ព្រះវិហារៈ​ សត្វ​ខ្ទីង​ចំនួន ​២​ ក្បាល ​ត្រូវ​បាន​ប្រ​ទះឃើញ​ជាថ្មី​នៅក្នុង​ភូមិ​សាស្ត្រ​តំបន់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ​ដែល​បាន​​ចូល​មក​ស៊ី​ចំណី​ជាមួយ​ហ្វូង​គោ​របស់​អ្នក​ភូមិ​ ខណៈ​មន្ត្រី​ជំនាញ​បាន​អំពាវ​នាវ​ឱ្យមាន​កា​រការពារ​សត្វ​ទាំង​ ២ ​ក្បាល​នេះ ដោយ​មិន​ត្រូវ​ប៉ះ​ពាល់ ឬ​សម្លាប់​នោះ​ឡើយ​។​

​កាល​ពី​ថ្ងៃទី​ ១៣​ ខែមករា ឆ្នាំ​ ២០២៣ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ក្នុង ​ខេត្ត​ព្រះវិហារ​ បាន​ប្រទះ​ឃើញ​សត្វ​ខ្ទីង​ចំនួន​ ២​ ក្បាល (​មេ ​១ កូន​ ១) ក្នុង​ពេល​កំពុង​ចុះ​ល្បាត​គ្រប់​គ្រង​ធន​ធានធម្ម​ជាតិ ​បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ម្តង​រួច​មក​ហើយ ​កាល​ពី​ថ្ងៃទី ​៩ ​ខែ​កក្កដា ​ឆ្នាំ​មុននៅ​ចំណុច​ភ្នំ​ ១០០​ ស្ថិត​នៅ​ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន ​ខេត្ត​ព្រះ​វិហារ​។​

​លោក​ ស្រី ថី ​បណ្ដាញ​សហ​គមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​ព្រះ​វិហារ​ ដែល​បាន​សហ​ការ​ឃ្លាំ​មើល ​និង​ការពារ​សត្វ​ខ្ទីង​នេះ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​២៣ មករា ​ថា ប្រជា​សហ​គមន៍​បាន​ប្រទះ​ឃើញ​ជាថ្មី​ទៀត​នៅ​ចំណុច​ភ្នំ​ ១០០ ​ស្ថិត​នៅ​ភូមិ​ស្រែ​វាល ​ឃុំ​ធ្មា ស្រុក​ជ័យ​សែន​។ លោក​បាន​រៀប​រាប់​ថា ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ​ពួកវា​បាន​ដើរ​រកស៊ី​ចំណី​ជាមួយ​ហ្វូង​គោរ​បស់​អ្នក​ភូមិ​ដែល​ហាក់​មើល​ទៅ​ដូច​ជា​សត្វ​ស្រុក​ដែរ។​លោក​បាន​អះអាង​ថា សត្វ​នេះ​នឹង​មាន​សុវត្ថិ​ភាព ប្រសិ​នបើ​ពួក​វារស់​នៅ​ជាមួយ​ហ្វូង​គោ​ដោយ​មិន​ជួ​បប្រទះ​នឹង​ពួក​ព្រាន​ព្រៃឬ​អន្ទាក់​។

​លោក​បាន​បញ្ជាក់​ថា​៖ «​រាល់​ថ្ងៃពួកវា​នៅ​នឹង​វាល​ស្រែ​ជា​មួយ​ហ្វូង​គោ​។សត្វ​ទាំង​២​ក្បាល​នេះបាន​បណ្តើរ​គ្នា និង​រស់​នៅ​ជាមួយ​ហ្វូង​គោ​អ្នក​ស្រុកដូច​ជា​ជម្រក​ប្រចាំថ្ងៃ​ដែល​ពីមុនៗ​ពួកវា​ដើរ​នៅ​នឹង​ចម្ការ​ស្វាយ​ចន្ទីតែ​ឥឡូវ​វា​ចេញ​មក​នៅ​វាល​ស្រែ​វិញ ខ្ញុំ​ឃើញ​ពីថ្ងៃ​ម្សិល​មិញ​»​។​

