តាកែវៈ ប្រធានមជ្ឈមណ្ឋលសួនសត្វភ្នំតាម៉ៅ លោក ញឹក រតនពេជ្រ បានឱ្យដឹងថា ដើមឈើប្រណីតដែលដាំដុះនៅសួនភូតគាម «ភ្នំតាម៉ៅ» ដុះលូតលាស់ល្អជាង ៩០ ភាគរយ ហើយបច្ចុប្បន្ននេះប្រជាពលរដ្ឋដែលនៅជិតតំបន់នោះបាននាំគ្នាទៅលម្ហែកម្សាន្តស្រូបខ្យល់អាកាសល្អរាប់រយនាក់នៅរៀងរាល់ថ្ងៃឈប់សម្រាក ដោយសារទីនោះមានទេសភាពស្អាត មានដាំស្មៅលម្អ មានដើមឈើនិងស្រះទឹកស្អាត។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមករា លោក ញឹក រតនពេជ្រ បានបញ្ជាក់ថា៖«ទេសភាពស្អាតមានដាំស្មៅនៅកន្លែងស្រះទឹក មានដើមឈើ មានខ្យល់អាកាសត្រជាក់ល្អ ស្រឡះមុខស្រឡះមាត់ ពលរដ្ឋចូលចិត្តនាំគ្នាមកលេងកម្សាន្ត ប៉ុន្តែភាគច្រើនមកតែថ្ងៃសម្រាកចុងសប្តាហ៍សៅរ៍-អាទិត្យទេ ថ្ងៃចន្ទដល់សុក្រ មិនសូវមានអ្នកមកលេងទេ»។
លោកប្រធានមជ្ឈមណ្ឋលសួនសត្វភ្នំតាម៉ៅបានឱ្យដឹងថាសួនភូតគាម«ភ្នំតាម៉ៅ»បើកឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តតាំងពីឈូសឆាយនិងរៀបចំរួចរាល់ម្ល៉េះ ប៉ុន្តែជាការកត់សម្គាល់ដំបូងមិនសូវមានអ្នកចូលទៅលេងកម្សាន្តទេ។ប៉ុន្តែបច្ចុប្បន្ននេះ ពលរដ្ឋមានចំនួនច្រើនបានចូលមកលែងកម្សាន្ត តែមិនទាន់ដល់រាប់ពាន់នាក់នោះទេ។ លោកថា ពលរដ្ឋអាចមកអង្គុយលេងចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង៥ល្ងាច ប៉ុន្តែយ៉ាងណា អ្នកមើលថែទីតាំងតំបន់នោះបានអនុញ្ញាតនៅលេងកម្សាន្តរហូតដល់ម៉ោង៧-៨យប់ផងដែរ។
លោកញឹក រតនពេជ្រ ប្រាប់ថា ថ្វីបើមានប្រជាពលរដ្ឋមកលេងកម្សាន្តនិងមានអ្នកលក់ដូរអីវ៉ាន់និងចំណីអាហារផ្សេងៗក៏ដោយ ប៉ុន្តែទីតាំងនេះនៅមិនទាន់រៀបចំឱ្យក្លាយទៅជារមណីយដ្ឋានមានសេវាកម្មបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀទេសចរនៅឡើយទេ។យ៉ាងណាក៏ដោយតំបន់នេះកំពុងស្ថិតក្នុងការសិក្សាថា តើត្រូវរៀបចំធ្វើយ៉ាងណាខ្លះ ឆ្លើយតបការចង់បានរបស់ភ្ញៀវទេសចរ។
លោក ញ៉ែម សេរីរតនា ប្រជាពលរដ្ឋដែលបានទៅលេងកម្សាន្តនៅទីតាំងសួនភូតគាម«ភ្នំតាម៉ៅ» ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីតាំងនេះពិតជាមានទេសភាពស្អាតនិងខ្យល់អាកាសល្អគួរឱ្យចង់មកអង្គុយលេងលម្ហែកម្សាន្តពិតប្រាកដមែន។ក្រោយសម្រាកការងាររូបលោកផ្ទាល់បាននាំក្រុមគ្រួសារមកលម្អែកម្សាន្តរយៈពេលខ្លីនៅពេលល្ងាចជាញឹកញាប់។ យ៉ាងណាលោក ញ៉ែម សេរីរតនា បានសម្តែងការបារម្ភថា នៅទីនេះអាចនឹងស្អាតតែដំបូង ប៉ុន្តែទៅថ្ងៃមុខអាចនឹងមានពោរពេញដោយសំរាមប្រសិនបើពលរដ្ឋមិននាំគ្នាចូលរួមថែរក្សាបរិស្ថានដោយបោះសំរាមចោលក្នុងធុង។
