ភ្នំពេញៈ ដៃគូអភិវឌ្ឍន៍ចំនួន ២ គឺទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងធនាគារអភិវឌ្ឍន៍អាស៊ី ADB នឹងចូលមកខេត្តបាត់ដំបងដើម្បីជួយធ្វើសំណង់ធារាសាស្ត្រចំនួន ២ កន្លែងធំៗ នៅស្រុកគាស់ក្រឡ និងស្រុករតនមណ្ឌល លើផ្ទៃដីសរុបជាង៤ម៉ឺនហិកតា សំដៅធានាដល់ការស្រោចស្រពដំណាំកសិកម្មកាន់តែប្រសើរជាងមុន។
នេះជាការលើកឡើងរបស់ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបងក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តបាត់ដំបង ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រីនាថ្ងៃទី ថ្ងៃទី ២៤ ខែមករា។
លោកបានឱ្យដឹងថា គម្រោងសំណង់ធារាសាស្ត្រចំនួន ២ ថ្មីនេះ ទី១ ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD ធ្វើនៅស្រុកគាស់ក្រឡលើផ្ទៃដី ២០ ០០០ ហិកតា និងទី២ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB សហការជាមួយធនាគារចិនដែលគម្រោងនេះមានទីតាំងស្ថិតនៅផ្នែកខាងក្រោមទំនប់សេកសកជាង ១០ គីឡូម៉ែត្រ ហៅថាសំណង់ស្ទាក់ទឹកថ្វាកក្នុងស្រុករតនមណ្ឌល ។ យ៉ាងណាក៏ដោយ លោកឡុង ផលគុណ មិនបានបញ្ជាក់ថាគម្រោងទាំង ២ នេះនឹងត្រូវចំណាយប្រាក់ចំនួនប៉ុន្មាននោះទេ។
លោកថា ៖«យើងធ្វើហ្នឹងគឺធ្វើទាំងទ្វារទឹក និងផ្លូវគមនាគមន៍ វាបាន២ចំណែក ហើយថ្វាកនេះមានតួនាទី ២ យ៉ាង គឺទី ១ ស្រោចស្រពតំបន់ខ្ពង់រាប យើងហៅពាក្យសាមញ្ញថាដីដឺ។ ដីដឺហ្នឹងគឺថ្វាកនៅពីលើតែម្តង អ៊ីចឹងកាលណាយើងស្ទាក់ទឹកវារុញទឹកមកផ្នែកខាងលើតែម្តង ផ្ទៃដីហ្នឹងជាង ២០ ៥០០ ហិកតា ទី២ គឺនាំទឹកពីលើចាក់ចូលអាងកំពីងពួយ»។
លោក ឡុង ផលគុណ បញ្ជាក់ថា បើការធ្វើសំណង់ស្ទាក់ទឹកថ្វាកនេះបានជោគជ័យ នឹងឆ្លើយតបសេចក្តីត្រូវការជាក់ស្តែងរបស់ពលរដ្ឋ មានន័យថា ខេត្តបាត់ដំបងនឹងលែងបារម្ភពីការខ្វះទឹកប្រើប្រាស់ ដោយធ្វើឱ្យភាពអវិជ្ជមានកាន់តែតូចទៅៗ។
លោកថា បច្ចុប្បន្នពលរដ្ឋដែលធ្វើដំណើរពីភ្នំពេញឆ្លងកាត់ទីរួមខេត្ត ឬក្រុងបាត់ដំបងនឹងឃើញមានប្រព័ន្ធធារាសាស្ត្រ ១ ដែលគ្រប់គ្រងលើផ្ទៃដីជាង ៦ ម៉ឺនហិកតា នោះគឺសំណង់កាត់ស្ទឹងចំនួន ៤ ដែលអាចជួយស្តុកទឹកធ្វើជាពាងទឹកផង ជាសំណង់បង្វែរយកទឹកផង ដើម្បីស្រោចស្រពដំណាំស្រូវរាប់ម៉ឺនហិកតា ក៏ដូចជាដំណាំរួមផ្សំផ្សេងៗ ព្រមទាំងចូលរួមកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ។
