ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យឌីជីថលក្នុងវិស័យរដ្ឋាភិបាល ឬរដ្ឋាភិបាលឌីជីថល (E-Governance) អាចជួយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងជួររាជការផង ជាពិសេសការតាមដានមន្ត្រីខ្មោច។
ថ្លែងនៅចំពោះនិស្សិតជិត ៧ ពាន់នាក់នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ លោក ហ៊ុន សែន លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមរយៈឌីជីថលឬរដ្ឋាភិបាលឌីជីថលអាចជួយឱ្យបង្កើនល្បឿន និងមានសុវត្ថិភាព ជាពិសេសអាចប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។តួយ៉ាងការអនុវត្តការបើកប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការតាមប្រព័ន្ធធនាគារជាដើមកន្លងទៅដែលអាចឱ្យរដ្ឋាភិបាលរកឃើញតួលេខមន្ត្រីខ្មោចរាប់ម៉ឺននាក់នៅទូទាំងប្រទេស។
លោកហ៊ុន សែន សង្កត់ធ្ងន់ថា៖«យើងអនុវត្តបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារនេះ យើងរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ដែលវាមានតែឈ្មោះអត់មានមនុស្ស។ រីឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការងារ៣កន្លែងធ្វើការនៅក្រសួងនេះឈ្មោះនេះធ្វើការនៅក្រសួងនោះឈ្មោះនោះ។អីចឹងទេយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានម្ខាងជំរុញល្បឿននៃដំណើរការនិងម្ខាងទៀតគឺរុញអនឡាញនិងបញ្ហាជីឌីថលនេះ គឺដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ» ។
ពាក់ព័ន្ធនឹងបញ្ហានេះលោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា(TIC) គាំទ្រលើការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះការប្រើប្រាស់ប្រព័ន្ធទិន្នន័យឌីជីថល ក្នុងការគ្រប់គ្រងសេវា មន្ត្រីសាធារណៈ និងស្ថាប័នរដ្ឋដោយលោកថ្លែងថា ពិតជាផ្នែកមួយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោកបានបន្តថា៖«បើសិនជាអាច កម្ពុជាយើងគួរចាប់ផ្តើមការប្រើប្រាស់ការគ្រប់គ្រងទិន្នន័យហ្នឹងតាមប្រព័ន្ធឌីជីថលនៅតាមស្ថាប័ននីមួយៗក្នុងនោះអ្វីដែលយើងលើកទឹកចិត្តនោះគឺការផ្តល់សេវាផ្សេងៗទាំងអស់បើសិនយើងធ្វើបាន។ ទាក់ទងនឹងការវេរសាច់ប្រាក់របស់ចេញចូលផ្សេងៗ គួរប្រើប្រាស់ប្រព័ន្ធឌីជីថល ដែរ» ។
ពាក់ព័ន្ធនឹងបញ្ហាមន្ត្រីខ្មោច លោក ប៉ិច ពិសី បានលើកឡើងថា មកទល់បច្ចុប្បន្នមានការកាត់បន្ថយច្រើន ក៏ប៉ុន្តែ រដ្ឋាភិបាលគួររុះរើទិន្នន័យជាថ្មីដោយកាត់បន្ថយឱ្យអស់ដើម្បីជ្រាបពីតួលេខជាក់ស្តែងនៃចំនួនមន្ត្រីពិតដែលមានឈ្មោះហើយបំពេញភារកិច្ចត្រឹមត្រូវ។
បន្ថែមពីនេះ លោក ប៉ិច ពិសី បានថ្លែងថា ជាការចាំបាច់ក្នុងការកាត់បន្ថយការថវិកាជាតិ ឬការខ្ជះខ្ជាយថវិកាជាតិលើផ្នែកមន្ត្រីរាជការ រដ្ឋាភិបាលគួរពង្រឹងយន្តការត្រួតពិនិត្យប្រសិទ្ធភាពការងាររបស់មន្ត្រី ប្រសិនបើមន្ត្រីណាអសកម្មគួរកាត់បន្ថយហើយលើកទឹកចិត្តមន្ត្រីដែលសកម្ម។ លោកថា រដ្ឋត្រូវមានយន្តការតាមដានមន្ត្រីចៀសវាង មានមន្ត្រីកេងប្រវ័ញ្ចម៉ោងធ្វើការរដ្ឋទៅបម្រើការងារឯកជន ឬមុខរបររកស៊ីផ្ទាល់ខ្លួន ។
ស្រដៀងគ្នានេះដែរលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងជាអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិក៏បានគាំទ្រលើចំណាត់ការរបស់លោកហ៊ុនសែនផងដែរចំពោះការគ្រប់គ្រងស្ថាប័នរដ្ឋដោយប្រព័ន្ធឌីជីថលដើម្បីតាមដានការអនុវត្តការងាររបស់មន្ត្រីរាជការ និងចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលមានភាពរ៉ាំរ៉ៃ ជាពិសេសបញ្ហាមន្ត្រីខ្មោចដែលមានតែឈ្មោះ ហើយមិនបំពេញការងារ។
លោកបានគូសបញ្ជាក់ថា៖«ការប្រើប្រាស់ប្រព័ន្ធឌីជីថលហ្នឹងខ្ញុំគាំទ្រតែប្រហែលត្រូវការធនធានមនុស្សដែលមានសមត្ថភាពច្រើនវាជារឿងល្អ »។
លោក ច័ន្ទរ័ត្ន បន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរពិចារណាមើលគំរូពីបណ្តាប្រទេសនានាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងជួរមន្ត្រីរាជការដោយត្រូវមានកិច្ចសន្យាដាក់ពិន័យឬទោសទណ្ឌដល់មន្ត្រីដែលមិនគោរពគោលការណ៍និងពិនិត្យមើលច្បាប់ក្នុងការធ្វើការវិសោធនកម្មមួយចំនួន តួយ៉ាងការរាយការណ៍ពីករណីអំពើពុករលួយដើម្បីមានចំណាត់ការឱ្យកាន់តែមានប្រសិទ្ធភាព។
គួររំឭកថា ក្នុងផ្នែកអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានក្នុងស្ថាប័នរដ្ឋជាមួយអភិបាលកិច្ចឌីជីថលកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំមុន ក្រសួងមុខងារសាធារណៈធ្លាប់បានប្រកាសពីគម្រោងត្រៀមនឹងប្តូរអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទចាស់ដោយជំនួសមកវិញដោយបណ្ណឆ្លាតវៃដែលមានមុខងារដូចបណ្ណATMនិងមុខងារឆ្លាតវៃផ្សេងៗទៀតដែលអនុញ្ញាតឱ្យរដ្ឋាភិបាលកណ្តាលគ្រប់គ្រងទិន្នន័យមន្ត្រីរាជការដោយផ្ទាល់ដើម្បីស្របតាមការជឿនលឿននៃបច្ចេកវិទ្យា និងបង្កើនប្រសិទ្ធភាពការងារមន្ត្រីខណៈសង្គមស៊ីវិលក៏បានសាទរនឹងចំណាត់ការនេះដែរ ដើម្បីជួយកាត់បន្ថយការកេងប្រវ័ញ្ច អំពើពុករលួយ និងស៊ីសំណូកសូកប៉ាន់នានា៕