លោកថ្លែងថា៖«ទីនេះជាកន្លែងល្អស្អាតមានទេសភាព វាលស្មៅ ស្រះទឹក ជាពិសេសពេលល្ងាចថ្ងៃរៀបលិចមើលទៅធ្វើឱ្យអារម្មណ៍យើងស្រស់ស្រាយបាត់ទុក្ខកង្វល់ ប៉ុន្តែទីនេះមានអ្នកលក់ដូរនិងអ្នកចូលទស្សនាច្រើនដែលអ្នកខ្លះបោះសំរាមចោលពាសវាលពាសកាល អ៊ីចឹងបន្តិចទៀតអាចមានសំរាមច្រើន»។
ពាក់ព័ន្ធបញ្ហាសំរាមនេះ លោក ញឹក រតនពេជ្រ បានបញ្ជាក់ថា នៅទីតាំងនេះមានរៀបចំទុកដាក់ឱ្យមានធុងសំរាមចំនួន១០០ ដើម្បីពលរដ្ឋអាចទុកដាក់សំរាមមានរបៀបរៀបរយនិងងាយស្រួលដល់ភ្នាក់ងារប្រមូលសំរាមអាចធ្វើការសម្អាតទីតាំងបានល្អនិងមិនធ្វើឱ្យខូចបរិស្ថាន។នៅពេលថ្ងៃមានអ្នករក្សាអនាម័យបោសសម្អាតទីធ្លា៧នាក់និងនៅពេលយប់មាន៤នាក់នៅមើលថែអនាម័យផងនិងថែរក្សាស្រោចទឹកដើមឈើផង។ជាពិសេសក្រោយថ្ងៃអាទិត្យអ្នកយាមនៅទីតាំងនេះបានធ្វើការប្រមូលសំរាមដែលពលរដ្ឋបោះចោលពាសវាលពាសកាលដាក់ក្នុងធុងមិនឱ្យនៅរាយប៉ាយឡើយ។
លោកថ្លែងថា៖«ភាគច្រើនពលរដ្ឋបានបោះសំរាមចោលក្នុងធុងហើយ ប៉ុន្តែភាគតិចក៏នៅមានអ្នកបោះចោលពាសវាលពាសកាលមិនទាន់បាន១០០ភាគរយដាក់ក្នុងធុងទាំងអស់ទេ។ អ៊ីចឹងយើងក៏ចេះតែអំពាវនាវប្រាប់ណែនាំជាបន្តបន្ទាប់ឱ្យពួកគាត់ទុកដាក់សំរាមក្នុងធុងស្រណុកយើងប្រមូល»។
សួនភូតគាម«ភ្នំតាម៉ៅ»ឧទ្យានសួនសត្វ និងព្រៃការពារ នៅតំបន់ភ្នំតាម៉ៅ ត្រូវបានព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២ ត្រាស់បង្គាប់ឱ្យបង្កើតឡើងក្នុងគោលដៅដើម្បីធានានូវនិរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ ការសិក្សាស្រាវជ្រាវ និងសេវាទេសចរណ៍។
នៅទីនោះត្រូវបានបែងចែកជា៣តំបន់ ទី១តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃជាតំបន់សម្រាប់ធានាការធ្វើវិបុលកម្មសត្វព្រៃ ការអភិរក្សនិងការអភិវឌ្ឍធនធានធម្មជាតិប្រកបដោយនិរន្តរភាពដែលមានផ្ទៃដីទំហំ ១ ០២១(មួយពាន់ម្ភៃមួយ)ហិកតា។ ទី២តំបន់សួនភូតគាមឈើប្រណីតភ្នំតាម៉ៅជាតំបន់សម្រាប់ធានាថែរក្សាកូនឈើនិងអភិវឌ្ឍជាសួនភូតគាមមានពូជឈើប្រណីត និងសោភណភាពដែលមានផ្ទៃដីទំហំ៥៣០(ប្រាំរយសាមសិប)ហិកតានិងទី៣តំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅជាតំបន់សម្រាប់ថែរក្សាសត្វព្រៃ ព្យាបាល សង្គ្រោះសត្វព្រៃ អប់រំផ្សព្វផ្សាយ និងបម្រើសេវាទេសចរណ៍ដែលមានផ្ទៃដីទំហំ៤៧៤(បួនរយចិតសិបបួន)ហិកតា៕
វីដេអូ៖