លោកបានបន្ថែមថា ក្រៅពីនេះខេត្តបាត់ដំបងក៏នៅមានសំណង់ធារាសាស្ត្រស្ទឹងសង្កែផងដែរ។ ក្នុងប្រព័ន្ធស្ទឹងសង្កែមានប្រព័ន្ធធារាសាស្ត្រធំៗចំនួន៣ ដូចជា ទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត់ និងទំនប់ស្ទាក់ទឹកសាលាតាអន ដែលអាចផ្គត់ផ្គង់ដំណាំកសិកម្មជាច្រើនម៉ឺនហិកតា ក្នុងស្រុកបាណន់ រតនមណ្ឌល មោងឫស្សី គាស់ក្រឡ ស្រុកឯកភ្នំ និងក្រុងបាត់ដំបង ។
លោកថា៖ «សំណង់សាលាតាអនយើងទើបបញ្ចប់នៅពេលថ្មីៗនេះទេ គឺនៅថ្ងៃទី ១៦ ខែ៩ សំណង់នេះមានតួនាទីមិនត្រឹមតែធ្វើស្រូវប្រាំងវស្សាទេ គឺជាតំបន់ទេសចរណ៍ ១ ទៀត ហើយកែប្រែតំបន់នេះទៅជាតំបន់ ១ដែលមានបរិស្ថានបៃតង។កាលណាយើងស្តុកទឹកបានច្រើនគឺមានប្រយោជន៍សម្រាប់មច្ឆជាតិថែមទៀត»។
លោក ឡុង ផលគុណ បានបន្តទៀតថា ខេត្តបាត់ដំបងមានទឹកធំសំខាន់ ១ ទៀត គឺអាងកំពីងពួយដែលសាងឡើងនៅសម័យប៉ុល ពត ឆ្នាំ១៩៧៧ ដោយកម្លាំងយុវជន ប៉ុន្តែឥឡូវនេះខេត្តបានធ្វើឱ្យមានភាពល្អប្រសើរឡើង ដោយអាចស្តុកទឹករហូតបាន ១៧០ លានម៉ែត្រគុប។ ជាក់ស្តែងនៅឆ្ នាំ២០២២ មន្ត្រីជំនាញបានតម្កល់ទុកទឹកពេញហើយអនុញ្ញាតឱ្យពលរដ្ឋបង្កបង្កើនផលរហូតដល់ ២៨ ៥០០ ហិកតា។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងថា បាត់ដំបងជាខេត្ត១ដែលខ្លាំងក្នុងវិស័យកសិកម្ម ដោយសារមានប្រព័ន្ធធារាស្ត្រខ្លាំង ពោលគឺដោយសារមានទឹកតែម្តង បើគ្មានទឹកទេ កសិកម្មដំណាំដាំដុះ ឬការធ្វើឧស្សាហកម្មផ្សេងៗគឺមិនអាចធ្វើទៅរួចឡើយ។ លោកថា៖ «នេះជាសមិទ្ធផលធំណាស់ ឧទាហរណ៍ថា ទំនប់សាលាតាអន ១ គឺបានបម្រើវិស័យកសិកម្មទាំងស្រែប្រាំងហើយទាំងស្រែវស្សាទៀត ហើយបម្រើទាំងវិស័យទេសចរណ៍»។
លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតា។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះខេត្តផលិតស្រូវបានសរុបជាង ៦ លានតោន ហើយក្នុង ១ ឆ្នាំមានអង្ករជាង ១០ ម៉ឺនតោនចេញទៅក្រៅប្រទេស ដែលមានទាំងប្រទេសជិតខាង និងបណ្តាប្រទេសនៅអឺរ៉ុប ក៏ដូចអាមេរិកជាដើម។ ក្រៅពីការនាំចេញ អង្ករបាត់ដំបងក៏បានផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានច្រើន ព្រមជាមួយគ្នានឹងការផ្គត់ផ្គង់ស្រូវផងដែរ។
លោកថា៖ «បងប្អូនយើងគាត់បន្ទាន់ច្រូតកាត់ ហើយដើម្បីរក្សាតម្លៃស្រូវគាត់បាននាំចេញទៅប្រទេសជិតខាង មានទាំងថៃ និងវៀតណាម អនាគតបើយើងខំបង្កើនឡសម្ងួត រោងម៉ាស៊ីនដែលអាចស្តុកស្រូវអង្ករបានច្រើន នោះយើងមិនបាននាំស្រូវចេញទៅទេ យើងអាចធ្វើជាអង្ករដើម្បីបន្ថែមនូវតម្លៃដើមជូនបងប្អូនប្រជាកសិករយើង»៕