ភ្នំពេញៈ ក្រសួងការបរទេសជប៉ុនបានបង្ហាញក្តីសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុនក្នុងការដោះមីនដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នឹងត្រូវបានប្រើប្រាស់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនរបស់ប្រទេសអ៊ុយក្រែន។
ការបង្ហាញក្តីសង្ឃឹមនេះ ធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ២៣ ខែមករា រវាងលោក Endo Kazuya អគ្គនាយកសហប្រតិបត្តិការអន្តរជាតិ ក្រសួងការបរទេសជប៉ុន និងលោក Stanislav Kulykivsky ប្រធានផ្នែកជំនួយបច្ចេកទេសអន្តរជាតិនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន (SESU) និងសមាជិក SESU ដទៃទៀត។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសជប៉ុន បញ្ជាក់នាថ្ងៃទី ២៣ ខែមករាថា៖ «លោក Endo បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សមាជិក SESU ទៅកាន់ប្រទេសជប៉ុនហើយបានសម្តែងក្តីសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍របស់ប្រទេសជប៉ុន ក្នុងការដោះមីនដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នឹងត្រូវបានប្រើប្រាស់ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អ៊ុយក្រែន»។
បើតាមសេចក្តីប្រកាសព័ត៌មានលោក Kulykivsky បានសម្តែងការពេញចិត្តចំពោះជំនួយរបស់ជប៉ុនចំពោះអ៊ុយក្រែន ហើយលោក Endo បានឯកភាពបន្តកិច្ចសហប្រតិបត្តិការជាមួយអ៊ុយក្រែនក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ សមាជិក SESU បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលការដោះមីនសម្រាប់ប្រទេសអ៊ុយក្រែន ដែលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន កំពុងអនុវត្តដោយសហការជាមួយរដ្ឋាភិបាលកម្ពុជា។ ដោយមានការឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុនតាមរយៈ JICA វគ្គបណ្តុះបណ្តាលដែលមានរយ:ពេល ៥ ថ្ងៃ សម្រាប់អ្នកបោសសម្អាតមីននៃអង្គភាព SESU ត្រូវបានបិទបញ្ចប់កាលពីសប្តាហ៍មុននៅប្រទេសកម្ពុជា។
JICA បញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី ២៣ មករាថា មន្ត្រីដោះមីនអ៊ុយក្រែន ត្រូវបានបណ្តុះបណ្តាលអំពីបច្ចេកវិទ្យាឧបករណ៍ទំនើបសម្រាប់បោសសម្អាតមីនរបស់ប្រទេសជប៉ុន ក៏ដូចជាការចែករំលែកចំណេះដឹងដ៏សម្បូរបែបរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ទាក់ទងនឹងការដោះមីន។
សេចក្តីប្រកាសព័ត៌មានរួមរវាង JICA និង CMAC ដែលផ្សព្វផ្សាយនាថ្ងៃទី ២៤ ខែមករា បានឱ្យដឹងថា ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ ២០២២ គ្រាប់មីនជាច្រើនគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ត្រូវបានបន្សល់ទុកនៅលើទឹកដីអ៊ុយក្រែន ដែលកំពុងបង្កឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិត និងកំពុងក្លាយជាឧបសគ្គសម្រាប់ប្រជាជនអ៊ុយក្រែនដែលចង់វិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
សេចក្តីប្រកាសព័ត៌មានរួមបន្តថា ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាបញ្ហាមនុស្សធម៌ ដែលទាមទារឱ្យមានវិធានការជាបន្ទាន់ ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាការស្តារមុខងារទីក្រុង និងដីកសិកម្មឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ទាមទារឱ្យ មានការតស៊ូ និងការអត់ធ្មត់ ព្រោះវាត្រូវការពេលវេលាយូរដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍សុវត្ថិភាព និងស្តារជីវភាពឡើងវិញ៕