ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា នឹង​ចុះ​សិក្សា​ករណី​ការអនុវត្ត​វិន័យ​របស់​លោកគ្រូ​អ្នកគ្រូ និង​ក្រុមប្រឹក្សា​យុវជន​របស់​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​សំពៅ​លូន ស្ថិតក្នុង​ខេត្តបាត់ដំបង ក្រោយ​បានធ្វើ​សកម្មភាព​ឈូស​សក់​សិស្ស​ប្រុស​ដោយ​ប្រើ​ក​ន្រៃ្ត​អេឡិចត្រូនិក ទោះបីជា​សក់​របស់​ពួកគេ​ខ្លី និង​រៀបរយ​ក៏ដោយ​។​

​ការចុះ​សិក្សា​ករណីនេះ បាន​ធ្វើឡើង​បន្ទាប់ពី​មានប្រតិកម្ម​ច្រើន​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយបាន​បង្ហាញ​យោបល់​យល់ឃើញថា ទង្វើ​របស់​គ្រូ​ធ្វើ​បែប​នោះ គឺជា​រឿង​មិន​ត្រឹមត្រូវ ក្រោយ​មានការ​បង្ហោះ​រូប​ជាច្រើន​សន្លឹក​ក្នុង​ការចុះអនុវត្ត​វិន័យ​នៅក្នុង​សាលា​កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៣​។​

​គិត​ត្រឹម​ថ្ងៃទី​ ២៤ មករា​នេះ ការ​បង្ហោះ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​សំពៅ​លូន នូវ​រូប​ជាច្រើន​សន្លឹក​នេះ​ត្រូវបាន​ចែករំលែក​បន្ត​ជាង​ ២២ ០០០​ ដង និង​មាន​ចូល​បញ្ចេញមតិ​ជាង​ ១២ ពាន់​មតិ​ ដោយ​ភាគច្រើន​បានបង្ហាញ​ការមិន​ពេញចិត្ត និង​ប្រតិកម្ម​ទៅនឹង​សកម្មភាព​ទាំងនោះ​ថា ជា​ទង្វើ​គ្មាន​សីលធម៌ មិន​ត្រឹមត្រូវ​។​

​គណនី​១​ក្នុងចំណោម​គណនី​ទាំងនោះ​ដែលមាន​ឈ្មោះ Nan Veng បានសរសេរថា លោកគ្រូ​អ្នកគ្រូ គួរតែ​ឈប់​អប់រំ​មនុស្ស​តាម​ក្បួន​ចាស់គំរឹល​នេះ​តទៅទៀត​ទៅ​។ គណនី​ដដែល​នេះ បាន​បន្តថា លោកគ្រូ​អ្នកគ្រូ ដឹង​ច្បាស់​ណាស់​ថា ក្នុងសង្គម​ជាក់ស្ដែង មនុស្ស​ល្អ​មិនល្អ វា​មិន​អាស្រ័យទៅលើ​សក់​ក្បាល​នេះ​ទេ​។​

​គណនី​ឈ្មោះ Nan Veng បាន​បញ្ជាក់ថា​៖ «​លោកគ្រូ​អ្នកគ្រូ​ក៏​ធ្លាប់​ក្មេង​ដែរ អី​ឡូ​វ​ចាស់ៗ​ធ្វើ​ដល់​គ្រូ​គេ​ទៅហើយ មនុស្ស​យើង​និយាយ​គ្នា​បាន បង្រៀន​គេ​ឱ្យមាន​សីលធម៌​ក្នុង​ខ្លួន តែ​ភ្លេច​ថា ខ្លួនឯង​កំពុងតែ​ប្រព្រឹត្ត​អំពើ​គ្មាន​សីលធម៌ "​ដើរកាត់​សក់​ក្បាល​គេ​"»​។​

​ចំណែក​គណនី​ ១​ ទៀត ដែលមាន​ឈ្មោះថា ធី​ង អ៊ី បាន​សរសេរ​បញ្ចេញមតិ​ដែរ​ថា​៖ «​កុំ​ផ្តល់​សម្ពាធ​ឱ្យ​សិស្ស កុំឱ្យ​ពួកគេ​គិតថា ទៅ​សាលា​ដូច​ទៅ​ជាប់ទោស ត្រូវ​ភិតភ័យ​និង​ប្រុងប្រយ័ត្ន​គ្រប់ពេលវេលា​។ ហើយ​វិន័យ សីលធម៌ និង​ការខិតខំ​រៀនសូត្រ វា​មិន​ស្ថិតនៅលើ​សក់​ទេ មនុស្ស​ម្នាក់​បើ​ចង់​រៀន​ក្រេប​យកចំណេះ​ដឹង ទោះ​ទុក​សក់វែង​ដល់​ស្មា​ក៏​នៅតែ​រៀន​ចូល​ដែរ​។ តែបើ​មិន​ចង់​ហើយ ទោះ​លោកគ្រូ​អ្នកគ្រូ កោរសក់​ពួកគេ​អស់​ក៏​នៅតែ​មិន​រៀន​ដដែល​ហ្នឹង ហើយ​ជាក់ស្តែង​ដូច​ក្នុង​រូបនេះ សក់​ពួកគេ​ខ្លី​សមសួន​ហើយ មិន​បាំង​ត្រចៀក​ទេ ហេតុ​អី​ក៏​នៅ​កាត់​ទៀត​?»​។​