​បើទោះ​ជា​បាន​ប្រ​ទះឃើញ​បែប​នេះ លោក ស្រី ថី បាន​អះ​អាង​ថា ប្រជា​សហ​គមន៍​មិន​ហ៊ាន​ទៅជិ​តវាពេ​ក​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិ​ភាព និង​ដឹង​ថា ​វាជា​ប្រភេទ​សត្វ​ដែល​កាច​ខ្លាំង ​ហើយ​វា​តែង​តែ​ផ្អើលឬ​រត់​ចូល​ព្រៃ​នៅពេ​ល​ឃើញ​មនុស្ស ​ប៉ុន្តែ​អ្នកភូមិ​មាន​ការ​ងឿង​ឆ្ងល់​នៅ​ពេល​វា​មក​រស់នៅ​ជាមួយ​ហ្វូងគោ​ ហើយ​មិន​ផ្អើល​នឹង​សកម្ម​ភាព​មនុស្ស​។​

​លោក​បាន​រៀបរាប់​ថា​៖ «​តាំង​ពី​កើត​មក ខ្ញុំ​មិន​ដែល​ឃើញ​សត្វ​នេះ​វា​សាំង​នោះ​ទេ​។ កន្លង​មក​គ្រាន់​តែ​ឃើញ​យើង វា​រត់​ចូល​ព្រៃ​បាក់​ទឹក​បាក់​ព្រៃ​បាត់​ទៅហើ​យ​។ ដល់​ពេល​នេះ ដូច​សត្វ​គេ​ចិញ្ចឹម វា​មិន​ដែល​ឃើញ ​ព្រោះ​សត្វ​នេះ ធ្លាប់​តែ​ឃើញ​ក្នុង​ព្រៃ ហើយ​ធុំក្លិន​មនុស្ស​រត់​ប៉ផាប់​ពភី​ង។ ដល់​ពេលនេះ​ យើង​មក​ឃើញ​នឹង​ស្រែ ហើយ​អ្នកភូមិ​ទាំង​ចាស់ ទាំង​ក្មេង​ដើរ​ទៅ​មើល​បាន​គ្រប់​គ្នា​»​។​

​លោក នេត្រ​ ភក្ត្រា អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​២៣ ​មករា​ថា ការ​ប្រទះ​ឃើញ​សត្វ​ទាំង​២ក្បាល​នេះ​គឺ​មិន​មែន​ជា​លើក​ទី​១ ​នោះ​ទេ​ព្រោះ​ពួកវា​បាន​ផ្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​រស់​នៅ​ជាមួយ​នឹង​ហ្វូង​គោ​អ្នក​ភូមិ​មួយ​រយៈ​ពេល​ធំ​មក​ហើយ​។

​លោក​បាន​អះ​អាង​ថា ស្ថាន​ភាព​បែប​នេះគឺ​​បង្ហាញ​ថា ​សត្វ​ព្រៃនិង​សត្វ​ស្រុក​ដែល​រកស៊ី​ក្នុង​ព្រៃគឺ​បាន​ផ្ស៊ាំ​ជា​មួយ​គ្នា​ទៅ​ហើយ​ដែល​ករណី​នេះ គឺ​មាន​តែ​ទាម​ទារ​ឱ្យ​មាន​ការចូល​រួម​ថែរក្សា​និង​អភិរក្ស​សត្វ​ព្រៃ​ទាំង​នេះដោយ

​កុំ​ធ្វើ​សកម្ម​ភាព​បរ​បាញ់ និង​ធ្វើ​អ្វី​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់ ឬ​គ្រោះ​ថ្នាក់​ដល់​ពួក​វា​។

