ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ប្រាប់ឱ្យ​ពលរដ្ឋ ​ត្រូវយកចិត្ត​ទុកដាក់​លើ​វិធានការ​សុខាភិបាល ​ដើម្បី​បង្ការ​ការឆ្លង​មេរោគ​កូវីដ ១៩ ​ហើយថា ​កម្ពុជា​នៅតែ​មាន​ការប្រុង​ប្រយ័ត្ន​ជានិច្ច ​ពី​ការឆ្លង​រាលដាល​នៃ​មេរោគ​នេះ ​ដោយ​នៅតែ​បន្ត​ការធ្វើតេស្ត​រក​មេរោគ​កូវីដ ១៩ ​មុននឹង​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ ​ខណៈ​មេរោគ​នេះ​បាន​បំប្លែង​ខ្លួន​ថ្មី​ជា​បន្ត​បន្ទាប់​ផង​ដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ​ហ៊ុន សែន ​បញ្ជាក់​បែបនេះ ​នៅពេល​លោក​អញ្ជើញ​ចូលរួម​ជាអធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា ​(CUS) ​ជិត​ ៧ ពាន់​នាក់​ នាព្រឹក​ថ្ងៃទី​ ២៣​ ខែមករា ​ឆ្នាំ​ ២០២៣។

លោក​ថ្លែងថា​៖ «យើង​នៅតែ​មាន​ការប្រុង​ប្រយ័ត្ន ​មុននឹង​ចូលរួម​ក្នុង​កម្មវិធី​ណាមួយ ​គឺ​ចាំបាច់​ត្រូវ​ធ្វើ​តេស្ត​ ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ណាមួយ​ដែល​អាច​កើត​មាន​ឡើង​ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ទប់ស្កាត់​កូវីដ ១៩ ​និង​យក​ឈ្នះ​នៅ​លើ​សមរភូមិ​កូវីដ​ តែ​យើង​មិនទាន់​យក​ឈ្នះ​នូវ​សង្រ្គាម​កូវីដ​នោះ​ទេ»។

វីរុស​កូវីដ ១៩​ បានបំប្លែង​ខ្លួន​ជាច្រើន​ប្រភេទ ​ហើយ​នៅថ្ងៃ​ខាងមុខ​ ក៏​មិនមាន​អ្នកណា​ដឹង​ថា ​តើ​មេរោគ​នេះ​នឹង​មាន​ការវិវឌ្ឍ​ទៅជា​អ្វី​ទៀត​នោះ​ទេ ​ដែលជា​ហេតុ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​បន្ត​យកចិត្ត​ទុកដាក់​លើ​វិធានការ​សុខាភិបាល​ និង​បន្ត​ទទួលយក​វ៉ាក់សាំង​ដើម្បី​ការពារ​ខ្លួន​ផងដែរ។

លោក​ ហ៊ុន សែន ​បានថ្លែង​ថា​៖ «វ៉ាក់សាំង ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការទប់ស្កាត់​នូវ​ការឆ្លង ​ឬ​ទប់ស្កាត់​មិនឱ្យ​ឈាន​ទៅរក​ភាពធ្ងន់ធ្ងរ​រហូតដល់​ការស្លាប់​នោះ​ដែរ។ នៅ​ក្នុង​តំបន់ ​ក៏ដូចជា​នៅ​លើ​ពិភពលោក ​នៅ​សល់​មនុស្ស​ស្លាប់​ក្នុង​១ថ្ងៃៗ ​រាប់​ពាន់​នាក់​នៅ​ឡើយ​ទេ ​ដែល​កម្ពុជា​ក៏ត្រូវ​តែ​បន្ត​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ផងដែរ»។

ទាក់​ទងនឹង​មេរោគ​កូវីដ ១៩ ​នេះ​ដែរ ​លោកស្រី​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​និង​ជាប្រធាន​គណៈ​កម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំង​កូវីដ១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​(គ.វ.ក-១៩)​បាន​ថ្លែង​នៅ​ថ្ងៃទី២០​ ខែមករា​ ថា ​ភាគច្រើន​នៃ​ប្រជាពលរដ្ឋ ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការមក​ទទួលយក​វ៉ាក់សាំង​កូវីដ១៩​ ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន ​នៅ​មាន​ភាព​អល់អែក​ក្នុង​ការចាក់​វ៉ាក់សាំង​នេះ។

លោក​ស្រី​ថ្លែងថា​៖«ខ្ញុំ​នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ មក​ទទួលយក​ការចាក់​វ៉ាក់សាំង​កូវីដ១៩​ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ការពារ​សុខភាព ​និង​អាយុជីវិត​របស់​ខ្លួន​ឯង​ទេ ​ហើយ​សូម​បងប្អូន​កុំ​មាន​ការព្រួយ​បារម្ភ​ពី​ការខ្វះ​វ៉ាក់សាំង​ គឺ​យើង​មាន​វ៉ាក់សាំង​ចាក់​គ្រប់គ្រាន់ ​តែ​អ្វី​ដែល​សំខាន់​បងប្អូន​ត្រូវ​មក​ចាក់​តាម​វេន​របស់​បងប្អូន​ដែល​ត្រូវ​ទទួល​យក»​។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ​គិត​ត្រឹម​ថ្ងៃទី​២២ ​ខែមករា​ ឆ្នាំ​២០២៣ ​លទ្ធផល​ចាក់វ៉ាក់​សាំង​ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦លាន​នាក់ ​ ប្រជាពលរដ្ឋ​ដែល​មក​ទទួលយក​ការចាក់​វ៉ាក់សាំង​ មាន​ចំនួន​ ៩៥,៣៤%។

របាយ​ការណ៍​បានឱ្យ​ដឹង​ទៀត​ថា ​សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី៣ ​មាន​ជាង​១០,៤៧លាន​នាក់​ អ្នកចាក់​ដូស​ទី៤ ​មាន​ជាង​៤,៥លាន​នាក់ ​អ្នក​ចាក់​ដូស​ទី៥ ​បាន​ជាង​ ១, ៤លាន​នាក់ ​និង​អត្រា​អ្នក​ដែល​បាន​ចាក់​ដូស​ទី៦​ មាន​ជាង​៥ម៉ឺន​នាក់​ផង​ដែរ៕