​ក្រៅពី​មានប្រតិកម្ម​ពី​សំណាក់​អ្នកលេង​បណ្តាញ​ទំនាក់ទំនង​ទូទៅ សកម្មភាព​នេះ ក៏​ត្រូវបាន​អ្នកស្រី ប៊ុន ចាន់​និមល ដែលជា​ម្ចាស់​ផលិតកម្ម​ភាពយន្ត Sastra Film បានបង្ហាញ​នូវ​ការមើលឃើញ​ដែរ​ថា ការអប់រំ​បច្ចុប្បន្ន គួរតែ​ធ្វើឡើង​តាម​វិធី ​១ ​ត្រជាក់ ដែល​ផ្ដោត​សំខាន់​លើ​ការពន្យល់​ហេតុផល​និង​ការណែនាំ​ឱ្យបាន​ច្រើនជាង​ការ​សម្លុត បង្ខិតបង្ខំ ឬ​ការ​បំបាក់មុខ​សិស្ស​នៅក្នុង​ចំណោម​មហាជន​។

លោកស្រីបាន​បន្តថា មាន​អត្ថបទ​ស្រាវជ្រាវ ​១ ​របស់​សាកលវិទ្យាល័យ​ហា​វើដ បាន​បង្ហាញថា​៖ ការអនុវត្ត​វិន័យ​តឹងរ៉ឹង​ជ្រុល​ពេក មិន​ត្រឹមតែ​មិនអាច​បង្កើត​ទម្លាប់​ល្អ​ឱ្យ​សិស្ស​ទេ ប៉ុន្តែ​ថែមទាំង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវិត​ពួកគេ​ក្នុងពេល​អនាគត​ទៀតផង​។

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​២៤ មករា​ថា ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ពិនិត្យ​ករណីនេះ ស្របពេល​ក្រសួង​រង់ចាំ​ចំណាត់ការ និង​ការឆ្លើយតប​របស់​គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​នេះ​ដោយផ្ទាល់​។

លោក បញ្ជាក់ថា​៖ «​ជាទូទៅ​គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​ដោះស្រាយ​ករណី​បាតុភាព​ផ្សេងៗ​នៅតាម​គ្រឹះស្ថានសិក្សា ដោយ​ចាត់វិធានការ​តាម​ទិដ្ឋភាព​ជាក់ស្តែង​។ បើ​ចាំបាច់ គណ​:​គ្រប់គ្រង​គ្រឹះស្ថានសិក្សា អាច​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ទាំង ​២៥ ​ខេត្ត-រាជធានី ដែលជា​សេនាធិការ​តាម​ឋានានុក្រម​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

​យោងតាម​របាយការណ៍ របស់​វិទ្យាល័យ​សម្តេច​តេ​ជោ​ហ៊ុនសែន​សំពៅ​លូន​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ​ ២០២៣ លោកគ្រូ​ទទួលបន្ទុក​ខាង​វិន័យ និង​ក្រុមប្រឹក្សា យុវជន​បាន​ចុះ​ពង្រឹង​វិន័យ​ក្នុង​សាលា​តាមរយៈ​ការត្រួតពិនិត្យ​ទៅលើ​សម្លៀកបំពាក់ ការតុបតែង ខ្លួន ក្រចកដៃ ក្រចកជើង និង​សក់​ក្បាល​។

របាយការណ៍​នេះ​បាន​បញ្ជាក់ថា​៖ «​ក្នុងពេល​អនុវត្ត​ការពង្រឹង​វិន័យ​នេះ​ឃើញថា កូនៗ សិស្សានុសិស្ស​មួយចំនួន​មាន​សក់​មិនទាន់​សមរម្យ​នៅឡើយ​ទើប​លោកគ្រូ​ទទួលបន្ទុក​ខាង​វិន័យ កាត់សក់​តែម្តង​»៕

វីដេអូ៖