​លោក​បាន​បញ្ជាក់​ថា​​៖ «​យើង​ត្រូវ​ចូលរួម​ថែរ​ក្សា អភិរក្ស​សត្វ​ព្រៃ កុំ​បរបាញ់ ​និង​ធ្វើ​អ្វី​ទៅ​ដល់​សត្វ​ហ្នឹង​។ បើ​ពួកវា​រក​ស៊ី ដើរ​ជាមួយ​ហ្វូង​គោ ជា​មួយ​ហ្វូង​ក្របី​អីហ្នឹង​បាន គឺ​ឱ្យ​ពួក​វា​បន្ត​រស់នៅ​បន្ត​ទៀត ហើយ​កន្លែង​តំបន់​ទាំង​អស់​ហ្នឹង គឺជា​តំបន់​ដែន​ជម្រក​របស់​វា​ទេ​។ អ៊ី​ចឹ​ង​សូម​ធ្វើ​ម៉េច​ការ​ពារ​កុំឱ្យ​បាត់​បង់​»​។​

​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ ​បច្ចុប្បន្ននេះចំ​នួន​ប្រជា​សាស្ត្រ​នៃ​សត្វ​ខ្ទីង​នៅលើ​ពិភព​លោក​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​មាន​ចន្លោះ​ពី​ ១៥ ០០០​ ទៅ​ ៣៥ ០០០​ ក្បាល ​ក្នុង​នោះបើ​យោង​តាម​ទិន្នន័យ​ទីវាល ចំនួន​សត្វ​ខ្ទីង​ពេញ​វ័យ​អាច​មាន​ចន្លោះ​ពី​៦ ០០០​ ទៅ ២១ ០០០​ ក្បាល​ប៉ុណ្ណោះ​។

​ចំនួន​សត្វ​ខ្ទីង​ត្រូវ​បាន​សិក្សា​ថា​មាន​ការ​ថយចុះ​ជាង​៨០ភាគ​រយ​ក្នុង​រយៈ​ពេល​១​សត​វត្សរ៍​ចុង​ក្រោយ​នេះ ហើយ​សត្វ​ខ្ទីង​នៅលើ​ពិភពលោ​ក​បាន​ថយចុះ​ប្រមាណ​៩០​ភាគរយចា​ប់ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០​មក​។ តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ សត្វ​ខ្ទីង​នៅ​កម្ពុជា​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជាង​៥០​ភាគរយ​នៅក្នុង​អំឡុង​ពេល​ចន្លោះ​ពី​ឆ្នាំ​១៩៦០ ​មក​ដល់​ដើម​ឆ្នាំ​១៩៩០​។

​បច្ចុ​ប្បន្ននេះ​ខ្ទីង​កំពុងមា​ន​វត្តមាន​នៅក្នុ​ង​ប្រទេស​ប៊ូ​តង់ កម្ពុជា ចិន​ ឥណ្ឌា ឡាវ ម៉ាឡេ​ស៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ថៃ​និង​វៀត​ណាម ​ប៉ុន្តែ​បាន​ផុត​ពូជ​នៅក្នុង​ប្រទេស​ស្រីលង្កា​និង​ប្រទេស​បង់​ក្លា​ដែស​។សម្រាប់​វត្តមាន​សត្វ​ខ្ទីង​នៅ​កម្ពុជា​វិញ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​មាន​​ចំនួន​ប៉ុន្មាន​ឡើយ​។ប៉ុន្តែ​យោង​តាម​ទិន្ន​ន័យ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិនិង​ការរា​យ​ការណ៍​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ចុះ​ល្បាត​សត្វ​ខ្ទីង​មាន​វត្តមាន​នៅ​តាម​តំបន់​ការ​ពារ​ធម្ម​ជាតិ​នានា​។នេះ​បើ​តាម​ការ​អះ​អាង​របស់​លោក​ នេត្រ ​ភក្ត្រា​។

