទផ្សាយនៅសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ ២០២៣ នៅតាមគ្រឹះស្ថានឧត្តមសិក្សា នីមួយៗក្នុងរាជធានីភ្នំពេញនិងមានបិទផ្សាយនៅតាមគ្រឹះស្ថានឧត្តមសិក្សា មន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្ត និងគ្រប់វិទ្យាល័យដែលមានបេក្ខជនជាប់អាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រមិនបង់ថ្លៃសិក្សា ១០០%។
ចំណែកលទ្ធផលប្រឡងរបស់បេក្ខជនដែលជ្រើសរើសមុខជំនាញឆ្លងកាត់ការប្រឡងនឹងមានបិទផ្សាយនៅសប្ដាហ៍ទី ១ ខែមករា ឆ្នាំ ២០២៤ នៅតាមមណ្ឌលប្រឡងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
លោក ហង់ជួន ណារ៉ុន បានឱ្យដឹងបន្ថែមថា សេចក្ដីណែនាំក្នុងការបំពេញពាក្យ លក្ខខណ្ឌកំណត់មុខវិជ្ជា និទ្ទេសរួម និងចំនួនជ្រើសរើសតាមមុខជំនាញនីមួយៗនិងការកំណត់តំបន់ដាច់ស្រយាលនៅតាមរាជធានី-ខេត្តមានចែងក្នុងសៀវភៅកម្រងព័ត៌មានអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដែលបានចែកជូនដល់បេក្ខជនប៉ុណ្ណោះ។ បេក្ខជនអាចតវ៉ាចំពោះលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍នៅនាយកដ្ឋានឧត្តមសិក្សាក្នុងរយៈពេល ១០ ថ្ងៃគិតចាប់ពីថ្ងៃប្រកាសផ្សព្វផ្សាយលទ្ធផលអាហារូបករណ៍។
ដោយឡែកចំពោះបេក្ខជនដែលមានបំណងដាក់ពាក្យសុំអាហារូបករណ៍លើមុខជំនាញវិស័យសុខាភិបាលសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នេះ ត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិ ហើយមិនត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍តាមរយៈក្រសួងអប់រំ យុវជន និងកីឡាឡើយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី បានឱ្យដឹងនៅថ្ងៃទី ២២ ខែមករាថា ការផ្តល់អាហារូបករណ៍នេះនៅមានចំនួនតិចនៅឡើយ ហើយការផ្តល់អាហារូបករណ៍នេះទៀតសោតទោះបីផ្តល់ឱ្យ ១០០ ភាគរយឬលើសនេះទៀតក៏ដោយ ប៉ុន្តែការស្នាក់នៅហូបចុករបស់និស្សិតមួយចំនួននៅជួបបញ្ហាខ្វះខាតដោយសារបញ្ហាជីវភាពប្រចាំថ្ងៃរបស់អាណាព្យាបាល ជាពិសេសការដោះបំណុលធនាគារ។
លោកស្រីថ្លែងថា៖ «ពលរដ្ឋ[ខ្លះ]បានត្អូញត្អែរថាទោះបីឱ្យអាហារូបករណ៍ដល់ ២០០% ក៏ដោយ ក៏គាត់អត់មានសមត្ថភាពក្នុងការឱ្យកូនគាត់សិក្សាដែរ អ៊ីចឹងមានតែពួកគាត់បង្ខំចិត្តឱ្យកូនគាត់ធ្វើការដើម្បីរកលុយសងបំណុលធនាគារ»។
អ្នកស្រីបានលើកឡើងដែរថា យុវជនមួយចំនួនលែងចង់បន្តការសិក្សាដោយសារការបន្តការសិក្សាទៅមុខទៀត ចំណាយពេលកាន់តែវែងនាំឱ្យគ្រួសាររបស់គេកាន់តែមានហានិភ័យខ្ពស់អស់ផ្ទះសំបែងជាដើម ហេតុនេះទើបគេត្រូវរូតរះរកការងារធ្វើដើម្បីគ្រួសារដែលជាបញ្ហាចំពោះមុខសំខាន់បំផុត៕