ភ្នំពេញៈ ក្រសួងសាធារណការ កំពុងពិនិត្យលទ្ធផលនៃការសិក្សាលើគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន សម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិដំបូងបំផុតនៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលគ្រោងនឹងចំណាយទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការ សិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយ CRBC ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC។
តំណាងក្រុមហ៊ុន CRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញរួមមានដូចជា ទិដ្ឋភាពទូទៅនៃគម្រោង, ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍, ផែនការនៃការសាងសង់, ស្តង់ដាបច្ចេកទេសគោលនៃខ្សែផ្លូវដែក, ការរៀបចំការដឹកជញ្ជូនរយៈពេលនៃការសាងសង់ និងការវិនិយោគសរុប, ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និងការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។
តាមរយៈការសិក្សាបឋមនេះ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា គម្រោងនេះ មានប្រវែងសរុបប្រមាណ ៣៨២ គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១ ៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០ គ.ម/ម៉ និងមានស្ថានីយសរុបចំនួន ៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន ១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ ទៀត ក្នុងផែនការរយៈពេលវែង)។
ក្នុងនោះដែរ ខ្សែរថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (១ នៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និង ១ ទៀតនៅស្ថា នីយសំរោងសម្រាប់លើកដាក់ទំនិញ)។ ក្រោយពីទទួលព័ត៌មាននេះ លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គ្រោងនឹងលើកយកនូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣០ មករា ឆ្នាំ ២០២៣។
លោកបានបញ្ជាក់ថា៖ «ជំនួបពិភាក្សានេះដែរ គឺនឹងធ្វើឡើង ដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ»។
លោកបន្ថែមថា ការសិក្សានេះ ក៏ដើម្បីឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាល ជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ចសង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្តនិងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើង គឺជាមធ្យោបាយមួយដែលមានសក្តានុពលខ្លាំងណាស់ សម្រាប់វិស័យដឹកជញ្ជូន មិនត្រឹមតែសម្រាប់ដឹកអ្នកដំណើរប៉ុណ្ណោះទេ តែការដឹកជញ្ជូនទំនិញចំណេញច្រើនបន្ទាប់ពីការដឹកជញ្ជូនផ្លូវដឹក។
លោកបញ្ជាក់បានបន្ថែមថា៖ «គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត មាននៅក្នុងគម្រោងមេរបស់ក្រសួងទៅហើយ។ ការជំរុញឱ្យពន្លឿនលើការសិក្សាគម្រោងនេះបន្ថែម ពីរាជរដ្ឋាភិបាល ជាដំណឹងល្អខ្លាំងណាស់ សម្រាប់វិស័យឯកជន។ ខាងវិស័យដឹកជញ្ជូនយើងក៏រំពឹងថា គម្រោងនេះនឹងចេញជារូបរាងឆាប់ៗនេះដែរ ដើម្បីបម្រើដល់ការដឹកជញ្ជូនប្រកបដោយភាពងាយស្រួល ១ កម្រិតទៀត»។
គម្រោងលើកកម្រិតផ្លូវរថភ្លើងឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន នេះគឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញរវាងប្រទេសកម្ពុជា និងថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមខ្សែបណ្ដោយពីភ្នំពេញទៅប៉ោយប៉ែតផងដែរ៕
វីដេអូ៖