ភ្នំពេញៈ ស្ថានទូតបារាំង និងក្រសួងការបរទេសកម្ពុជា បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្តីពីការបង្កើតយន្ដការនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគី រវាងតំណាងរដ្ឋមន្រ្ដីក្រសួងការបរទេសកម្ពុជា និងតំណាងរដ្ឋមន្ដ្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
លោក ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា និងលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះនាថ្ងៃទី ២៣ ខែមករា។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់តាមទំព័រហ្វេសប៊ុកក្រោយការចុះហត្ថលេខានេះថា៖ «យន្តការនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលកើតចេញពីចំណងមិត្តភាពជាយូរលង់រវាងប្រទេសទាំង២ ជាពិសេសទំនាក់ទំនងរវាងក្រសួងការបរទេសទាំង ២ ក្នុងឋាន:ជាអ្នកសម្របសម្រួលថ្នាក់ជាតិ»។
ស្ថានទូតបារាំងប្រចាំកម្ពុជា បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២៣ ខែមករាថា៖ «ការពិគ្រោះយោបល់លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី ៦ ខែកុម្ភៈ នៅរាជធានីភ្នំពេញ។ នេះគឺជាជំហានសំខាន់ថ្មីមួយទៀត ក្នុងការពង្រឹងទំនាក់ទំនងរវាងបារាំង និងកម្ពុជា»។
ការចុះហត្ថលេខាធ្វើឡើងមុន១ថ្ងៃ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក អូលីវេ្យ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេសនៅកម្ពុជារយៈពេល២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមករា។ ដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសបារាំង និងកម្ពុជា។
ស្ថានទូតបារាំងប្រចាំកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី២០ ខែមករាថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងៗរបស់ប្រទេសបារាំងនៅតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការចូលរួមរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 កាលពីចុងឆ្នាំ ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី] និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកកប្រទេសថៃ។
គួររំឭកថា ក្នុងឱកាសបុណ្យជាតិបារាំង ១៤ កក្កដា ២០២២ លោក Pellet ថ្លែងថា ទំនាក់ទំនងដែលផ្សារភ្ជាប់ប្រទេសបារាំង និងកម្ពុជា ជាទំនាក់ទំនងដ៏យូរលង់ និងប្រកបដោយទំនុកចិត្ត ហើយទំនាក់ទំនងនេះចាក់ឫសយ៉ាងជ្រៅទៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ប្រកបដោយការចែករំលែក ភាពស៊ីជម្រៅ និងសមានចិត្តដ៏ពិតប្រាកដមួយតាមរយៈហ្វ្រង់កូហ្វូនី។
លោកបន្តថា ក្នុងពេលបច្ចុប្បន្ន ទំនាក់ទំនងនេះឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈកិច្ចសហប្រតិបត្តិការឥតងាករេ និងរស់រវើក ដែលបែរឆ្ពោះទៅកាន់អនាគត និងបញ្ហាប្រឈមនានា ដោយផ្តោតលើអាទិភាពសំខាន់ៗមានដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស ការតស៊ូដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ដែលឆ្លើយតបទៅនឹងតម្រូវការនៃការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងការការពារជីវចម្រុះ តួនាទីដ៏សំខាន់នៃវប្បធម៌ និងការលើកកម្ពស់បេតិកភណ្ឌកម្ពុជាដ៏សម្បូរបែប។
លោក Pellet ថ្លែងថា៖«ទំនាក់ទំនងរវាងប្រទេសយើងទាំង២ ត្រូវបានទ្រទ្រង់ផងដែរដោយសហគមន៍បារាំងមួយ ដែលមានភាពសកម្ម និងធ្វើសមាហរណកម្មបានយ៉ាងល្អប្រសើរ ដែលខ្ញុំសូមវាយតម្លៃខ្ពស់។ នៅពេលដែលខ្ញុំបានទៅជួបសហគមន៍បារាំង ខ្ញុំសង្កេតឃើញថា ជនជាតិបារាំង ទាំងបុរស និងស្ត្រី មានភាពរស់រវើក ដោយការស្រលាញ់ចូលចិត្តប្រទេសកម្ពុជា ស្រលាញ់វប្បធម៌នៃប្រទេសនេះ និងមានភាពរីករាយក្នុងការរស់នៅប្រទេសកម្ពុជា»៕