​លោក​បាន​បញ្ជាក់​ថា​៖ «​នៅក្នុង​ហ្វូង​ខ្ទីង​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​គឺមាន​វត្ត​មាន​កូន​ខ្ទីងនិង​សត្វ​ខ្ទីង​ជំទង់​ជាច្រើន​ដែល​នេះ​បង្ហា​ញថាសត្វ​ខ្ទីង​នៅតែ​បន្ត​មាន​វត្ត​មាន​នៅក្នុង​តំបន់​ការពា​រធម្ម​ជាតិ​នៅ​កម្ពុជា​និ​ង​បាន​បន្ត​ពូជ​បង្កើត​កូន​តូចៗ​ជាច្រើន​ដែលជា​ផ្នែក​មួយ​នៃ​ការរក្សាបា​ន​ប្រភេទ​ពូជ​សត្វ​ដ៏​កម្រ​របស់​ពិភព​លោក​នៅ​កម្ពុជា​និង​ការថែ​រក្សា​បាន​នូវ​ទីជម្រក​ប្រក​បដោយ​សុវត្ថិ​ភាព​សម្រាប់​ពួកគេ​រស់នៅ​ ហើយ​វត្ត​មាននៃ​កូន​សត្វ​ខ្ទីង​ជាច្រើន គឺជា​ក្តីស​ង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​ និង​សម្រាប់​ជីវចម្រុះ​ពិភព​លោក​»​។​

​ដើម្បី​ធានា​និរន្តរ​ភាព​សត្វ​ខ្ទីង​ក៏ដូ​ចជា​ប្រភេទ​សត្វ​កម្រ​ដទៃ​ទៀត​នៅ​កម្ពុជា​ក្រសួងបរិស្ថាន បានប្រកាស​ថានឹង​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​​លើ​កិច្ចកា​រពារនិង​គ្រប់​គ្រង​អភិរក្ស​ជីវចម្រុះ​សត្វព្រៃ​គ្រប់​ប្រភេទ ​ការការពារ​ឱ្យបាន​ល្អប្រសើរ​នៅ​តំបន់​ការពា​រធម្មជាតិ​​ដែលជា​ទីជម្រក​របស់​ស​ត្វ​ព្រៃ និង​ថែរក្សា​ប្រភពទឹ​ក និង​ប្រភព​ចំណី​អាហារ​របស់​សត្វ​ព្រៃ។

ជាមួ​យគ្នា​នេះក៏មាន​​ការអប់រំ​ផ្សព្វផ្សា​យ​ពី​ច្បាប់និង​សារៈ​សំខាន់​នៃ​ការថែរក្សា​ព្រៃឈើ​សត្វ​ព្រៃដើ​ម្បី​អនុ​ញ្ញាត​ឱ្យ​ជីវចម្រុះជា​ពិសេ​ស​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភព​លោក​បន្ត​រស់នៅនិង​បន្ត​ពូជប​ន្សល់​ទុកជា​សម្បត្តិ​ធម្មជាតិ​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុ​ខទៀត​​។

​ក្រៅ​ពីនេះ ​ក្រសួង​បរិ​ស្ថានក៏បាន​អះអាង​ដែរថា នឹង​បន្ត​សហការ​ជាមួយ​អង្គកា​រ​ដៃគូ​នានាក្នុង​កិច្ចការ​ពារ​និង​អភិរ​ក្ស​ធនធា​នធ​ម្មជាតិ​នៅ​កម្ពុជាដើម្បី​​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​នូវ​ធន​ធានធម្ម​ជាតិ ព្រៃ​ឈើ និង​សត្វព្រៃ ដោយ​អំពាវ​នាវ​ដល់​ជនរួ​មជា​តិត្រូវ​ចូលរួ​ម​ការពា​រនិង​អភិរក្ស​សត្វ​ព្រៃជា​ពិសេស​សត្វ​ព្រៃ​កម្រៗ​នៅលើ​ពិភព​លោក​ដែ​ល​មាន​នៅ​កម្ពុជា​សម្រាប់​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​និង​បាន​ឃើញដោ​យ​បញ្ឈប់​ទាំងកា​រ

បរិ​ភោគ​​សាច់​សត្វ​ព្រៃផង​ដែរ​៕