ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ រាជរដ្ឋាភិបាលនឹងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជននៃគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសប្រមាណ ១,៥ លាននាក់នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ១ ដោយមិនបង់ថ្លៃហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ ពាន់នាក់ នាថ្ងៃទី ២៣ ខែមករា លោកបានថ្លែងថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ។ចាប់ពីនោះទៅ បានសេចក្តីថាយើងនឹងរ៉ាប់រងសម្រាប់សិស្សទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្តុះបណ្តាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យគាត់ថែមទៀត ធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស»។
លោក ហ៊ុន សែន បន្តថា បើរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះក្នុងរង្វង់ ១,៥ លាននាក់នេះបាន លោកគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធដោយរាជរដ្ឋាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់លើធនធានមនុស្សដែលបម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានចំនួនច្រើននេះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ដូច្នេះ ១ លាន ៥ សែននាក់ដែលយើងត្រូវបណ្តុះបណ្តាលក្នុង ១ ឆ្នាំនេះ គឺក្នុងពេលខាងមុខដែលយើងដាក់ជាទិសដៅសម្រាប់ផ្ដល់ឱ្យពួកគេនូវជំនាញដែលយើងនឹងទទួលបាននូវការវិនិយោគពីខាងក្រៅកាន់តែច្រើនហើយគេត្រូវការមិនមែនគ្រាន់តែបញ្ហាកម្លាំងនោះទេកម្លាំងអត់បច្ចេកទេសគេមិនយកទេ»។
លោកបានបន្ថែមថា កម្ពុជាមានសក្ដានុពលនៃមនុស្សវ័យក្មេងចំនួនច្រើន ក៏ប៉ុន្តែសមត្ថភាពរបស់ពួកគេនៅមានកម្រិត។ ដូច្នេះហើយទើបលោកដាក់ឱ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីលទ្ធភាពនៃការដែលរាជរដ្ឋាភិបាលជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រទទួលបាននូវការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ប្រាក់នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវផ្តល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀត។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «បើមិនអ៊ីចឹង គាត់អត់មានប្រាក់ចូលរៀន យើងឱ្យរៀនទទេហើយ ក៏ប៉ុន្តែគាត់អត់មានអីទទួលទាន។ អ៊ីចឹងទេយើងត្រូវផ្តល់ប្រាក់ឱ្យគាត់ថែមទៀត។តែដោយសារថវិកាជាតិយើងបានអនុម័តរួចហើយ យើងមិនមានកញ្ចប់ថវិកាសម្រាប់ការអនុវត្តភ្លាមៗនោះទេ ក៏ប៉ុន្តែរឿងនេះវានឹងអនុវត្តនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយតែម្តង»។
លោកលើកឡើងថា ទាំងអស់នេះគឺជាការឆ្លុះបញ្ចាំងនៃការខិតខំប្រឹងប្រែងនៃផ្នែករដ្ឋ និងវិស័យឯកជនដែលត្រូវប្រមើលមើលនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងដំណាក់កាលនៃបដិវឌ្ឍន៍ឧស្សាហកម្ម ៤.០ ឬនិយាយមួយបែបទៀតថា ជាដំណាក់កាលនៃសេដ្ឋកិច្ចឌីជីថលដែលទាមទារឱ្យមានការខិតខំទាំងអស់គ្នា។
ពាក់ព័ន្ធនឹងចំណុចនេះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានលើកឡើងថា កម្ពុជានាសម័យឧស្សាហកម្ម ៤.០ គឺពិតណាស់ត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។ ហេតុនេះ ដើម្បីឱ្យការអប់រំបែបឌីជីថល ធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើន ដើម្បីបញ្ជ្រាបការបណ្តុះបណ្តាលនៅគ្រប់កម្រិតដើម្បីជំរុញកម្ពុជាកែប្រែខ្លួនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថលផងដែរ។
ពាក់ព័ន្ធនឹងការប្រកាសផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនកម្ពុជាក្រីក្រនេះដែរ លោកថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានបង្ហាញការសាទរចំពោះគំនិតនេះ ប៉ុន្តែលោកថា គំនិតនេះហាក់ដូចជាយឺតបន្តិច ព្រោះក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ យុវជនក្រីក្របានជួបបញ្ហាច្រើនពីវិបត្ដិកូវីដ១៩ និងវិបត្តិនៃទំនិញឡើងថ្លៃ។
ទន្ទឹមគ្នានេះលោកបញ្ជាក់ថា៖ «ដើម្បីឱ្យគោលនយោបាយនេះជោគជ័យរដ្ឋាភិបាលគួរតែធានាបាននូវបរិយាកាសអំណោយផលដល់ភាគីពាក់ព័ន្ធ និងត្រូវតែរៀបចំវគ្គបណ្តុះបណ្តាលចំណេះជំនាញវិជ្ជាជីវៈណាដែលត្រូវនឹងស្ថានភាពរបស់យុវជន»។
លោកថា រដ្ឋាភិបាលក៏ត្រូវផ្តោតលើពលរដ្ឋទូទៅ ដោយមិនផ្តោតលើនិន្នាការនយោបាយនោះទេ ពិសេសជំរុញការបណ្តុះបណ្តាលស្ត្រីក្រីក្រជាដើម។គួរបញ្ជាក់ដែរថា បើតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពេលថ្មីនេះ បានឱ្យដឹងថា កម្ពុជាត្រូវការធនធានមនុស្សជាច្រើនផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកអភិវឌ្ឍលើគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនាពេលបច្ចុប្បន្ននេះ។
ក្រសួងការងារអះអាងថា ដើម្បីត្រៀមខ្លួនឱ្យបានល្អក្នុងការចូលរួមជាចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ សិស្សនិស្សិតគួរងាកចំណាប់អារម្មណ៍មកសិក្សាផ្នែកបច្ចេកទេស វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យបានច្រើន។
ក្រសួងការងារបន្តថា ការសិក្សាទៀតសោត ក៏ចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យបានស៊ីជម្រៅ ដើម្បីមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុងប្រទេស និងក្នុងតំបន់ ព្រោះនៅក្នុងសេដ្ឋកិច្ចឌីជីថល ការប្រកួតប្រជែងកាន់តែមានលក្ខណៈទូលាយនៅគ្រប់តំបន់ទាំងអស់លើពិភពលោក៕