ភ្នំពេញៈ ដំណើរការក្រុមការងារបច្ចេកទេសអន្តរក្រសួងតាក់តែងគោលនយោបាយលុបបំបាត់អេដស៍នៅឆ្នាំ ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រកាសដាក់ឱ្យដំណើរការ នាព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៣។
ការប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីមន្ត្រី សមាជិក និងទីប្រឹក្សាក្រុមការងារបច្ចេកទេសអន្តរក្រសួង ក្រុមការងារស្នូលមកពីក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ។
លោក អៀង មូលី បានលើកឡើងថា ក្រុមការងាររបស់រាជរដ្ឋាភិបាល និងក្រុមការងារស្នូលរបស់អេដស៍គឺជាការប្រមូលធនធានបញ្ញាញាណដើម្បីតាក់តែងគោលនយោបាយលុបបំបាត់អេដស៍ នៅឆ្នាំ ២០២៥ និងធានាចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨។
លោកថា៖ «កម្ពុជាយើងបានសម្រេចគោលដៅ ៩៥៩៥៩៥ ទី២ និងទី៣ ហើយ នៅតែគោលដៅទី១ ប៉ុណ្ណោះ។ ចំពោះគោលដៅ ៩៥ ទី១ ដែលយើងនៅមិនទាន់សម្រេចបាន យើងត្រូវបង្កើនកម្មវិធីបង្ការ និងវាយតម្លៃថា តើកម្មវិធីដែលកំពុងដំណើរការសមស្របនឹងសភាពការណ៍ជាក់ស្តែងហើយឬនៅ, បង្កើតកម្មវិធីបង្ការអាចធ្វើនវានុវត្តន៍យ៉ាងដូចម្តេច? តាមយន្តការអ្វីខ្លះ? ពេលណាអនុវត្ត?»។
មួយវិញទៀត លោកក៏បានជំរុញឱ្យមានការស្វែងរកអ្នកបាត់មុខជាង ១០ ០០០ នាក់ និងទប់ស្កាត់កុំឱ្យអ្នកជំងឺបោះបង់ការព្យាបាល និងថែទាំ។ ឆ្លៀតក្នុងឱកាសនោះដែរលោក អៀង មូលី ក៏បានបញ្ជាក់ដែរថា ពីឆ្នាំ ២០២៣ ដល់ ២០៣០ ថវិកាជាតិ ៥ លានដុល្លារក្នុង ១ ឆ្នាំ ដោយមិនគិតពីថវិកាសម្រាប់មន្ត្រីជាប់កិច្ចសន្យាមូលនិធិសកល ព្រមទាំងថវិកា ៨០ លានរៀល និង ៦០ លានរៀលសម្រាប់រាជធានី-ខេត្តចំនួន ១៥ នឹងត្រូវផ្តល់ឱ្យដើម្បីចំណាយលើការងារអេដស៍។
ទន្ទឹមនឹងនោះ ពីឆ្នាំ ២០២៣ ដល់២០៣០ ថវិកាមូលនិធិសកលក្នុងរង្វង់ ១៣ លានដុល្លារក្នុងមួយឆ្នាំ ដោយមិនគិតពីជំនួយដែលបានមកពី USAIDS ក៏នឹងត្រូវផ្តល់ជាជំនួយលើការងារអេដស៍ផងដែរ។
យោងតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឱ្យដឹងថា ក្រុមការងារនេះមានតួនាទី និងភារកិច្ច សិក្សា និងរៀបចំគោលនយោបាយ, សិក្សា និងវិភាគលើស្ថានភាពបច្ចុប្បន្ននៃការឆ្លើយតបអេដស៍, សិក្សា និងវិភាគអំពីប្រព័ន្ធជាតិ ចំណុចខ្វះខាត លើកសំណើកែសម្រួល។
ក្រុមការងារនឹងសិក្សា និងវិភាគពីតួនាទីរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ប្រជាជនគន្លឹះ អ្នកផ្ទុកមេរោគអេដស៍ក្នុងការឆ្លើយតប និងលុបបំបាត់អេដស៍, សិក្សា និងវិភាគពីតម្រូវការហិរញ្ញវត្ថុ, ពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដៃគូអភិវឌ្ឍន៍ ដើម្បីប្រមូលធាតុចូលក្នុងការតាក់តែងគោលនយោបាយ, ពិនិត្យជាប្រចាំលើភាពចាំបាច់ នៃការកែលម្អគោលនយោបាយ និងរាយការណ៍ជូន អាជ្ញាធរពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ។
ប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងនាទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ កាលពីថ្ងៃទី ១ ធ្នូ ឆ្នាំ ២០២២ ដោយបានបង្ហាញពីមោទនភាពដែលរាជរដ្ឋាភិបាលបានគ្រប់គ្រងការរីករាលដាលមេរោគឆ្លងនានា រួមទាំងមេរោគអេដស៍បានល្អផងដែរ និងបានអំពាវនាវដល់ជន រួមជាតិទាំងអស់ចូលរួមដើម្បីសម្រេចបានការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥៕