
សិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងទីក្រុង។ រូបថត FB
ភ្នំពេញៈ ស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា ក្នុងបរិបទនៃវិស័យសេដ្ឋកិច្ច និងទេសចរណ៍មានការរីកចម្រើន ការគ្រប់គ្រងសំរាម និងសំណល់រឹង គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ដែលទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធ ក៏បានបង្ហាញពីការប្តេជ្ញារួមគ្នា លើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹងនៅតាមទីប្រជុំជន និងទីជនបទក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការប្តេជ្ញានេះ ត្រូវបានបង្ហាញឡើងនៅក្នុងសិក្ខាសាលានាសប្តាហ៍មុន ស្តីពីការរៀបចំផែនការសម្រាប់គម្រោង ការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ក្រោមការចូលរួមពីក្រសួងបរិស្ថាន ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ រដ្ឋបាលខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធស្ថាប័នថ្នាក់ខេត្ត ប្រតិបត្តិករទេសចរណ៍ សមាគមចុងភៅ និងអង្គការដៃគូអភិវឌ្ឍន៍នានា។
អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន លោក កែ វង្សវឌ្ឍនា បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង បញ្ហាអនាម័យ បញ្ហាគុណភាពទឹក និងបញ្ហាខ្យល់បរិយាកាស គឺជាបញ្ហាប្រឈមដ៏សំខាន់មួយដល់បរិស្ថាន។ លោកថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ការគ្រប់គ្រងសំរាម និងសំណល់រឹង គឺជាកិច្ចការចាំបាច់មួយក្នុងចំណោមការងារផ្សេងទៀត ដែលតម្រូវឱ្យមានការពិនិត្យកែលម្អឡើងវិញ។
មន្ត្រីក្រសួងបរិស្ថានរូបនេះ បានលើកឡើងថា៖«ការងារគ្រប់គ្រងសំរាម និងសំណល់រឹង បានក្លាយជាកិច្ចការអាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សោភណភាពសណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម និងគុណភាព បរិស្ថាននៅតាមបណ្តាទីប្រជុំជន និងទីជនបទ។ហេតុនេះ ការគ្រប់គ្រងសំរាម និងសំណល់រឹង គឺត្រូវការពិនិត្យអំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលនីមួយៗឱ្យមានភាពច្បាស់លាស់»។
ជុំវិញរឿងនេះ លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ដើម្បីសោភណភាព អនាម័យក្នុងខេត្តសៀមរាបឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក កន្លងមករដ្ឋបាលខេត្តបានដាក់ចេញគោលការណ៍នានាជាច្រើន។
ក្នុងនោះមានដូចជា ពង្រឹងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធទៅនឹងបរិស្ថាន សំណល់រឹង រាវ ឧស្ម័នដល់គ្រប់អ្នកពាក់ព័ន្ធ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន ប្រជាពលរដ្ឋ សិស្ស និស្សិត ព្រមទាំងជំរុញឱ្យមានយុទ្ធនាការប្រមូលសំរាមសម្អាតអនាម័យតាមទីសាធារណៈនានាក្នុងខេត្ត។
លោកឃឹម ហ្វីណង់ បន្តថា៖«ក្រៅពីពង្រឹងយន្តការប្រមូលសំរាមរបស់ក្រុមហ៊ុនក្នុងខេត្តដែលមានស្រាប់ហើយនោះរដ្ឋបាលខេត្តក៏បាន ដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កា ភ្លើងបំភ្លឺសាធារណៈក្នុងក្រុង ប្រព័ន្ធចម្រោះទឹកកខ្វក់ផងដែរ»។
លើសពីនេះ រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នករំលោភបំពានតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្ត រួមមាន ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដើម្បីធ្វើការការពារ និងការអភិរក្សធនធានធម្មជាតិថែមទៀត។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប។
បើតាមលោក Frank Jittke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ ក៏បានលើកឡើងពីផែនការគម្រោង ដែលទទួលបានកិច្ចសហប្រតិបត្តិការល្អពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តិការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួន៤ នៅបណ្តាប្រទេសអាស៊ានរួមមាន៖ កម្ពុជា ឡាវ វៀតណាម ថៃ ក្នុងរយៈពេល៤ឆ្នាំ ក្រោមថវិកាគម្រោង៦លានអឺរ៉ូ ឬជាង ៦,៥លានដុល្លារអាមេរិក។គម្រោងនេះ នឹងត្រូវអនុវត្តលើគម្រោងចម្បងចំនួន៤រួមមាន៖ សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់, កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន, ដាក់បញ្ចូលការគ្រប់គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្ត្រជាតិនិងធានាបាននូវភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសារៈសំខាន់ខាងសេដ្ឋកិច្ច។
យ៉ាងណាមិញ តាមរយៈសិក្ខាសាលាខាងលើ ភាគីពាក់ព័ន្ធ ក៏បានប្រកាសយ៉ាងមុតមាំដែរថា នឹងគាំទ្រពេញទំហឹងធ្វើយ៉ាងណាឱ្យគម្រោងខាងលើនេះ ត្រូវបានអនុវត្តដោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីបរិស្ថានស្អាតលើកកម្ពស់ភ្ញៀវទេសចរ និងបង្កើនសេដ្ឋកិច្ចជាតិ៕